រថយន្ត
IHS Markit៖ ទីផ្សាររថយន្តធុនស្រាលនឹងកើនឡើង៩ភាគរយនៅឆ្នាំ២០២១
28, Dec 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
IHS Markit ក្រុមហ៊ុនត្រួតពិនិត្យទិន្នន័យនាំមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានព្យាករថា ទីផ្សាររថយន្តធុនស្រាលនឹងកើនឡើង៩ភាគរយនៅឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩ បន្ទាប់ពីសម្រេចឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាបន្តបន្ទាប់។

 
ការព្យាករបង្ហាញថា រថយន្តធុនស្រាលនឹងលក់ដាច់ដល់ទៅ៨៣.៤លានគ្រឿងនៅលើពិភពលោកនៅ ឆ្នាំ២០២១ ដោយកើន៩ភាគរយពីឆ្នាំ២០២០ ដែលមានត្រឹម៧៦.៦លានគ្រឿង។ ការកើនឡើងនេះ គឺដោយសារតែមានតម្រូវការជាចាំបាច់ ក្រោយវិបត្តិកូវីដ-១៩។
 
បើតាម HIS Markit ទីផ្សារនៃបណ្តាប្រទេសធំៗ សុទ្ធតែមានសុទិដ្ឋិនិយមចំពោះការវិលត្រឡប់មកវិញនូវទីផ្សាររថយន្តធុនស្រាល ខណៈវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលមានការទទួលស្គាល់ជាផ្លូវការអាចចាប់ផ្តើមជាទូទៅនៅពាក់កណ្តាលឆ្នាំ២០២១ ឬពន្យារហូតដល់ឆ្នាំ២០២២។
 
នៅពេញមួយឆ្នាំ២០២០ នេះ អ្នកជំនាញជឿជាក់ថា អត្រានៃការលក់រថយន្តធុនស្រាល នឹងធ្លាក់ចុះ១៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២១ អ្វីៗនឹងដំណើរទៅមុខ ដោយសារតែការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព។
 
ការធ្លាក់ចុះកន្លងមក ដោយសារតែការចរាចរណ៍ត្រូវបានរឹតត្បិត ហើយការបង្ហាញផលិតផលរថយន្តថ្មីៗភាគច្រើន ត្រូវដំណើរការតាមអនឡាញ។ «ទីផ្សារយានយន្តសកល នឹងរើបឡើងវិញ ជាពិសេសបណ្តារដ្ឋាភិបាល ព្យាយាមអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ ក្តីសង្ឃឹមរបស់យើង គឺការបញ្ជាទិញ នឹងវិលទៅប្រក្រតីចាប់ពីពាក់កណ្តាលឆ្នាំ២០២១»។ នេះបើតាមការបញ្ជាក់របស់លោក Colin Couchman អគ្គនាយកក្រុមហ៊ុន HIS Markit។
 
អឺរ៉ុបបន្តរង់ចាំមើលស្ថានភាព ខណៈអង់គ្លេសដែលដំណើរការចាក់វ៉ាក់សាំងមុនគេ មានការបញ្ជាទិញរថយន្តកើនឡើង១១ភាគរយ ពោលគឺ១៥.៣លានគ្រឿងនៅឆ្នាំ២០២១ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រឈមផ្សេងៗនៅតែមាន។
 
អ្នកវិភាគទីផ្សាររថយន្តរបស់ HIS Markit ការលក់រថយន្តនៅអាមេរិក អាចឡើងដល់១៦លានគ្រឿងនៅឆ្នាំ២០២១ ខណៈទីផ្សារចិនក៏អាចឡើងដល់៥.៦ភាគរយដែលស្មើ២៤.៩លានគ្រឿងផងដែរ។
 
ទីផ្សាររថយន្តធុនស្រាលដ៏ធំបំផុតគឺនៅចិន អឺរ៉ុប និងអាមេរិកខាងជើង។ នៅអឺរ៉ុប ដំណោះស្រាយផ្សេងៗ ក្រោយ Brexit (ការចាកចេញរបស់អង់គ្លេស) មិនទាន់រួចរាល់នោះឡើយ ជាពិសេសទំនាក់ទំនងទីផ្សារជាមួយអាល្លឺម៉ង់ អេស្ប៉ាញ និងសាធារណរដ្ឋឆេក ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com