COVID-19
អន្តរជាតិ
តុលាការ​ចិន កាត់ទោស​អ្នកកាសែត​ដែល​រាយការណ៍​ពី​ករណី​ផ្ទុះ​កូ​វីដ​-១៩ នៅ​វូ​ហាន ឲ្យ​ជាប់គុក​៤​ឆ្នាំ​
28, Dec 2020 , 10:39 pm        
រូបភាព
លោកស្រីZhang Zhan អ្នកកាសែតពលរដ្ឋ។រូបភាព៖Twitter
លោកស្រីZhang Zhan អ្នកកាសែតពលរដ្ឋ។រូបភាព៖Twitter
ដោយ:
​នៅ​ថ្ងៃទី​២៨ ខែធ្នូ តុលាការក្រុង​សៀង​ហៃ បាន​កាត់ទោស​ដាក់​គុន​បួន​៤​ឆ្នាំ​លើ​អ្នកកាសែត​ពលរដ្ឋ​ចិន​ម្នាក់ ចំពោះ​ការផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន និង​ការរិះគន់​ក្នុង​បណ្តាញ​សង្គម​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ចិន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​។

 
​លោកស្រី Zhang Zhan ជា​មេធាវី​ប្រែខ្លួន​ទៅជា​អ្នកសារព័ត៌មាន បាន​រាយការណ៍​យ៉ាង​លម្អិត​ពី​ស្ថានភាព​ដំណាក់កាល​ដំបូង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-19 នៅ​វូ​ហាន​។ លោកស្រី ត្រូវបាន​ឃាត់ខ្លួន​ខែឧសភា​។ 
 
​ក្នុង​សវនាការ​ថ្ងៃទី​២៨ ខែធ្នូ តុលាការ​មួយ​នៅ​ក្រុង​សៀង​ហៃ បាន​ផ្តន្ទាទោស​លោកស្រី Zhang ឲ្យ​ជាប់គុក​៤​ឆ្នាំ ក្រោយ​រកឃើញថា​លោកស្រី​មានទោស​ក្នុងការ​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក និង​បង្កបញ្ហា​។  លោក Zhang Keke មេធាវី​លោកស្រី Zhang និយាយ​បែបនេះ​នៅក្រៅ​តុលាការ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បន្តថា តុលាការ​ចាត់ទុក​ការចុះផ្សាយ​របស់លោក​ស្រី ជា​រឿង​ក្លែងក្លាយ​។​
 
​ក្នុង​សេចក្ដីរាយការណ៍​របស់​ខ្លួន លោកស្រី​បាន​ផ្សព្វផ្សាយ​បទ​យកការណ៍​ទាក់ទង​ស្ថានភាព​នៅ​វូ​ហាន និង​មាន​សំណេរ​រិះគន់​អាជ្ញាធរ​ចិន​។ ការផ្សព្វផ្សាយ​របស់លោក​ស្រី​ត្រូវបាន​ចែករំលែក​យ៉ាង​សុះសាយ​ក្នុង​បណ្តាញ​សង្គម​ចិន ដែល​ឈានទៅដល់​ការចាប់ខ្លួន​លោកស្រី​។ ក្នុង​សំណេរ​របស់ខ្លួន លោកស្រី Zhang រិះគន់​អាជ្ញាធរ​ចិន​យ៉ាង​ចាស់ដៃ​ក្នុង​ខែកុម្ភៈ និង​ចោទថា រដ្ឋាភិបាល​ពុំបាន​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់​ដល់​ពលរដ្ឋ ហើយ​សម្រេច​បិទ​ទីក្រុង​ទាំងមូល​តែម្តង ដែលជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​
 
