គ្រូបង្វឹកក្លិបបាល់ទាត់បឹងកេតលោក គឹម ភក្តី ដែលដឹកនាំឲ្យបឹងកេតឈ្នះពានលីគកំពូលកម្ពុជា ជាប់ជាគ្រូបង្វឹកទទួលបានពានច្រើនជាងគេក្នុងចំណោមគ្រូបង្វឹកទាំង៥រូប ដែលទទួលបានពាននៅឆ្នាំ២០២០។ ចំណែកខ្សែប្រយុទ្ធ ម៉ាត់ នូរុណ គ្រងតំណែងកីឡាករទទួលបានពានច្រើនទេ។
លោក គឺម ភក្តី ត្រូវបានតែងតាំងឲ្យធ្វើជាបង្វឹកក្លិបបាល់ទាត់បឹងកេតបណ្តោះអាសន្នជំនួសលោក Apisit Im Amphai នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ពោលគឺនៅសប្តាហ៍ទី៦ក្នុងលីគកំពូល។ ក្រោមការដឹកនាំរបស់ លោក បឹងកេតទទួលបានជ័យជម្នះជាបន្តបន្ទាប់ មិនដែលស្គាល់បរាជ័យនោះទេ។
ក្រោមការវាយតម្លៃរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)លោក គឺម ភក្តី ទទួលបានគ្រូបង្វឹកល្អជាងគេប្រចាំខែកក្កដា ក្រោយដឹកនាំឲ្យបឹងកេតឈ្នះ៤ប្រកួតជាប់គ្នា។ ក្នុងនោះយកឈ្នះសូលទីឡូអង្គរ ៣-០, គីរីវង់សុខសែនជ័យ ៤-១, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ៦-១ និងឈ្នះភ្នំពេញក្រោន ៣-១។
បន្ថែមលើនេះ លោក បានឈ្នះពានគ្រូបង្វឹកល្អម្តងទៀតប្រចាំខែសីហា ក្រោយដឹកនាំបឹងកេតយកឈ្នះអគ្គិសនីកម្ពុជា ៤-២, ឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៦-១, អាស៊ីអឺរ៉ុប ៣-១ និងឈ្នះព្រះខ័នរាជស្វាយរៀង ៤-២។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះ លោក គឺម ភក្តី បានឈ្នះពានគ្រូបង្វឹកល្អជាងគេប្រចាំពានរង្វាន់លីគកំពូល ក្រោយដឹកនាំឲ្យបឹងកេតគ្រងជើងឯកនៅឆ្នាំ២០២០ ជាមួយកំណត់ត្រាមិនស្គាល់ចាញ់។ ការឈ្នះពានជាបន្តបន្ទាប់បានជួយឲ្យ លោក គឺម ភក្តី ក្លាយជាគ្រូបង្វឹក ដែលទទួលបានពានច្រើនជាងគេប្រចាំឆ្នាំ២០២០។
ចំណែកគ្រូបង្វឹក៤រូបទៀតរួមមានលោក Colum Curtus គ្រូបង្វឹកក្រុមវិសាខា, លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន, លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង និងលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុបទទួលបានពានតែម្នាក់១ប៉ុណ្ណោះ។
ក្រោយដឹកនាំក្លិបបឹងកេតឈ្នះជើងឯកលីគកំពូល លោក គឹម ភក្តី ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្លិប ដែលមានលោកស្រី ពុធ ធីតា ជាប្រធានមួយនេះ។ ភារកិច្ចរបស់លោក គឺម ភក្តី មិនទាន់ចប់នោះទេ ដោយលោកត្រូវដឹកនាំក្រុមជើង ឯកមួយនេះ ប្រកួតប្រជែងក្នុងពានរង្វាន់ AFC Cup 2021។
ដោយឡែក ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ដែលបានរួមចំណែងដ៏ធំក្នុងការជួយឲ្យបឹងកេតឈ្នះជើងឯកលីគកំពូល បានគ្រងតំណែងកីឡាករទទួលបានពានច្រើនជាងគេប្រចាំឆ្នាំ២០២០។ បន្ទាប់ពីកីឡាកររូបនេះ បានឈ្នះពានកីឡាករជាងគេប្រចាំខែសីហា ខែកញ្ញា និងពានកីឡាករល្អជាងគេប្រចាំពានរង្វាន់លីគកំពូល។
សម្រាប់ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ខ្សែប្រយុទ្ធដែលទើបបន្តកិច្ចសន្យា៣ឆ្នាំបន្ថែមជាមួយបឹងកេតរូបនេះ រកបានគ្រាប់បាល់សរុបចំនួន១៥គ្រាប់។ ពោលគឺចាញ់ម្ចាស់ស្បែកជើងមាស Jean Marie Privat Befolo Mbarga របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងតែ១គ្រាប់ប៉ុណ្ណោះ។
ក្រៅពីកីឡាករ ម៉ាត់ នូរុណ ក៏មានកីឡាករជាច្រើនរូបទៀតផងដែរ ដែលទទួលបានពាននៅឆ្នាំ២០២០ រួមមានកីឡាករ ហ៊ុល គឺមហ៊ុយ ទទួលបានពានអ្នកចាំទីល្អជាងគេ និងកីឡាករ Privat រកគ្រាប់បាល់បានច្រើនជាងគេប្រចាំលីគកំពូល។ ចំណែកកីឡាករ ច្រឹង ពលរដ្ឋ ទទួលបានពានកីឡាករល្អជាងគេ កីឡាករ វុធ តុលា រកគ្រាប់បាល់បានច្រើនជាងប្រចាំពានសម្តេច ហ៊ុន សែន។
បន្ថែមលើនេះ កីឡាករ សារ៉េត គ្រីយ៉ា របស់ក្លិបព្រះខ័នរាជស្វាយរៀងជាប់ជាកីឡាករល្អជាងគេប្រចាំខែមីនា, កីឡាករ កែវ សុខផេង របស់ក្លិបបាល់ទាត់វិសាខាជាប់ជាកីឡាករល្អប្រចាំខែកក្កដា និងកីឡាករ Abbee Ndjoo Hurber របស់ក្លិបបាល់ទាត់អាស៊ីអឹរ៉ុបទទួលបានពានកីឡាករល្អជាងគេប្រចាំខែតុលា ឆ្នាំ២០២០៕