ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង២១៦ហិកតាបន្ថែម ឲ្យទៅឯកជន
28, Dec 2020 , 3:30 pm        
រូបភាព
ទិដ្ឋភាពបឹងតាមោក ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ (រូបដោយសហការី)
ទិដ្ឋភាពបឹងតាមោក ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ (រូបដោយសហការី)
មានសេចក្តីជូនដំណឹង (សជណ) ថ្មី២បន្ថែមទៀតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅឯកជន។ សជណទាំង២នេះ ត្រូវបានផ្ញើជូនទៅប្រធានស្ថានប័ន៤ គឺ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងធនធានទឹក និង អភិបាលរាជធានីភ្នំពេញ។



សជណទី១ ចុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា ប្រគល់ទៅឲ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ ខ្លឹមសារនៃសជណនេះ ត្រូវបានផ្សាយដោយកាសែតរស្មីកម្ពុជា។

បើតាមសជណខាងលើ រដ្ឋាភិបាល មិនមែនប្រគល់ផ្ទៃបឹងតាមោក២០ហិកតាឲ្យទៅលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ទទេៗនោះទេ គឺមានការដោះដូរជាមួយគ្នា ដោយរដ្ឋាភិបាល ប្រគល់ផ្ទៃបឹងតាមោក២០ហិកតា ឲ្យទៅអ្នកទាំង២ ហើយអ្នកទាំង២ ប្រគល់ដីរបស់ខ្លួន ដែលមានទំហំជាង១,៥ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរដ្ឋាភិបាលវិញ។

លើសពីនេះ ពួកគាត់ទាំង២ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន សង់អគារទីបញ្ជាការមួយ ដែលមានទំហំ២១,៧ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ នៅលើផ្ទៃដីជាង១,៥ពាន់ម៉ែត្រការ៉េនោះ ជាមួយនឹងការបំពាក់សម្ភារបរិក្ខារចាំបាច់នានា។ នេះបើផ្នែកលើសជណដដែល ដោយកំណត់ថា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាល លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រូវចាប់ផ្តើមសង់អគារទីបញ្ជាការនេះឲ្យរួចរាល់ក្នុងរយៈពេល១៨ខែ ហើយប្រគល់ទៅឲ្យសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ថា លោក មិនទាន់បានទទួលព័ត៌មានពីការដោះដូរគ្នារវាងរដ្ឋាភិបាល ជាមួយលោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់ធី នោះទេ ដូច្នេះ លោក មិនទាន់អាចអត្ថាធិប្បាយអ្វីច្រើនឡើយ។ លោក គ្រាន់តែបញ្ជាក់ថា វា ជារឿងធម្មតា ដែលរដ្ឋាភិបាល ត្រូវរកទីតាំងសមរម្យ ដើម្បីឲ្យមន្រ្តីរាជការ មានភាពងាយស្រួល ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ឬដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងទៅរកសេវានានា ពីមន្រ្តីរាជការ។

រីឯ ខ្លឹមសារនៃសជណទី២ ចុះនៅទី២៤ ខែធ្នូ ឆ្នាំ២០២០  ត្រូវបានចុះផ្សាយដោយគេហទំព័រអចលនទ្រព្យមួយឈ្មោះ propertyarea។ សជណទី២នេះ បានបង្ហាញថា ផ្ទៃបឹងតាមោកជាង១៩៦ហិកតា (១៩៦,៥៦៥៩ហិកតា) ត្រូវបានរដ្ឋាភិបាល កាត់ទៅឲ្យអ្នកស្រី អ៊ុយ បូវី និង អ្នកស្រី គង់ សុធី។

លោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាអ្នកចេញសជណទាំង២ខាងលើ ជួសលោក ប៊ិន ឈិន ជារដ្ឋមន្រ្តី។ ពេលសាកសួរថា​តើរដ្ឋាភិបាលពិតជាបានចេញសជណទាំង២នេះមែនឬទេ លោក កែន សត្ថា ផ្តល់ចម្លើយដល់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះដូច្នេះថា៖«ចុះឃើញអ៊ីចឹងហើយ វា អ៊ីចឹងហើយ... ឲ្យថាម៉េចទៀត!»។

