អន្តរជាតិ
លោក ស៊ូ​ហ្កា ថា អត់​ទាន់​គិត​រឿង​ប្រជែង​តំណែង​អាណត្តិ​ក្រោយ តែ​ផ្តោត​រឿង​ប្រយុទ្ធ​កូ​វីដ​-១៩
28, Dec 2020 , 9:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ  ជួបជាមួយអ្នកសារព័ត៌មាននៅការិយាល័យលោកក្នុងទីក្រុង តូក្យូ នាថ្ងៃទី ២៤ ខែធ្នូ ។ រូបពី Kyodo
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ជួបជាមួយអ្នកសារព័ត៌មាននៅការិយាល័យលោកក្នុងទីក្រុង តូក្យូ នាថ្ងៃទី ២៤ ខែធ្នូ ។ រូបពី Kyodo
ដោយ:
នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នៅ​ថ្ងៃទី​២៧ ខែធ្នូ បាន​បដិសេធ​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​រឿង​ប្រជែង​តំណែង​អាណត្តិ​ក្រោយ ខណៈ​ប្រជាប្រិយភាព​លោក​ធ្លាក់ចុះ ដោយសារ​ចំណាត់ការ​រដ្ឋាភិបាល​លោក​ប្រឆាំង​កូ​វីដ​-១៩​។ លោក អះអាងថា បច្ចុប្បន្ន កិច្ចការ​ស្នូល​គឺ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩​។

 
 
​អំឡុងពេល​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​ថ្ងៃទី​២៧ ខែធ្នូ លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ត្រូវបាន​សាកសួរ​អំពី​ការចូល​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​កាន់អំណាច ប្រជាធិបតេយ្យ​សេរី (LDP) ។ លោក ស៊ូ​ហ្កា ឆ្លើយតប​វិញ​ថា​៖«​ខ្ញុំ​នឹង​ផ្ដោត​សំខាន់​លើ​ការងារ​ដ៏​មមាញឹក​របស់ខ្ញុំ រាល់ថ្ងៃ​»​។ ត្រង់ចំណុច​នេះ លោក​ចង់​សំដៅលើ​ការប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​សម្លាប់​ម​នុស្ស​៣០៦២​នាក់ និង​ចម្លង​ជាង​២១​ម៉ឺន​នាក់​នៅ​ជប៉ុន​។ 
 
​លោក ស៊ូ​ហ្កា បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​ខែកញ្ញា ដោយ​កាន់​អាណត្តិ​សេសសល់​ពី​លោក ស៊ិន​ហ្សូ អា​បេ ដែល​នឹង​អស់​នា​ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខ​។ ទោះបីជា​លោក​អាច​ស្នើ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ទូទៅ មុនពេល​អាណត្តិ​សភា​តំណាង​បញ្ចប់​នា​ថ្ងៃទី ២១ ខែតុលា​ឆ្នាំក្រោយ លោក​ត្រឹមតែ​បញ្ជាក់ថា លោក​ចង់​ប្រាកដថា​លោក​សម្រេច​ជោគជ័យ​តាម​ការសន្យា​សិន​។​
 
​ការអះអាង​នេះ ធ្វើឡើង​ខណៈ​ករណី​ជំងឺ​កូ​វីដ​-១៩ បន្ត​កើន​ឡើងជា​លំដាប់ និង​ការគាំទ្រ​លើ​រដ្ឋាភិបាល​របស់លោក​បន្ត​ដាំ​ក្បាល​ចុះ​។ នេះ​គឺជា​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការឆ្លើយតប​របស់​ពល​រដ្ឋ​ជប៉ុន​លើ​ចំណាត់ការ​របស់លោក ស៊ូ​ហ្កា ។ 
 
​យោងតាម​ការស្ទង់មតិ​របស់​កាសែត Nikkei Asia ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ការគាំទ្រ​សាធារណៈ​លើ​រដ្ឋាភិបាល​លោក​ស៊ូ ហ្កា បាន​ធ្លាក់ចុះ​យ៉ាងគំហុក​មក​ត្រឹម ៤២​ភាគរយ ដែលជា​ការថយចុះ ១៦​ភាគរយ បើ​ធៀប​នឹង​ការស្ទង់មតិ​លើក​មុន ដែល​ធ្វើឡើង​ក្នុង​ខែវិច្ឆិកា​។ 
 
​និយាយ​ដល់​ការ​ថមថយ​ប្រជាប្រិយភាព លោក ស៊ូ​ហ្កា កាលពី​ថ្មីៗ​នេះ ក៏​រង​ការរិះគន់​ចាស់ដៃ​ក្រោយ​បាន​ចូលរួម​កម្មវិធី​ជួបជុំ​ដំណាច់ឆ្នាំ​មួយ ទោះបីជា​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ជប៉ុន​កុំ​ឲ្យ​ជួបជុំ ក្នុងពេលដែល​ករណី​ឆ្លង​កូ​វីដ​-១៩​ក្នុងប្រទេស​ហក់​ឡើង​ខ្ពស់​ក្ដី​។​
 
​ទាក់ទិន​នឹង​ចំណាត់ការ​កូ​វីដ​-១៩​ចុងក្រោយ លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ហ្កា កាលពី​ថ្ងៃទី​២៥ ខែធ្នូ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជប៉ុន​ចំណាយពេល​អំឡុង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២១​ដោយ​ស្ងៀមស្ងាត់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលរាល​ជំងឺ​កូ​វីដ​-១៩ និង​បង្ការ​ការដួលរលំ​នៃ​ប្រព័ន្ធ​សុខាភិបាល​។ ខណៈ​ធ្លាប់​កាន់តំណែង​ជា​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​អស់​ពេល​ជិត​៨​ឆ្នាំ លោក​ស៊ូ​ហ្កា អះអាងថា លោក​នៅតែ​ពេញចិត្ត​ធ្វើការ​ទោះ​ស្ថិតក្នុង​អំឡុង​រដូវ​កាល​ឈប់សម្រាក​៕  
 
 

Tag:
 ជប៉ុន​
  ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ
© រក្សាសិទ្ធិដោយ thmeythmey.com