ជាតិ
សេដ្ឋកិច្ច
«​ត្រី​ពោ​»​ឡើងថ្លៃ​បន្តិច​វិញ ខណៈ​ត្រី​ផ្សេង​បន្ត​ចុះថោក ព្រោះ​ឈ្មួញ​ឱ្យ​ថ្លៃ​ទាប ដូច​ត្រី​វៀតណាម​
28, Dec 2020 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ត្រី​ពោ​រប​ស់វា​រី​វប្បករ បាន​ឡើងថ្លៃ​បន្តិចបន្តួច​វិញ ខណៈ​ប្រភេទ​ត្រី​ផ្សេងៗ​បន្ត​ចុះថោក​ដដែល ព្រោះតែ​ឈ្មួញ​​ឱ្យ​ថ្លៃ​បោះ​ដុំ​ស្មើនឹង​ត្រី​របស់​វៀតណាម​។ បើតាម​លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សហគម​វា​រី​វប្បករ​កម្ពុជា ត្រី​ពោ​ចិញ្ចឹម​ក្នុងស្រុក​បាន​ឡើងថ្លៃ​ពី​៥០០០​ដល់​ត្រឹម​រង្វង់​៦០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម នា​រយៈពេល​៤-៥​ថ្ងៃ​ចុង​ក្រោយនេះ​។  ប៉ុន្តែ ការឡើង​ថ្លៃ​នៃ​ប្រភេទ​ត្រី​ពោ​នេះ គឺ​នៅតែ​ថោក​ដដែល បើ​ធៀប​នឹង​ឆ្នាំមុនៗ​។​


​ឆ្នាំ​២០១៩​កន្លងមក  ត្រី​ពោ​ដែល​កសិករ​ចិញ្ចឹម​ក្នុងស្រុក មានតម្លៃ​មិន​ក្រោម​ពី​៧,០០០​ទៅ​៨,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ នេះ​ជាការ​អះអាង​របស់លោក​សុថា​វរិ​ទ្ធិ និង​លោក ទូច បូ​ណា អ្នក​ចិញ្ចឹម​ត្រី​ពោ នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល  ប្រាប់​សារព័ត៌មាន​ថ្មីៗ ដែល​ពាក់ព័ន្ធ​នឹង​តម្លៃ​ត្រី​ចិញ្ចឹម​គ្រប់​ប្រភេទ​កំពុង​ចុះថោក​ខ្លាំង មិនដែល​ធ្លាប់មាន​ពីមុនមក​ឡើយ​។ លោក​សុថា​វរិ​ទ្ធិ បាន​ពន្យល់​មូលហេតុ​ដែល​ត្រី​ពោ បាន​ឡើងថ្លៃ​បន្តិច​វិញ​ដូច្នេះ​៖« ការនាំ​ចូល​ត្រី​ពោ​ពី​វៀតណាម មាន​ចំនួន​តិចជាង​មុន  ព្រោះ​ដល់​រដូវ​មិនសូវ​សម្បូរ​ត្រី​ប្រភេទ​នេះ​»​។ 
 
​លោក សុថា​វរិ​ទ្ធិ បាន​បញ្ជាក់ថា ក្រៅពី​ត្រី​ពោ ដែល​បាន​ឡើងវិញ​បន្តិច​វិញ​នេះ  ប្រភេទ​ត្រី​ផ្សេងៗ​នៅតែមាន​តម្លៃថោក​ដដែល  ដូចជា​ត្រី​ប្រា​, ត្រី​ឆ្តោ និង​ត្រី​ឆ្ពិន​, ត្រី​ក្រាញ់​។ ជាពិសេស​គឺ ត្រី​អណ្តែង ព្រោះ​ឈ្មួញ​ដែល​បាន​សន្យា​ជាមួយនឹង​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា កាលពី​ថ្ងៃទី​២៥​ធ្នូ ឆ្នាំ​២០២០ ថា នឹង​ជួយប្រមូល​ទិញ​របស់​វា​រី​វប្បករ​ក្នុងស្រុក​នោះ គឺ​បានឱ្យ​តម្លៃ​ត្រី​របស់​កសិករ ថោក​ស្មើនឹង​ត្រី​នាំចូល​ពី​រៀ​ត​ណា​ម ទៅតាម​ប្រភេទ​ត្រី​នីមួយៗ​។ 
 
