សៀមរាប៖ កញ្ញា ឃឿត សុជា ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ នៃខេត្តសៀមរាប និងជាមន្ត្រីជំនួយការគម្រោងផ្នែកអាហារូបករណ៍នៅអង្គការសម្រេចសុបិនកុមារកម្ពុជា។ ជាស្ត្រីជនបទមានឱពុកម្ដាយជាកសិករ កញ្ញា សុជា មានបំណងចង់ក្លាយជាប្រធានអង្គការក្រៅរដ្ឋាភិបាល។ និស្សិតអាហារូបករណ៍ វ័យ២៤ឆ្នាំរូបនេះ បានផ្ដល់តម្លៃខ្ពស់ចំពោះការអប់រំ ហើយនាងជឿជាក់ថា ការអប់រំ នឹងនាំនាងឆ្ពោះទៅកាន់សុបិនក្លាយជាអ្នកដឹកនាំដ៏ល្អមួយរូប។
កាលពីអំឡុងឆ្នាំ២០១៤ កញ្ញា សុជា បានប្រឡងជាប់បាក់ឌុប ដែលជាឆ្នាំដំបូងនៃការរឹតបន្តឹងការប្រឡង។ ក្រោយប្រឡងជាប់ ឱពុកម្ដាយរបស់សុជា ចង់ឱ្យកូនស្រីច្បងក្នុងគ្រួសាររូបនេះ ធ្វើជាគ្រូបង្រៀន ព្រោះមិនចង់ឱ្យនាងទៅធ្វើការឆ្ងាយពីផ្ទះ។ ប៉ុន្តែ សុជា ដែលកាលណោះ មានវ័យ១៨ឆ្នាំ បានជំទាស់ ដោយបានលួងលោមឲ្យឪពុកម្តាយយល់ព្រម ឲ្យខ្លួនបន្តការសិក្សាលើជំនាញដែលខ្លួនស្រឡាញ់។ យល់ចិត្តកូនស្រីជាទីស្រឡាញ់ គ្រួសាររបស់សុជា បានយល់ព្រមឲ្យនាង បន្តការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅក្រុងសៀមរាប ក្រោមការផ្គត់ផ្គង់អាហារូបករណ៍ពីអង្គការ PEPY លើកកម្ពស់យុវជនរយៈពេល២ឆ្នាំ។ ក្រោយចប់អាហារូបករណ៍២ឆ្នាំ តែពេលនោះមិនទាន់បញ្ចប់ថ្នាក់បរិញ្ញាបត្រ គួបផ្សំជីវភាពគ្រួសារខ្វះខាតផង សុជា បានស្វះស្វែងរកអាហារូបករណ៍ ពីអង្គការសហគមន៍យើង (JWOC) ដើម្បីឲ្យខ្លួនអាចមានលទ្ធភាពរៀនចប់ចុងចប់ដើមបាន។
កញ្ញា សុជា បានរំឭកប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «កត្តាទីមួយរបស់យើងគឺ ខ្វះខាតថវិកា ពេលដែលជាប់អាហារូបករណ៍ រៀនឆ្នាំទី២ហើយ ខ្ញុំនៅតែចង់បានអាហារូបករណ៍ ដើម្បីជួយខ្ញុំទៀត ដោយសារការចំណាយច្រើន ហើយត្រូវចំណាយខ្លួនឯងទាំងអស់ មានន័យថាខ្ញុំអត់ពឹងគ្រួសារទៀតទេ។ អីចឹងខ្ញុំត្រូវស្វែងរកអាហារូបករណ៍ ដើម្បីជួយបង់ថ្លៃសាលា ដើម្បីខ្ញុំអាចមានថវិកាគ្រាប់គ្រាន់ចាយវាយក្នុងការរៀនសូត្រប្រចាំថ្ងៃ»។
