COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ហាម​ទេសចរ​បរទេស​ចូល​ប្រទេស​ចំនួន​២​សប្តាហ៍​
29, Dec 2020 , 10:20 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី
​ភ្ញៀវទេសចរ​អន្តរជាតិ​ទាំងអស់ នឹង​ហាមឃាត់​ចូលមកក្នុង​ឥណ្ឌូណេស៊ី​រយៈពេល ១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​ទម្រង់​ថ្មី ដែល​ត្រូវ​រកឃើញ​នៅ​អង់គ្លេស និង​មាន​អត្រា​ឆ្លង​ខ្លាំង​ជាង​មុន​។ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៨ ខែធ្នូ​។ ឥណ្ឌូណេស៊ី ក៏បាន​បិទ​ជើងហោះហើរ​ជាមួយ​អង់គ្លេស និង​រឹតត្បិត​លើ​អ្នកធ្វើដំណើរ​មកពី​អូស្ត្រាលី និង​សហភាព​អឺរ៉ុប​។

 
​ប្រធានាធិបតី លោក​ចូ​កូ វី​ដូ​ដូ បានដឹកនាំកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៨ ខែធ្នូ ដើម្បី​ជជែក​ពីបទ​បញ្ញា​ត្តិ​រឹតត្បិត​លើ​ការទប់ស្កាត់​កូ​វីដ​-១៩ ។ តាមរយៈ​កិច្ចប្រជុំ​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានសម្រេច​ហាមឃាត់​ភ្ញៀវទេសចរ​អន្តរជាតិ ចូលមកក្នុង​ប្រទេសរ​យៈ​ពេល ១៤​ថ្ងៃ ដើម្បី​បង្ការ​កូ​រ៉ូ​ណាវី​រុស ដែល​វិវដ្ដ​ជា​ទម្រង់​ថ្មី​មួយ ឆ្លង​ចូលទៅក្នុង​សហគមន៍​របស់​ឥណ្ឌូណេស៊ី​។ 
 
«​យើង​នឹង​បិទទ្វា​មិន​ឲ្យ​ជនបរទេស​ចូល​ប្រទេស ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់ ថ្ងៃទី​១៤ ខែមករា​»​។ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី លោកស្រី Retno បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា បទ​បញ្ញា​ត្តិ​នេះ នឹង​អនុវត្ត​ចំពោះ​ជនបរទេស​ទាំងអស់ លើកលែងតែ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​ផ្សេងៗ ឬ​ជនបរទេស ដែល​ស្នាក់នៅ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Globe ។ 
 
​ការហាមឃាត់​នេះ ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌូណេស៊ី​ទើបតែ​ផ្អាក​ជើងហោះហើរ​បណ្តោះអាសន្ន​មកពី​អង់គ្លេស និង​រឹតត្បិត​អ្នកដំណើរ​មកពី​អឺរ៉ុប និង​អូស្ត្រាលី​ផងដែរ​។ ចាប់ពី​ថ្ងៃ​ប្រកាស​របស់​រដ្ឋាភិបាលរ​ហូត​ដល់ ដំណាច់ឆ្នាំ​២០២០ ជនបរទេស ដែល​មកដល់​ឥណ្ឌូណេស៊ី ត្រូវអនុវត្ត​វិធាន​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​ភ្ញៀវទេសចរ ត្រូវមាន​ប័ណ្ណ​ធ្វើតេស្ត ដែល​បង្ហាញថា មាន​ផ្ទុក​អវិជ្ជមាន​នៃ​កូ​វីដ​-១៩ រយៈពេល ៤៨​ម៉ោង​ជាមុនសិន​។ បន្ទាប់ពី​មកដល់ អ្នក​ទាំងនោះ ត្រូវដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ៥​ថ្ងៃ​ទៅតាម​សណ្ឋាគារ ឬ​កន្លែង​ស្នាក់ ដែល​រដ្ឋាភិបាល​បានរៀបចំ និង​ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩ ជាប្រចាំ​។ 
 
​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​ចំនួន ៥៨៥៤​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ២១៥​នាក់​។ តួលេខ​សរុប ឥណ្ឌូណេស៊ី មាន​ចំនួន ៧១៩២១៩​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ២១៤៥២​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៥៨៩៩៧៨ នាក់​។ 
 
​ទាក់ទិន​នឹង​ករណី​ឆ្លង​ច្រើន​ក្នុង​មួយថ្ងៃៗ​បែបនេះ មន្ទីរពេទ្យ​នៅក្នុង​តំបន់​ខ្លះ​នៃ​ឥណ្ឌូណេស៊ី ស្ទើរតែ​ដាក់​អ្នកជំងឺ​ជិត​ពេញ​អស់​។ តាម​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៨ ខែធ្នូ មន្ទីរពេទ្យ​នៅលើ​កោះ​ជ្វា បានដាក់​អ្នកជំងឺ​កូ​វីដ​-១៩ ជិត​អស់​គ្រែ​អ្នកជំងឺ​ហើយ ដែល​ទាមទារ​ឲ្យ​មន្ទីរពេទ្យ​បន្ថែម​គ្រែ​សម្រាប់​អ្នកជំងឺ​ទៀត​។ គ្រាន់តែ​នៅ​កោះ​ជ្វា​ភាគ​ខាងលិច មន្ទីរពេទ្យ​បានដាក់​អ្នកជំងឺ​ចំនួន ៨៣​ភាគរយ​ហើយ ចំណែក​នៅ​កោះ​ជ្វា​ភាគ​ខាងកើត​វិញ បានដាក់​អ្នកជំងឺ​ចំនួន ៧៧​ភាគរយ​៕ 

Tag:
 ​ឥណ្ឌូណេស៊ី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com