​បើតាម លោក សុថា​វរិ​ទ្ធិ ក្នុងចំណោម​ឈ្មួញ​ត្រី​ប្រមាណ​១០​នាក់ ដែល​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា នៃ​ក្រសួងកសិកម្ម បានស្នើ​ឱ្យ​ផ្អាក​យក​ត្រី​វៀតណាម​បណ្តោះអាសន្ន​សិន​នោះ គឺមាន​តែ​២​នាក់​ប៉ុណ្ណោះ ដែល​ព្រម​ប្រមូល​ទិញ​ត្រី​អណ្តែង ត្រី​ប្រា និង​ត្រី​ឆ្តោ ពី​វា​រី​វប្បករ​។ ប៉ុន្តែ​ត្រី​ឈ្មួញ​ទាំងពីរ​នេះ ព្រម​ទទួល​ទិញ​ពី​កសិករ គឺ​ឱ្យ​តម្លៃថោក ស្មើនឹង​ត្រី​របស់​វៀតណាម​។ 


លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជា

​ឈ្មួញ​ប្រមូល​ទិញ​ត្រី​អណ្តែង​ពី​វា​រី​វប្បករ​ក្នុងស្រុក បានឱ្យ​តម្លៃ​ត្រឹម​៤០០០​ទៅ​៤,១០០​គីឡូក្រាម​ប៉ុណ្ណោះ​។ នេះ​ជា​ការឡើង​របស់លោក សុថា​វរិ​ទ្ធិ ដោយ​បន្ត​ដូច្នេះ​៖«​តម្លៃ​នេះ ឈ្មួញ​បាន​យក​តម្លៃ​ត្រី​នាំចូល​ពី​វៀតណាម​ដែល​ថោក​ជាង​យើង ធ្វើជា​គោល​នោះ គឺ​កសិករ​មិន​ព្រម​លក់​ឡើយ ព្រោះ​វា​ខាត​»​។ លោក បាន​អះអាងថា ត្រី​អណ្តែង​របស់​កសិករ​ខ្មែរ លក់​បោះ​ដុំ​បាន​មួយ​គីឡូ​បាន​តម្លៃ​៤,៥០០​រៀល​ឡើង ទើប​អាច​រួចខ្លួន ឬ រួច​ថ្លៃដើម​។​
 
​ការចិញ្ចឹម​ត្រី​របស់​កសិករ​នីមួយៗ គឺ​បាន​ចំណាយ​ថ្លៃដើម​ខ្ពស់ជាង​ត្រី​របស់​វៀតណាម ទាំង​ថ្លៃ​ពូជ​ត្រី​, ទាំង​ថ្លៃ​ចំណី​ត្រី និង​ទាំង​ថ្លៃ​ថ្នាំ​ព្យាបាល​ជំងឺ​និង​មេរោគ​ផ្សេងៗ​របស់​ត្រី​ជាដើម​...​។  នេះ​ជាការ​បញ្ជាក់​របស់លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ ដែល​បាន​អំពាវ​ដល់​ឈ្មួញ​ត្រី​គ្រប់រូប គួរតែ​យក​ថ្លៃដើម​ចិញ្ចឹម​ត្រី​របស់​កសិករ ជា​មូលដ្ឋាន​និង​ជា​គោល ក្នុង​ការកំណត់ថ្លៃ​លើ​ប្រភេទ​ត្រី​នីមួយៗ​នៅលើ​ទីផ្សារ​។ 
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក តាន់ វណ្ណា ដែលជា​ឈ្មួញ​សន្យា​ប្រមូល​ទិញ​ប្រភេទ​ត្រី​អណ្តែង​ពី​វា​រី​វប្បករ​ខ្មែរ​នានា បាន​លើកឡើងថា លោក​ទិញ​ត្រី​ពី​វា​រី​វប្បករ​នានា​ក្នុងតម្លៃ​៤០០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ដើម្បីឱ្យ​តម្លៃ​លក់​ចុងក្រោយ​នៅ​ទីផ្សារ​នានា មានតម្លៃ​សមរម្យ​សម្រាប់​ពលរដ្ឋ​ទិញ​ទទួលទាន​ប្រចាំថ្ងៃ​។ 
 