ជាអ្នកជនបទរស់នៅស្រុកក្រឡាញ់ មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាប សុជា បានឱ្យដឹងថា ក្មេងស្រីភាគច្រើននៅក្នុងសហគមន៍ខ្លួន មិនសូវមានអ្នករៀនខ្ពស់ទេ ដោយខ្លះទៅធ្វើការចំណាកស្រុក និងចំនួនច្រើនទៀតឆាប់រៀបការ។ ការណ៍នេះ បានធ្វើឱ្យអ្នករស់នៅក្នុងសហគមន៍មិនសូវគាំទ្រ ហើយពេលខ្លះនាងគិតថា ពួកគេបានដាក់សម្ពាធលើខ្លួន ដ្បិតអីស្ត្រីក្នុងភូមិអាយុស្រករនាងមានកូនពីរ បីទៅហើយ ។ «ដោយសារនៅក្នុងសហគមន៍របស់ខ្ញុំភាគច្រើន រៀបការតាំងពីអាយុ១៦-១៧ឆ្នាំ អីចឹងខ្ទង់អាយុ២០ឆ្នាំអី គឺគាត់មានកូន១-២ ហើយ។ អីចឹងគឺខ្ញុំខុសពីពួកគាត់មែនទែន មកដល់ចំណុចនេះយើងអត់ទាន់មានអីទាំងអស់ ធ្វើឱ្យពួកគាត់ដាក់គំនាប់ គឺមើលមកយើងថា តើយើងកើតអីបានអត់ទាន់មានគ្រួសារហ្នឹងគេ? អីចឹងដូចយើងខុសគេម៉ាសហគមន៍អីចឹង»។ នេះជាការអះអាងរបស់ កញ្ញា សុជា។
ដ្បិតគ្រួសារ និងមនុស្សជុំវិញខ្លួនមិនសូវគាំទ្រ តែយុវតីដែលជាកូនច្បងនៅក្នុងគ្រួសាររូបនេះ បានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួន ដើម្បីបង្ហាញដល់គ្រួសារ ដូចជាការជាប់ទៅសិក្សានៅអាមេរិករយៈពេល៥សប្ដាហ៍ និងមានការងារសមរម្យមួយ ដែលអាចជួយផ្គត់ផ្គង់ដល់ការសិក្សា និងគ្រួសារផងដែរ។ ក្នុងមួយថ្ងៃ សុជា ត្រូវធ្វើការពេញម៉ោងនៅពេលថ្ងៃ និងត្រូវរៀន រយៈពេល៣ម៉ោងទៀតនៅពេលយប់។ ធ្វើការបណ្ដើររៀនបណ្ដើរ សុជាទទួលស្គាល់ថា វាពិតជាហត់ដែលនាងស្ទើរតែគ្មានពេលសម្រាក ប៉ុន្តែយុវតីរូបនេះមិនបានរួញរានោះឡើយ។ យុវតី វ័យ២៤ឆ្នាំរូបនេះ យល់បញ្ច្រាសវិញថា វាជាបទពិសោធន៍តស៊ូដ៏មានន័យសម្រាប់ជីវិតនាង។
កញ្ញា សុជា បានបន្ថែមថា៖«ខ្ញុំព្យាយាមបង្ហាញឱ្យគាត់ឃើញថា ក្ដីស្រមៃដែលខ្ញុំដើរតាមគឺវាអត់ខុសទេ។ ខ្ញុំតែងបង្ហាញឱ្យពួកគាត់ឃើញថា ខ្ញុំមកនៅសៀមរាបហ្នឹងគឺខ្ញុំមករៀន ខ្ញុំមកអភិវឌ្ឍន៍ខ្លួន អីចឹងខ្ញុំមិនដែលទុកពេលវេលាចោលទេ ហើយខ្ញុំតែងតែស្វះស្វែង ដើម្បីឱ្យគាត់ឃើញថា ផ្លូវមួយដែលយើងដើរហ្នឹង មិនអាក្រក់ជាងផ្លូវគាត់ចង់ឱ្យយើងដើរទេ»។
កញ្ញា ឃឿត សុជា ៖ ការអប់រំ នាំឱ្យខ្ញុំក្លាយជាអ្នកដឹកនាំគំរូភាព
