ក្នុងឆ្នាំ២០២០ ដែលហ៊ុមព័ន្ធដោយវិបត្តិកូវីដ-១៩នេះ សេដ្ឋីប្រាក់ពាន់លានដុល្លារ១៦នាក់ បានទទួលមរណភាព តែគ្មានម្នាក់ណាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះឡើយ។ ចំនួននេះ គឺនៅតិចជាងឆ្នាំ២០១៩ ដែលមានរហូតដល់២៣នាក់ឯណោះ។
ខាងក្រោមនេះ ជាសេដ្ឋីពាន់លានដុល្លារដែលបាត់បង់ជីវិតក្នុងឆ្នាំ២០២០៖
១៖ លោក Sumner Redstone
មហាសេដ្ឋីឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Redstone បានស្លាប់នៅខែសីហា ឆ្នាំ២០២០ នៅអាយុ ៩៧ឆ្នាំ។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិរហូតដល់២,៦ពាន់លានដុល្លារ នៅពេលស្លាប់។ លោកត្រូវបានស្គាល់ជាម្ចាស់អណាចក្រប្រព័ន្ធផ្សព្វផ្សាយ ដែលរាប់បញ្ចូលក្រុមហ៊ុន Viacom, CBS និង Paramount Pictures។
២៖ លោក Lee Kun-hee
លោក Lee ទទួលមរណភាពក្នុងខែតុលា ឆ្នាំ២០២០ នៅអាយុ ៧៨ឆ្នាំ។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១៧,៣ពាន់លានដុល្លារ នៅពេលស្លាប់។ លោកជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Group ដែលជាគូប្រជែងស្លាប់រស់ជាមួយក្រុមហ៊ុន Apple អាមេរិក។ លោកកាន់តំណែងនេះក្នុងឆ្នាំ១៩៨៧ ក្រោយឪពុកលោកស្លាប់។
៣៖ លោក Joseph Safra
លោក Joseph Safra ទទួលមរណភាពក្នុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ នៅអាយុ ៨២ឆ្នាំ។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ២៣,២ពាន់លានដុល្លារ នៅពេលលោកស្លាប់ ។ លោក Joseph ជាមហាសេដ្ឋីប្រេស៊ីលផ្នែកធនាគារមានជាងគេលើពិភពលោក ដែលជ្រកក្រោមឈ្មោះក្រុមហ៊ុន Safra Group ។
៤៖ លោក Whitney MacMillan
លោក MacMillan ទទួលមរណភាពក្នុងខែមីនា ឆ្នាំ២០២០ នៅអាយុ ៩០ឆ្នាំ។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ៥,១ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិអាមេរិក លោក MacMillan ជាអតីតប្រធាន និងអគ្គនាយកក្រុមហ៊ុនយក្សអាមេរិក Cargill ដែលចែកចាយស្បៀងអាហារ និងផលិតផលកសិកម្មជាសកល។
៥៖ លោក Randall Rollins
លោក Randall Rollinsទទួលមរណភាពក្នុងខែ សីហា ឆ្នាំ២០២០ នៅអាយុ ៨៨ឆ្នាំ។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ៤,៧ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិអាមេរិក លោក Rollins ជាអតីតប្រធានក្រុមហ៊ុន Rollins Inc ដែលលក់ថ្នាំសម្លាប់សត្វល្អិតដ៏ធំបំផុតរបស់អាមេរិក។
៦៖ លោក Lo Siu-tong
លោក Lo Siu-tong ទទួលមរណភាពក្នុងខែមករា ឆ្នាំ២០២០ នៅអាយុ ៩០ឆ្នាំ ។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ នៅពេលស្លាប់ ។ លោក Lo Siu-tong ជាមហាសេដ្ឋីអចលនទ្រព្យហុងកុង ដែលបានចាប់ផ្ដើមក្រុមហ៊ុន Yu Tai Hing លោកក្នុងឆ្នាំ១៩៦៦ ។
៧៖ លោក Park Yeon-cha
លោក Park Yeon-cha ទទួលមរណភាពក្នុងខែមករា ឆ្នាំ ២០២០ នៅអាយុ ៧៤ឆ្នាំ។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ៣,១ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិកូរ៉េខាងត្បូង លោក Park Yeon-cha ជាម្ចាស់ក្រុមហ៊ុន Taekwang Industrial ដែលផលិតស្បែកជើង Nike ហ ហើយមានរោងចក្រ នៅវៀតណាម ឥណ្ឌូណេស៊ី និងចិន។
៨៖ លោក Arne Wilhelmsen