«​ត្រី​អណ្តែង​វៀតណាម យើង​ទិញ​មានតម្លៃ​តែត្រឹម​៣២០០​រៀល​ទេ​ក្នុង​មួយ​គីឡូក្រាម​, ប៉ុន្តែ​យើង​បង់ពន្ធ​ចូល​ខ្មែរ និង​ចំណាយ​ផ្សេងៗ មានតម្លៃ​៣៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​បោះ​លក់​បន្ត​ក្នុងតម្លៃ​៤,០០០​រៀល​»​។ នេះ​ជាការ​រៀបរាប់​របស់ លោក វណ្ណា អ្នកប្រមូល​ទិញ​ត្រី​អណ្តែង​របស់​វា​រី​វប្បករ​ក្នុងស្រុក ស្របតាម​សំណើរ​របស់​ក្រសួងកសិកម្ម​ក្នុងការ​ផ្អាក​យក​ត្រី​វៀតណាម​លក់​បណ្តោះអាសន្ន​សិន​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក វណ្ណា បាន​ពន្យល់​ដូច្នេះ​ថា​៖«​ខ្ញុំ​ទិញ​ត្រី​ពី​បងប្អូន​វា​រី​វប្បករ​ក្នុង​មួយ​គីឡូ​តម្លៃ​៤០០០​រៀល គឺ​មិន​ចំណេញ​ទេ បើ​ធៀប​នឹង​ត្រី​ការនាំ​ចូល​ត្រី​វៀតណាម ព្រោះ​តម្លៃ​មួយ​គីឡូក្រាម​៤០០០​រៀល​ហ្នឹង យើង​ចាប់ពី​ស្រះ ហើយ​បោះ​ដុំ​លក់​បន្ត​ឈ្មួញ​នានា​នៅ​ផ្សារ​ព្រែក​ព្នៅ បាន​តម្លៃ​ត្រឹម​៤១០០​រៀល ហើយ​ឈ្មួញ​ដែល​ទិញ​ត្រី​បន្ត​ពី​ខ្ញុំ យកទៅ​បោះ​លក់​ឱ្យគេ​ទៀត បាន​តម្លៃ​៤៣០០​ទៅ​៤៥០០​រៀល​ក្នុង​មួយ​គីឡូ ហើយ​នៅ​បោះ​ដុំ​២​ទៅ​៣​តង បាន​ដល់ដៃ​របស់​អ្នកទិញ​ហូប​»​។ 
 
​បើតាម​លោក វណ្ណា ត្រី​ដែល​ចាប់ពី​ស្រះ គឺ​ត្រូវ​បោះ​ដុំ​៣​ទៅ​៤​តង់​ពី​ឈ្មួញ​មួយ​ទៅ​ឈ្មួញ​មួយទៀត ដោយ​ទទួលបាន​ប្រាក់ចំណេញ​៣០០​ទៅ​៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម ទើប​ដល់​អ្នក​តម្លៃ​ទីផ្សារ​ចុងក្រោយ ដែល​ពលរដ្ឋ​ទិញ​ក្នុង មួយ​គីឡូក្រាម តម្លៃ​៥៥០០​រៀល​។ លោក​បាន​បន្ត​និយាយ​បែបនេះ​ថា​៖«​ខាង​ខ្ញុំ​អ្នក​បោះ​ដុំ​ធំ ខ្ញុំ​ត្រូវ​ត្រី​ពី​អត់​បាន​ថ្លៃ​ទេ តែបើ​បងប្អូន​លក់​ត្រី​ផ្ទាល់​ជាមួយ​ពលរដ្ឋ​នៅតាម​ភូមិ​អាច​លក់បាន​ថ្លៃ​ជាង​ខ្ញុំ​បន្តិច​ហើយ​។ ខ្ញុំ​ទិញ​ថោក  ក៏​លក់​ថោក ដើម្បី​តម្រូវ​ដល់​ពលរដ្ឋ​អ្នក​ហូប​ប្រចាំថ្ងៃ​»​។​
 
​ត្រី​ពោ របស់​វា​រី​វប្បករ​នានា ផ្តើម​ឡើងថ្លៃ​បន្តិច​វិញ បន្ទាប់​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ឱ្យ​ឈ្មួញ​ផ្អាក​យក​ច​កាលពី​ថ្ងៃទី​២៥​ធ្នូ ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​រវាង​ឈ្មួញ​ត្រូ​ប្រមាណ​១០​នាក់ និង​សមាគម​វា​រី​ប្បករ​នៅ​កម្ពុជា លោក ហាស់ សារ៉េត  ប្រធាន​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា បានស្នើ​ឱ្យ​ឈ្មួញ​គ្រប់រូប​ផ្អាក​យក​ត្រី​របស់​វៀតណាម​ចំពោះ​ប្រភេទ​ត្រី​ណា​ដែល​វា​រី​វប្បករ​ខ្មែរ​ចិញ្ចឹម​បា​ន៊​។  ដូចជា​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ និង​ត្រី​អណ្តែង​ជាដើម​៕ 
 

Tag:
 កសិកម្ម​
 ​វា​រី​វប្បករ​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com