ជាតិ
បន្លែ​គម្រោង​អា​ស្ប៉ា​យ​នៅ​កោះកុង មានតម្លៃ​ខ្ពស់ ដោយសារ​តម្រូវការ​ច្រើន​
29, Dec 2020 , 8:59 am        
រូបភាព
ដោយ:
​កសិករ​ក្នុង​ខេត្តកោះកុង ចាប់ផ្ដើម​ចាប់អារម្មណ៍​ដាំ​បន្លែ ព្រោះ​មានតម្លៃ​ខ្ពស់ ហើយ​មិនសូវមាន​អ្នក​ដាំ​។ កសិករ​ចាប់ផ្ដើម​ចូល​ជា​សមាជិក បណ្តុំ​អាជីវកម្ម​បន្លែ ដែល​ធន់​និង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​កម្មវិធី អា​ស្ប៉ា​យ ព្រោះ​អាច​ទទួលបាន​ការបណ្ដុះ​បណ្ដាល​បច្ចេកទេស​កសិក​ម្ម និង​មិន​ព្រួយបារម្ភ​ចំពោះ​ទីផ្សារ​។

 
​បើតាម​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កសិករ​ក្នុង​ខេត្តកោះកុង ភាគច្រើន បានជ្រើសរើស​ដាំ បន្លែ ស្ពៃក្រញាញ់ សាលាដ​ត្រកួន តាសក់ ត្រឡាច ផ្ទី ព​ពាយ ពោត​បារាំង និង​កូន​ស្ពៃ​ខ្មៅ ជាដើម​។ ក្នុងនោះ​កសិករ អាច​លក់​ស្ពៃក្រញាញ់ ក្នុងតម្លៃ ៥០០០​រៀល ក្នុង​មួយ​គីឡូក្រាម​, សាលាដ ៧ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​, ត្រកួន ៥ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​, តាសក់ ៣ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​, ត្រឡាច ៥ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​, ផ្ទី ៨ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​, ព​ពាយ ៨ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម និង​ស្ពៃ​ខ្មៅ ៨ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​


បន្លែរបស់កសិករនៅខេត្តកោះកុងក្នុងគម្រោងអាស្ប៉ាយ (រូបភាពពីហ្វេសប៊ុកមន្ទីរកសិកម្មខេត្តកោះកុង) 

​លោក សុខ សំអាត ជា​អនុប្រធាន​មន្ទីរ​កសិកម្ម និង​ជា​កសិករ​ម្នាក់ ក្នុង​បណ្ដុំ​អាជីវកម្ម​ដាំ​ដុះ​បន្លែ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា ក្នុង​ខេត្តកោះកុង បច្ចុប្បន្ន​មាន​អ្នក​ដាំ​បន្លែ​កើនឡើង ព្រោះ​ក្នុង​ខេត្ត​មាន​តម្រូវការ​ច្រើន និង​តម្លៃ​ថ្លៃ​ជាង​ខេត្ត​នានា​។ កសិករ​រូបនេះ បាន​ដាំ​បន្លែ​មានការ វិលជុំ តាម​រដូវ ដោយ​មិន​ដាំ​ដំណាំ​ដដែលៗ នោះទេ ដោយមាន​ការផ្លាស់ប្ដូរ មុខ​បន្លែ​ជានិច្ច បន្លែ​ប្រភេទ​ស្ពៃ សាលាដ និង​ពោត​បារាំង ជាដើម​។​
 
​ដ្បិត​បច្ចុប្បន្ន​ខេត្ត​មួយចំនួន បន្លែ​មាន​បញ្ហា​ទីផ្សារ ក៏ពិតមែន តែ​សម្រាប់​ខេត្តកោះកុង នៅ​មិនទាន់​អាច​ផ្គត់ផ្គង់ តាម​តម្រូវការ​នោះទេ សម្រាប់​បន្លែ​ដែល​កសិករ ក្នុង​ខេត្តកោះកុង ផលិត​បាន​មិនដែល​ខ្វះ​ទីផ្សារ​នោះទេ ហើយ​បន្លែ​មួយចំនួន បាន​នាំ​មកពី​រាជធានី​ភ្នំពេញ និង​ប្រទេសជិតខាង ដូច​ប្រទេស​ថៃ នៅឡើយ​។ នេះ​បើតាម​លោក សុខ សំអាត​៕


 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com