ជាមនុស្សមានក្ដីស្រមៃច្បាស់លាស់ សុជា មានបំណងក្លាយជាអ្នកដឹកនាំនៅអង្គការក្រៅរដ្ឋាភិបាល ដើម្បីចង់ធ្វើជាគំរូភាពដ៏ល្អម្នាក់ដល់ស្ត្រី។ សុជា បានពន្យល់យ៉ាងក្លៀវក្លាដូច្នេះ៖«ខ្ញុំចង់ឱ្យខ្លូនក្លាយជាគំរូភាពដល់អ្នកដទៃ ព្រោះទោះពេលបច្ចុប្បន្ន មានគំរូភាពហើយក៏ដោយ តែក៏នៅខ្វះគំរូភាពជាច្រើនដល់ស្ត្រីផ្សេងៗទៀត។ មួយវិញទៀតចង់ឱ្យក្មេងស្រីគាត់មើលឃើញថា គាត់អាចផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងបាន។ ពីមុនភាគច្រើន មិនថាតែខ្ញុំទេ យើងតែងគិតថាមនុស្សស្រី អត់អាចក្លាយជាអ្នកដឹកនាំបាន»។
ទោះបីក្ដីស្រមៃ ហាក់នៅឆ្ងាយ តែយុវតីវ័យ២៤ឆ្នាំរូបនេះ កំពុងដើរឆ្ពោះទៅរកទិសដៅខ្លួន។ អ្នកខេត្តសៀមរាបរូបនេះ បានកំពុងដុសខាត់សមត្ថភាពខ្លួនតាមរយៈការសិក្សា លើសពីនេះ សុជា ជាស្ថាបនិក វេទិកាសុបិន ដោយជួយតម្រង់ទិសដល់សិស្សជនបទ និងជាអ្នកដឹកនាំក្រុមយុវជនកម្ពុជា ដែលជួយលើការងារសង្គមដូចជា ការចែកបទពិសោធន៍សិក្សាដល់សិស្សនៅតាមជនបទ និងការដាំកូនឈើជាដើម។
ក្នុងឯកសណ្ឋានអាវដៃខ្លីពណ៌ផ្កាឈូក និងសំពត់ពណ៌ខ្មៅត្រឹមជង្គង់ យ៉ាងសាមញ្ញ សុជា បានផ្ដល់តម្លៃខ្ពស់ចំពោះការអប់រំ។ កញ្ញា សុជា យល់ថា អ្នកដឹកនាំគំរូម្នាក់ ត្រូវមានចំណេះដឹង សមត្ថភាព និងជំនាញច្បាស់លាស់ ទើបអាចដឹកនាំការងារនិងស្ថាប័នបានដោយជោគជ័យ។ និស្សិតជិតបញ្ចប់ផ្នែកទំនាក់ទំនងអន្តរជាតិ និងជាមន្ត្រីជំនួសការគម្រោងផ្នែកអាហារូបករណ៍នៅអង្គការសម្រេចក្ដីសុបិនកុមារកម្ពុជារូបនេះ ក៏ចង់ឃើញស្ត្រី ជាពិសេសស្ត្រីរស់នៅជនបទ ចាត់ទុកការអប់រំជាកិច្ចការអាទិភាពចម្បង និងក្លាហានធ្វើអ្វីដែលខ្លួនចង់ធ្វើ។
កញ្ញា សុជា បានផ្ដាំដូច្នេះ៖ «ស្ត្រីគួរតែ ផ្ដល់តម្លៃកាន់តែខ្លាំងលើការអប់រំ មានន័យថាពេលគាត់ពេញវ័យឡើង ការអប់រំគឺសំខាន់សម្រាប់គាត់ ហើយយើងដឹងថានារីជាអ្នកចូលចិត្តតុបតែងខ្លួន អីចឹងខ្ញុំចង់ឱ្យពួកគាត់តុបតែងខ្លួនរូបរាងខាងក្នុងមុន មុននឹងតុបតែងរូបរាងខាងក្រៅ។ អីចឹងមានន័យថា គាត់ដុសខាត់ ចំណេះ ជំនាញ សមត្ថភាពខ្លួនឯងមុន មុនពេលគាត់តុបតែងខ្លួនឡូយឆាយស្អាត ព្រោះខាងក្នុងវាជួយគាត់បានច្រើន ដូចជាមានការងារល្អ និងក្លាយជាអ្នកដឹកនាំ៕