ជាតិ
សង្គមជាតិ
ដើមឆ្នាំ២០២១ ក្រសួងសាធារណការ ប្តូរទៅទីតាំងថ្មី, ទីតាំងចាស់ផ្ទេរឲ្យក្រសួងរ៉ែ
28, Dec 2020 , 1:15 pm        
រូបភាព
​អគារថ្មីរបស់​ក្រសួង​សាធារណការ និងដឹកជញ្ជូននៅក្នុងផ្លូវ​ជាសុផារ៉ា នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
​អគារថ្មីរបស់​ក្រសួង​សាធារណការ និងដឹកជញ្ជូននៅក្នុងផ្លូវ​ជាសុផារ៉ា នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនដែលមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នឹងផ្លាស់ប្តូរទៅទីតាំងថ្មីដែលស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយទីតាំងចាស់នឹងត្រូវផ្ទេរឲ្យក្រសួងរ៉ែ និងថាមពលវិញ។



លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ បុគ្គលិក និងមន្ត្រីទាំងអស់នឹងត្រូវផ្លាស់ពីកន្លែងចាស់ទៅកន្លែងថ្មីទាំងអស់។ នៅថ្ងៃទី២ និងថ្ងៃទី៣ គឺយើងត្រូវរៀបចំកន្លែង។ ថ្ងៃទី៤ គឺបុគ្គលិក និងមន្ត្រីចាប់ផ្តើមមកធ្វើការ និងថ្ងៃទី៥  អាចនឹងរៀបចំពិធីសូត្រមន្ត។

អ្នកនាំពាក្យក្រសួងសាធារណការបានបញ្ជាក់ថា ទីតាំងចាស់របស់ក្រសួងសាធារណការ នឹងផ្ទេរទៅឲ្យក្រសួងរ៉ែ និងថាមពលវិញ។ លោក វ៉ា ស៊ឹមសូរិយាបានថ្លែងដូច្នេះថា៖«រាជរដ្ឋាភិបាលបានប្រគល់ជូនទីតាំងចាស់របស់ក្រសួងសាធារណការ ទៅឲ្យក្រសួងរ៉ែ និងថាមពលវិញ»។

លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលនឹងយកទីតាំងចាស់របស់ក្រសួងសាធារណការ កែប្រែទៅជាក្រសួងរ៉ែ និងថាមពលវិញ។ លោក យស មុនីរ៉ាត់ មិនទាន់អាចបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលនឹងផ្ទេរមន្ត្រី និងបុគ្គលិករបស់ខ្លួនទៅបម្រើការនៅទីតាំងថ្មី(ក្រសួងសាធារការចាស់)នៅពេលណានៅឡើយទេ។

«យើងអត់ទាន់ដឹងច្បាស់នៅឡើយទេ ចាំមើលក្រសួងសាធារណការ គាត់រើហើយអ៊ីចឹងទៅ។ ថ្នាក់ដឹកនាំលោកនឹងពិនិត្យ ជួសជុល បោសសំអាត ទើបអាចទៅបម្រើការបាន»។ នេះជាការលើកឡើងរបស់លោក យស មុនីរ៉ាត់ដែលបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលមិនមែនបោះបង់ចោលទីតាំងចាស់ដែលស្ថិតនៅផ្លូវប៉ាស្ទ័រ ខណ្ឌដូនពេញ រាជធានីភ្នំពេញនោះទេ គឺគ្រាន់តែក្រសួងផ្ទេរមន្រ្តី និងបុគ្គលិកខ្លះទៅបម្រើការនៅទីតាំងថ្មី(ក្រសួងសាធារណការចាស់) ហើយទីតាំងក្រសួងរ៉ែ នឹងនៅតែដំណើរការដដែល៕

Tag:
 ក្រសួងសាធារណការ
  ទីតាំងថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com