អន្តរជាតិ
ចិន ខឹងអាមេរិកដែលអនុម័តច្បាប់ទាក់ទងតៃវ៉ាន់ និងទីបេ ទង់អាមេរិក និងចិន។ រូបភាព៖AFP
× នៅថ្ងៃទី២៨ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហាញសេចក្តីខឹងសម្បារទៅនឹងអាមេរិក បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ចំនួនពីរដែលជំរុញឲ្យរដ្ឋាភិបាលអាមេរិកគាំទ្រតៃវ៉ាន់ និងទីបេ។ សេចក្ដីស្នើច្បាប់ទាំងពីរនេះ ជាផ្នែកមួយនៃច្បាប់ចំណាយ និងជំនួយកូវីដ-១៩របស់អាមេរិកដែលមានតម្លៃ២,៣លានលានដុល្លារ។
«ការតាំងចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការការពារអធិបតេយ្យជាតិ សន្តិសុខ និងការអភិវឌ្ឍ គឺមិនងាករេឡើង»។ នេះជាការលើកឡើងរបស់លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ដើម្បីប្រតិកម្មទៅនឹងការចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ពីរទាក់ទងតៃវ៉ាន់ និងទីបេ ពីសំណាក់ដោយប្រធានាធិបតីអាមេរិក។ លោកថា ចិនប្រឆាំងដាច់ខាតទៅនឹងច្បាប់ទាំងពីរ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៨ ខែធ្នូ លោក Zhao បន្តថា អាមេរិកមិនគួរអនុវត្តច្បាប់ណា ដែលសំដៅមកលើចិនឡើយ ព្រោះប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក។ លោកសង្កត់ធ្ងន់ថា អាមេរិកកំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយអនុម័តច្បាប់គាំទ្រតៃវ៉ាន់ និងគាំទ្រទីបេក្នុងការជ្រើសរើសអ្នកបន្តវេនពីសម្តេចសង្ឃដាឡៃ ឡាម៉ា ។
ច្បាប់របស់អាមេរិកស្តីពីតៃវ៉ាន់ និងទីបេ សុទ្ធសឹងតែមានខ្លឹមសារប្រឆាំងរដ្ឋាភិបាលចិន។ ច្បាប់ស្តីពីការធានាតៃវ៉ាន់ ជំរុញឲ្យរដ្ឋាភិបាលអាមេរិក ជួយឲ្យដែនកោះមួយនេះអាចចូលរួមឲ្យបានពេញលេញ និងក្លាយជាសមាជិកនៃភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនដែលមានសមាជិកពុំចាំបាច់មានលក្ខន្តិកៈជារដ្ឋ ដូចជា ទីភ្នាក់ងារអាកាសចរណ៍អន្តរជាតិ (ICAO) សន្និបាតសុខភាពពិភពលោក (WHA) និងប៉ូលិសអន្តរជាតិ (INTERPOL) ។ ច្បាប់នេះតម្រូវឲ្យរដ្ឋាភិបាលអាមេរិក គាំទ្រការបង្កើនចំណាយការពារជាតិរបស់តៃវ៉ាន់ ក៏ដូចជាគាំទ្រគោលនយោបាយការពារជាតិរបស់កោះនេះ។
តៃវ៉ាន់ ពេញចិត្តពេញថ្លើមខ្លាំងនឹងច្បាប់នេះ។ លោក Xavier Chang អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីតៃវ៉ាន់ និយាយថា អាមេរិកជាសម្ព័ន្ធមិត្តដ៏សំខាន់របស់តៃវ៉ាន់លើឆាកអន្តរជាតិ និងជាដៃគូដ៏រឹងមាំក្នុងការចែករំលែកតម្លៃសេរីភាព និងប្រជាធិបតេយ្យ។ កន្លងទៅ ទោះពុំមានទំនាក់ទំនងផ្លូវការមែន តែអាមេរិកបានសហការជាមួយដែនកោះនេះក្នុងការលើកកម្ពស់សុខភាពសាធារណៈ អនុវត្តច្បាប់ ថាមពល សន្តិសុខ គ្រប់គ្រងគ្រោះមហន្តរាយ និងអភិបាលកិច្ច។
ចំពោះច្បាប់ស្តីពីគោលនយោបាយទីបេវិញ អាមេរិកអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបិទទិដ្ឋាការមន្ត្រីចិនណាដែលជ្រៀតជ្រែកក្នុងការជ្រើសរើសអ្នកបន្តវេនពីសម្តេចសង្ឃដាឡៃ ឡាម៉ា ដោយចាត់ទុកជាការរំលោភសេរីភាពសាសនា។
ធ្លាប់បានអះអាងថា ខ្លួនមានសិទ្ធិក្នុងការយល់ព្រមលើសំណើក្នុងការតែងតាំងអ្នកស្នងតំណែងពីសម្តេចសង្ឃដាឡៃ ឡាម៉ា ដែលស្នើដោយសម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ។ ប្រជាជនទីបេ ពិសេសអ្នកនិរទេសខ្លួន មិនទទួលស្គាល់ប៉ានឈិន ឡាម៉ា ដែលតែងតាំងដោយចិនឡើយ ហើយទាមទារឲ្យចិនដោះលែងប៉ានឈិន ឡាម៉ា ពិតប្រាកដ។ ច្បាប់ខាងលើ ក៏តម្រូវឲ្យរដ្ឋាភិបាលអាមេរិកបង្កើតស្ថានកុងស៊ុលនៅក្រុងឡាសា តំបន់ទីបេ ជាមួយលក្ខខណ្ឌហាមឃាត់ចិនបើកស្ថានកុងស៊ុលថ្មីនៅអាមេរិក ដរាបណាចិនយល់ព្រមឲ្យស្ថានកុងស៊ុលនៅទីនោះ៕
Tag:
ចិន
តៃវ៉ាន់
ទីបេ
© រក្សាសិទ្ធិដោយ thmeythmey.com