​អ្នកកាសែត​ពលរដ្ឋ វ័យ​៣៧​ឆ្នាំ​រូបនេះ ចាប់ផ្តើម​បង្អត់អាហារ​នៅ​ខែមិថុនា​។ យោងតាម​មេធាវី លោកស្រី​ត្រូវបាន​បង្ខំ​ឲ្យ​ទទួលយក​អាហារ​ដោយ​បញ្ចូល​តាម​ច្រមុះ​។ បន្ថែម​ពីនេះ មុនពេល​កាត់ក្តី លោកស្រី​លើកឡើងថា បើសិនជា​តុលាការ​កាត់ក្តី​ឲ្យ​ជាប់ទោស​ធ្ងន់ធ្ងរ នោះ​លោកស្រី​នឹង​អត់​អាហារ​ដល់ទី​បញ្ចប់​។ ការ​បង្អត់អាហារ​នៅពេល​ជាប់ឃុំ ជា​វិធីសាស្ត្រ​ចុងក្រោយបង្អស់​របស់​អ្នកទោស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ចិន​។​
 
​អំឡុងពេល​សវនាការ រដ្ឋអាជ្ញា បាន​សុំ​ឲ្យ​ចៅក្រម​ដាក់ពន្ធនាគារ​អ្នកកាសែត​រូបនេះ​ពី​បួន​ទៅ​ប្រាំ​ឆ្នាំ​។ ប៉ុន្តែ លោកស្រី​នៅតែ​អះអាងថា លោកស្រី​ពុំបាន​ធ្វើ​ខុស​អ្វី​ឡើយ​។ លោកស្រី Zhang មិនមែនជា​មនុស្ស​ដំបូង​ដែល​អា​ជ្ញ​ធរ​ចិន​ខ្ទប់មាត់​ឡើយ​។ អាជ្ញាធ​ចិន ធ្លាប់បាន​ដាក់ទណ្ឌកម្ម​ដល់​មនុស្ស​ប្រាំបី​រូប​រួចមកហើយ ដែល​ទម្លាយ​ព័ត៌មាន​ស្តីពី​ការផ្ទុះ​ជំងឺឆ្លង និង​រិះគន់​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​ចិន​។​
 
«​អាជ្ញាធរ​ចង់យក​ករណី​របស់លោក​ស្រី Zhang ធ្វើជា​ឧទាហរណ៍​ដើម្បី​គំរាម​អ្នកប្រឆាំង​ដទៃ​ដែល​ហ៊ាន​ចោទសួរ​រដ្ឋាភិបាល​ពី​ស្ថានការណ៍​នៃ​ជំងឺឆ្លង​នៅ​ក្រុង​វូ​ហាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក​Leo Lan អ្នកស្រាវជ្រាវ​នៅ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ចិន​។​
 
​ការកាត់ក្តី​អ្នកកាសែត​នេះ ធ្វើឡើង​ប៉ុន្មាន​សប្តាហ៍​មុន​ក្រុម​បេសកកម្ម​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្វើដំណើរ​ទៅ​ចិន​ដើម្បី​ស្វែងរក​ពី​ប្រភព​កូ​វីដ​-១៩ ។ តុលាការ​ចិន ត្រូវបាន​សង្កេតឃើញថា កាត់ទោស​អ្នកប្រឆាំង​អំឡុងពេល​បុណ្យ​គ្រី​ស្ទ​ម៉ាស់ និង​ចូលឆ្នាំថ្មី ដើម្បី​ចៀសវាង​ការរិះគន់​ពី​បស្ចិមប្រទេស​ដែល​កំពុង​សម្រាក​ចុងឆ្នាំ​។ ការកាត់ទោស​លោកស្រី Zhang ជា​ករណី​ដំបូង​ក្នុងចំណោម​ការកាត់ទោស​អ្នកកាសែត​ពលរដ្ឋ​៣​អ្នក​ផ្សេងទៀត ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​ឃុំខ្លួន​កាលពីដើមឆ្នាំ​។​
 
​នៅក្រៅ​បរិវេណ​តុលាការ​សៀង​ហៃ អ្នកគាំទ្រ ក៏ដូចជា​អ្នកការទូត បានមក​ជួបជុំ​បង្ហាញ​សណ្តាន​ចិត្ត ប៉ុន្តែ​ក្រោយពេល​ជនជាប់ចោទ និង​មេធាវី​មកដល់ ប៉ូលិស​បាន​បំបែក​ការជួបជុំ ដោយ​ថែមទាំង​ហាម​អ្នកកាសែត និង​អ្នកសង្កេតការ​មិន​ឲ្យ​ចូល​ទៅជិត​ផងដែរ​៕
 

Tag:
 ​ចិន​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com