ជាតិ
សង្គមជាតិ
បណ្ណ​សមធម៌​៖ សម្ដេច ស ខេង ហាម​មន្ត្រី​ឃុបឃិត​គ្នា បញ្ចូល​តែ​សាច់ញាតិ​ខ្លួន ជា​គ្រួសារ​ក្រីក្រ
28, Dec 2020 , 2:56 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
​ភ្នំពេញ​៖ រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង ហាម​ម​ន្រី្ត​មូលដ្ឋាន​យោគយល់​និង​ឃុបឃិត​គ្នា ដាក់បញ្ចូល​សាច់ញាតិ​ឬ​អ្នក​ស្គាល់គ្នា ជា​ជនក្រីក្រ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ឡើយ​។ ការណែនាំ​របស់​សម្ដេច ស ខេង នេះ ធ្វើឡើង​ក្រោយពី​ក្រសួងផែនការ​រកឃើញ​ភាពមិនប្រក្រតី​ជាង​១.៤​ម៉ឺន​ករណី ដោយ​ក្នុង​នោះបាន​រកឃើញថា មាន​ករណី​យោគយល់ ឃុបឃិត​គ្នា និង​គ្រួសារ​ក្រីក្រ​ខ្លះ​មាន​ជីវភាព​ប្រសើ​ឡើងវិញ​។



​ដើម្បី​ឲ្យ​ដំណើរការ​អនុវត្ត​កម្មវិធី​ឧ​ប​ត្ត​ម្ភ​សាច់ប្រាក់​ជុំ​ទី​៤ ប្រព្រឹត្ត​ទៅដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌ សម្ដេច ស ខេង ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​អនុវត្ត​កា​រារ​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ​។ 
 
​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង នៅ​ថ្ងៃទី​២៨ ធ្នូ យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវធ្វើ​ការណែនាំ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស មេភូមិ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវ​ពង្រឹង​ការបំពេញ​ការងារ​កំណ​ត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុងអំឡុងពេល​នៃ​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ខ្ជាប់ខ្ជួន​បំផុត​។ ហើយ​ត្រូវ​ចៀសវាង​ឲ្យ​ខាងតែបាន​នូវ​ការយោគយល់ និង​ឃុបឃិត​គ្នា​ដើម្បី​ដាក់បញ្ចូល​ក្រុមគ្រួសារ សាច់ញាតិ មិត្ត​ភ័ក្តិ ឬ​អ្នក​ស្គាល់គ្នា ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​...»​។ 
 
​សម្ដេច ស ខេង ក៏បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​ចំពោះ​អាជ្ញាធរ​ណា ដែល​អនុវត្ត​មិន​ប្រក្រតី​លើ​ការបើកប្រាក់​ឧបត្ថម្ភ​ឲ្យ​ម៉ឺ​ត​ម៉ាត់​ផងដែរ​។ កន្លងមក​សម្ដេចនាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ពិនិត្យ​លើ​ករណី​ធ្វើ​បណ្ណ​សមធម៌​ឲ្យ​បាន​ហ្មត់ចត់​ដែរ ពិសេស​ករណី​ម​ន្រី្ត​ឃុបឃិត​គ្នា​ចេញ​បណ្ណសម​ធម៌​ឲ្យ​សាច់ញាតិ ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ​។ 
 
 ក្រុមការងារ​ក្រសួងផែនការ​ងារ បាន​ដក​បណ្ណ​សមធម៌​ពី​ពលរដ្ឋ​ក្រីក្រ​ជាង​១.៤​ម៉ឺន​គ្រួសារ ដោយសារ​រកឃើញ ភាពមិនប្រក្រតី​មួយចំនួន និង​ជីវភាព​ប្រសើរ​ឡើងវិញ​។ លោក ស្រី ដា អ្នកនាំពាក្យ​ក្រសួងផែនការ​ងារ​អះអាង​កាលពី​ថ្ងៃទី​២៤​ធ្នូ​នេះថា ភាពមិនប្រក្រតី​ខ្លះ​ដែល​កើតមាន គឺជា​យោគយល់​និង​ការឃុបឃិត​គ្នា​។ លោក​អះអាងថា ក្រុមការងារ​តែងតែ​ចុះ​ពិនិត្យ​ភាពមិនប្រក្រតី និង​ធ្វើ​បណ្ណ​សមធម៌​បន្ថែម​ដល់​ពលរដ្ឋ​។ 
 
​កន្លងមក​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច ក៏​ធ្លាប់​បញ្ជាក់ដែរថា គ្រួសារ​ដែល​កាន់​បណ្ណ​សមធម៌​រកឃើញ​ភាពមិនប្រក្រតី​ទាំងអស់ គឺ​ត្រូវបាន​ហូត​បណ្ណ​វិញ ហើយ​បញ្ឈប់​ការ​ឧ​ប​ត្ត​ម្ភ​ប្រចាំខែ​។ ដោយឡែក​ប្រាក់​ដែល​គ្រួសារ​ទាំងនោះ​បាន​បើក​យក​កន្លងមក គឺ​ក្រុមការងារ​មិន​ប្រមូល​ត្រឡប់​យក​វិញ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​តវ៉ា​ណាមួយ​កើតឡើង​។ 
 
​បើតាម​លោក តូច ចាន់នី បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​នេះ ភាគច្រើន​មកពី​ពលរដ្ឋ​បន្លំ​ជា​ជនក្រីក្រ​, កន្លែង​ដក​ប្រាក់​បន្លំ​ដក​សេវាកម្ម ,​បាត់​បណ្ណ​សមធម៌ និង​ពលរដ្ឋ​ខ្លះ​ផ្លាស់ប្តូរ​ជីវភាព​ប្រសើរឡើង​ជាដើម​។​
 
​សូមជម្រាបថា រដ្ឋាភិបាល​បានសម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជុំ​ទី​៤ ដល់​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ មាន​រយៈពេល​៤​ខែ​បន្ថែមទៀត ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០២១​។ ការសម្រេច​បន្ត​កម្មវិធី​នេះ គឺ​ដើម្បី​ជួយ​លើកស្ទួយ​និង​រក្សា​លំនឹង​ជីវភាព​ពលរដ្ឋ​នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩៕ 
 

Tag:
 បណ្ណសម​ធ​ម៌់​
© រក្សាសិទ្ធិដោយ thmeythmey.com