លោក Arne Wilhelmsen ទទួលមរណភាពក្នុងខែមេសា ឆ្នាំ២០២០ នៅអាយុ ៩០ឆ្នាំ។ តាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ នៅពេលស្លាប់ ។ មានសញ្ជាតិន័រវែស លោក Wilhelmsen ជាស្ថាបនិកក្រុមហ៊ុននាវាកម្សាន្ត Royal Caribbean Cruises ដែលបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ។ បច្ចុប្បន្នក្រុមហ៊ុននេះ ក្លាយជាប្រតិបត្តិករនាវាកម្សាន្តធំបំផុតមួយលើពិភពលោក។
៩៖ លោក Dmitry Bosov
លោក Dmitry Bosov ទទួលមរណភាពក្នុងខែឧសភា ឆ្នាំ២០២០ នៅអាយុ ៥២ឆ្នាំ។ តាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១,១ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិរុស្ស៊ី លោក Dmitry Bosov ជាស្ថាបនិក និងប្រធានក្រុមហ៊ុន Sibanthracite Group ដែលគ្រង់គ្រងឧស្សាហកម្មធ្យូងថ្មក្នុងតំបន់ Siberia ។
១០៖ លោក Manuel Jove
លោក Manuel Jove ទទួលមរណភាពក្នុងខែឧសភា ឆ្នាំ២០២០ នៅអាយុ ៧៨ឆ្នាំ។ តាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិអេស្ប៉ាញ លោក ជាស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយប្រចាំប្រទេសនេះ ឈ្មោះថា Fadesa ។
១១៖ លោក Eduardo Cojuangco
លោក Eduardo Cojuangco ទទួលមរណភាពក្នុងខែមិថុនា ឆ្នាំ២០២០ នៅអាយុ ៨៥ឆ្នាំ។ តាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិហ្វីលីពីន លោក ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈ និងស្បៀងអាហារធំបំផុតប្រចាំហ្វីលីពីន ឈ្មោះថា San Miguel ។ លោក Cojuangco ធ្លាប់ជាអ្នកនយោបាយដែលស្និទ្ធនឹងមេដឹកនាំហ្វីលីពីន Ferdinand Marcos ។
១២៖ លោក Manuel Moroun
លោក Manuel Moroun ទទួលមរណភាពក្នុងខែកក្កដា ឆ្នាំ២០២០នៅអាយុ ៩៣ឆ្នាំ ។ តាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិអាមេរិក លោក ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយ ឈ្មោះថា Ambassador Bridge ដែលដឹកជញ្ជូនឆ្លងព្រំដែនអាមេរិកនិងកាណាដា។
១៣៖ លោក Edmund Ansin
លោក Edmund Ansin ទទួលមរណភាពក្នុងខែកក្កដឆ្នាំ២០២០ នៅអាយុ ៨៤ឆ្នាំ ។ តាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិអាមេរិក លោកយកលុយបានមកពីវិស័យអចលនទ្រព្យ ទៅបង្កើតអាណាចក្រប្រព័ន្ធផ្សព្វផ្សាយ ហៅថា Sunbeam Television ។
១៤៖ លោក Aloysio de Andrade Faria
លោក Aloysio de Andrade Faria ទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ២០២០ នៅអាយុ ៩៩ឆ្នាំ។ តាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិប្រេស៊ីល លោកជាវេជ្ជបណ្ឌិត តែស្នងទ្រព្យសម្បត្តិមហាសាលពីឪពុក។
១៥៖ អ្នកស្រី Suna Kirac
អ្នកស្រី Suna Kirac ទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ២០២០ នៅអាយុ ៧៩ឆ្នាំ។ តាមទស្សនាវដ្តី Forbes អ្នកស្រីមានទ្រព្យសម្បត្តិ ១,៤ ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិតួកកី អ្នកស្រី ជាកូនស្រីពៅរបស់ស្ថាបនិកក្រុមហ៊ុន Vehbi Koc ដែលជាក្រុមហ៊ុនធំបំផុតមួយនៅតួកគីផ្តោតលើថាមពល យានយន្ត និងហិរញ្ញវត្ថុជាដើម។
១៦៖ លោក Sheldon Solow
លោក Sheldon Solow ទទួលមរណភាពក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នៅអាយុ ៩២ឆ្នាំ។ តាមទស្សនាវដ្តី Forbes អ្នកស្រីមានទ្រព្យសម្បត្តិ ៤,៤ ពាន់លានដុល្លារ នៅពេលស្លាប់។ មានសញ្ជាតិអាមេរិក លោក ជាសេដ្ឋីអភិវឌ្ឍអចលនទ្រព្យល្បីល្បាញម្នាក់ក្នុងទីក្រុង ញូវយ៉ក ដែលចាប់ផ្ដើមអាជីពនេះតាំងពីឆ្នាំ១៩៧២មក៕