COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង​ព​ន្លឿ​ន​នីតិវិធី​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង ស្របពេល​រកឃើញ​កូ​វីដ​-១៩ ពី​អង់គ្លេស​
28, Dec 2020 , 2:00 pm        
រូបភាព
ប្រជាជនកូរ៉េខាងត្បូង ឈរតម្រង់ជួរ ដើម្បីធ្វើតេស្តលើកូវីដ-១៩ ។ រូបភាព៖ Reuters
ប្រជាជនកូរ៉េខាងត្បូង ឈរតម្រង់ជួរ ដើម្បីធ្វើតេស្តលើកូវីដ-១៩ ។ រូបភាព៖ Reuters
​រដ្ឋាភិបាល​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៨ ខែធ្នូ បាន​សន្យា​ព​ន្លឿ​ន​នីតិវិធី​មួយចំនួន​លើ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ស្របពេល​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ទម្រង់​ថ្មី​ដែល​ឆ្លង​មកពី​អង់គ្លេស​។ 

 
​តាម​ការអះអាង​របស់​ទីភ្នាក់ងារ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង (KDCA) កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៨ ខែធ្នូ បាន​រកឃើញ​ទម្រង់​ថ្មី​វីរុស​លើ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣​នាក់ ដែល​ត្រលប់​មកពី​អង់គ្លេស​។ អ្នក​ទាំងបី​នេះ ត្រូវបាន​ដាក់​ច​ត្តា​ឡី​ស័ក​តាំងពី​ត្រលប់​មកដល់​កូរ៉េខាងត្បូង​។ ក្នុង​ថ្ងៃ​ដដែល​នេះ កូរ៉េខាងត្បូង បានប្រកាសថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨០៨​ករណី​។​
 
​ការធ្លាក់ចុះ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃនេះ ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងត្បូង អះអាងថា អាច​បណ្តាលមកពី​ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ តិចតួច​នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ណូអែល​។ តួលេខ​សរុប​របស់​កូរ៉េខាងត្បូង មាន​ចំនួន ៥៧៦៨០​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៨១៩​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​កើន​ដល់​ចំនួន ៣៩២៦៨ នាក់​។ 
 
​ជុំវិញ​ករណី​ឆ្លង​ហក់​ឡើង រួមទាំង​ការយឺតយ៉ាវ​នៃ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​រង​ការរិះគន់​យ៉ាងខ្លាំង​។ បើ​ធៀប​នឹង​អាមេរិក និង​អង់គ្លេស​ដែល​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​រួចហើយនោះ កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​កូរ៉េខាងត្បូង អាច​យឺត​ជាង​រហូតដល់​ទៅ ២ ឬ​៣​ខែ​ឯណោះ​។ 
 
​ចំណែក​អត្រា​នៃ​ការមិន​ពេញចិត្ត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន ក៏​កើន​ខ្ពស់​ផងដែរ​។ ការ​ស្ទង់​របស់​ស្ថាប័ន Realmeter ពី​ប្រជាជន​ច ២០០៨​នាក់ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ក្នុង​រយៈពេល ៤​ថ្ងៃ បាន​បង្ហាញថា ៣៦,៧​ភាគរយ​ប៉ុណ្ណោះ​ពេញចិត្ត​ការដឹកនាំ​របស់​លោក មូ​ន​។ ចំនួន​នេះ បាន​ធ្លាក់ចុះ​ចំនួន ២,៨​ភាគរយ បើ​ធៀប​នឹង​សប្តាហ៍​មុន​។ អត្រា​នេះ ជា​ចំនួន​គាំទ្រ​ដែល​ទាប​បំផុត​សម្រាប់​លោក មូ​ន ចាប់ពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី នៅក្នុង​ខែឧសភា ឆ្នាំ​២០១៧​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ដើម្បី​អាច​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង​ទទួល​វ៉ាក់សាំង​បាន​កាន់តែ​ឆាប់ ក្រសួង​សុវត្ថិភាព​អាហារ និង​ឱសថ  នឹង​ព​ន្លឿ​ន​ការងារ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​។ នីតិវិធី នឹង​បង្រួម​មក​ត្រឹមតែ​៤០​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​នីតិវិធី​ម្ម​តា​មាន​រហូតដល់​ទៅ​១៨០​ថ្ងៃ​។ ចំណែក​នីតិវិធី​ចែកចាយ​វ៉ាក់សាំង ដែល​ត្រូវ​ប្រើ​រយៈពេល​ជាច្រើន​ខែ នឹងត្រូវ​កាត់បន្ថយ​ត្រឹម​រយៈពេល ២០​ថ្ងៃ​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣ ខែមករា​ខាងមុខ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង នឹង​សម្រេច ថា​តើ​ត្រូវ​ដំឡើង​វិធាន​រក្សា​គម្លាត​សុវត្ថិភាព​ទៅ​កម្រិត​៣​ឬ​អត់ ខណៈពេល​បច្ចុប្បន្ន តំបន់​ដែលមាន​ករណី​ឆ្លង​ខ្ពស់ ដូចជា​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល អនុវត្ត​វិធាន​ទប់ស្កាត់​កម្រិត​២,៥ និង​តំបន់​ផ្សេងទៀត​អនុវត្ត​កម្រិត​២​។ វិធាន​រក្សា​គម្លាត​សុវត្ថិភាព​នេះ មាន​ចំនួន ៥​កម្រិត​៕ 

Tag:
 ​កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com