ចំពោះសជណទី២ លោក កែន សត្ថា ពុំបានបញ្ជាក់លម្អិតឡើយថា រដ្ឋាភិបាល ប្រគល់ផ្ទៃបឹងតាមោកជាង១៩៦ហិកតានោះ ជូនទៅអ្នកស្រី អ៊ុយ បូវី និងអ្នកស្រី គង់ សុធី ដើម្បីដោះដូរអ្វីមួយ ឬក៏ប្រគល់ឲ្យតែម្តង ដោយគ្មានការដោះដូរ។ លោក មានប្រសាសន៍បែបនេះថា៖«...មើលតាមហ្នឹងទៅ ធ្វើតាមខ្លឹមសារហ្នឹងទៅ បើឃើញអាហ្នឹង ដាក់ថាម៉េច [គឺ] អ៊ីចឹង អត់មានអ្នកណាធ្វើអីខុសពីហ្នឹងទ។ គេ សរសេរក្នុងហ្នឹងយ៉ាងម៉េច គឺអីចឹង»។

មកដល់ពេលនេះ មានអនុក្រឹត្យនិងសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចំនួន៩លើកហើយ ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅស្ថាប័នរដ្ឋនិងវិស័យឯកជន។ ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់ទាំង៩លើកនោះ មានទំហំសរុបប្រមាណ៧០២ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ យ៉ាងណា ការអភិវឌ្ឍឬការសាងសង់សំណង់ណាមួយ លើផ្ទៃបឹងតាមោក មិនទាន់លេចជារូបរាងនៅឡើយទេ។

ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់ទាំង៧លើកកន្លងមក រួមមាន៖

លើកទី១ នៅថ្ងៃទី២ ខែសីហា ២០១៨ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែ និងធ្វើជាកន្លែងចតរថយន្ត។

លើកទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាល ផ្តល់ផ្ទៃបឹងតាមោក៧៥ហិកតា ឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ និង៨ហិកតា ឲ្យទៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាងសង់អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានានៃនាយកដ្ឋាននេះ។

លើកទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។

លើកទី៤ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង១០ហិកតា ឲ្យអ្នកស្រី ជា សុផាម៉ាដែន។

លើកទី៥ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០០ហិកតា ឲ្យក្រសួងការពារជាតិ ដើម្បីបង្កើតទីតាំងអគ្គបញ្ជាការដ្ឋានថ្មីនៃកងយោធពលខេមរភូមិន្ទ។ 

លើកទី៦ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង៣៨ហិកតា ឲ្យក្រសួង-ស្ថាប័ន៤ សម្រាប់សាងសង់ទីស្នាក់ការថ្មី និងវិស័យឯកជន១ សម្រាប់កាន់កាប់ជាកម្មសិទ្ធិ។

ក្នុងចំណោម៣៨ហិកតានោះ ជាង៨ហិកតា កាត់ឲ្យលោក សេង វុទ្ធី ធ្វើជាកម្មសិទ្ធិ  (ផ្នែកឯកជន) ១៥ហិកតា ផ្តល់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្តីការថ្មីនៃក្រសួងនេះ ហើយ១៥ហិកតាទៀត ប្រគល់ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្រាប់សង់ទីស្នាក់ការថ្មីនៃស្ថាប័នទាំង៣នេះ។ គេ ពុំទាន់ឃើញរដ្ឋាភិបាល បែងចែកលម្អិតនោះទេថា ស្ថាប័នទាំង៣នេះ ក្នុងស្ថាប័ននីមួយៗ ទទួលបានទំហំផ្ទៃបឹងប៉ុន្មាន ក្នុងចំណោមផ្ទៃបឹងទាំង១៥ហិកតា។  

លើកទី៧ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៨ហិកតា ឲ្យទៅក្រសួងយុត្តិធម៌។

កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកំណត់ផ្ទៃបឹងតាមោកឬបឹងកប់ស្រូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ផ្នែកតាមអនុក្រឹត្យ បឹងតាមោក ដែលស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃជាង៣,២ពាន់ហិកតា៕

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com