ជាតិ
យុវជន ឈុន លី​ហ៊ួ​រ នៅ​ស្រុក​គងពិសី បាន​ចំណូល​ខ្ពស់​ពីរ​បរ​ចិញ្ចឹម​កង្កែប​
30, Dec 2020 , 7:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម កាលពីអំឡុងខែកញ្ញា ចុះពិនិត្យកន្លែងចិញ្ចឹមកង្កែបលោក ឈុន លីហ៊ួ
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម កាលពីអំឡុងខែកញ្ញា ចុះពិនិត្យកន្លែងចិញ្ចឹមកង្កែបលោក ឈុន លីហ៊ួ
ដោយ:
​យុវជន ឈុន លី​ហ៊ួ ជា​កសិករ​បានចាប់ផ្ដើម​ចិញ្ចឹម​កង្កែប​នៅ​ឆ្នាំ​២០១៨ 

 
​លោក ឈុន លី​ហ៊ួ  បានចាប់ផ្ដើម​ចិញ្ចឹម​កង្កែប​នៅ​ឆ្នាំ​២០១៨​។ កសិដ្ឋាន​ចិញ្ចឹម​របស់​កសិករ​វ័យ​២៨​ឆ្នាំ​រូបនេះ ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជ​ង្រ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ត្រឹម​រយៈពេល ២​ឆ្នាំ​ប៉ុណ្ណោះ យុវ​កសិករ លី​ហ៊ួ បាន​វិវឌ្ឍន៍​ខ្លួន​ពី​អ្នក​ចិញ្ចឹម​កង្កែប​សម្រាប់​លក់ ក្លាយជា​អ្នក​ចែកចាយ​កូន​កង្កែប​ដ៏​ធំ​មួយ​។ ក្នុង​រយៈពេល​៣​ខែ កសិករ​រូបនេះ អាច​ផលិត​បានកូន​កង្កែប​ពូ​ជ​ប្រមាណ​១៣​ម៉ឺន​ក្បាល ដែល​មួយ​ក្បាលៗ​តម្លៃ​៣០០​រៀល ហើយ​រយៈពេល​ដូចគ្នានេះ លោក​អាច​ចំណ​ញ​បាន​ប្រាក់​ប្រមាណ​៧​ពាន់​ដុល្លារ​។​
 
​មាន​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ស្ពឺ លោក ឈុន លី​ហ៊ួ បានក្លាយ​ជា​ទៅ​អ្នក​ភ្ញាស់​កូន​កង្កែប​ពូជ ដ៏​ជោគជ័យ​ម្នាក់ បន្ទាប់ពី​ចាប់ផ្តើម​របរ​នេះ ទើបតែ​ប្រមាណ​២​ឆ្នាំ​ប៉ុណ្ណោះ​។ យុវ​កសិករ​វ័យ ២៨​ឆ្នាំ​រូបនេះ  កាល​អំឡុង​ខែកញ្ញា​កន្លងទៅ លោក លី​ហ៊ួ បានទទួល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន នៅ​ទីតាំង​ចិញ្ចឹម និង​ភ្ញាស់​កង្កែប​របស់ខ្លួន ដែល​ស្ថិត​ភូមិ​ក្របី​ត្រាំ ឃុំ​ជ​ង្រ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ នៅក្នុង​ទស្សនកិច្ច​នេះ លោក វេ​ង សាខុន បាន​កោតសរសើរ​ចំពោះ កសិករ​វ័យក្មេង​រូបនេះ​ចំពោះ​ភាព​ប៉ិនប្រសប់​របស់គេ ហើយ​ក៏បាន​លើកទឹកចិត្ត និង​ជំរុញ​បន្ថែម​លើ​ការងារ​ចិញ្ចឹម​កង្កែប​ផងដែរ​។ 


អាងចិញ្ចឹមកង្កែបលោក ឈុន លីហ៊ួ 

​លោក ឈុន លី​ហ៊ួ បាន​ប្រាប់ Thmeythmey25 តាម​ទូរ​សព្ទ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រូបគេ​ចិញ្ចឹម​កង្កែប​ពូជ​ជោគជ័យ​នេះ រហូត​ក្លាយជា​អ្នក​ចិញ្ចឹម​កង្កែប​ឆ្នើម​ប្រចាំ​តំបន់​បែបនេះ គឺ​ដោយសារតែ​រូបគេ​មាន​បច្ចេកទេស​ចិញ្ចឹម ការរៀបចំ​អាង និង​យុទ្ធសាស្ត្រ​ទីផ្សារ​ផងដែរ​។ 
 
«​ចាប់ពី​ដើមឆ្នាំ​២០២០​មក ទីផ្សារ​កង្កែប​ហាក់​មាន​សន្ទុះ​ជាង​មុន ហើយ​ខ្ញុំ​ចាប់ផ្ដើម​មាន​អ្នក​ស្គាល់​ថា ជា​អ្នក​ចិញ្ចឹម​កង្កែប ទើប​បច្ចុប្បន្ន​ខ្ញុំ​ពង្រីក​ការចិញ្ចឹម​កង្កែប​ដល់ ១៥​អាង និង​ត្រៀម​បោះទុន​បន្ថែម ៥​ម៉ឺន​ដុល្លារ ពង្រីក​ការចិញ្ចឹម​នៅ​ខេត្តកំពង់ធំ លើ​ផ្ទៃដី ៣​ហិកតា​»​។ 
 
​សព្វថ្ងៃ កសិដ្ឋាន​ចិញ្ចឹម​កង្កែប លោក ឈុន លី​ហ៊ួ ផ្គត់ផ្គង់​តែ​កូន​កង្កែប​ពូជ​ប៉ុណ្ណោះ ខណៈដែល​តម្រូវការ​មាន​ច្រើន ហើយ​លោក​ផ្គត់ផ្គង់​មិនទាន់​ផង​។ ដូច្នេះហើយ កសិករ​រូប កំពុង​ត្រៀម​បើក​កសិដ្ឋាន​មួយទៀត លើ​ទំហំ​ដី​៣​ហិកតា នៅក្នុង​ខេត្តកំពង់ធំ​។​


អ្នកចិញ្ចឹមកង្កែប ឈុន លីហ៊ួ 

​បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​លោក ឈុន លី​ហ៊ួ មាន​ចំនួន​អាង​ភ្ញាស់​កូន​កង្កែប ១៥​អាង ដែលមាន ទំហំ ៤.៥​ម៉ែត្រ គុណ ៦.៥​ម៉ែត្រ និង​មាន​មេ​កង្កែប​ពូជ​ចំនួន ៥០០​គូ​។ ក្នុង​រយៈពេល ៣​ខែ កសិដ្ឋាន​នេះ អាច​ផលិត​កូន​កង្កែប​ប្រមាណ​ជាង ១៣​ម៉ឺន​ក្បាល ដែល​កូន​កង្កែប​ពូជ​មួយ​ក្បាលៗ​តម្លៃ​៣០០​រៀល​។ ហើយ​រយៈពេល​ដូចគ្នានេះ លោក លី​ហ៊ួ អះអាងថា ខ្លួន​អាច​ចំណ​ញ​បាន​ប្រាក់​ប្រមាណ​៧​ពាន់​ដុល្លារ ពី​ការ​ភ្ញាស់​កូន​កង្កែប​លក់​នេះ​៕
 
 


 
 
 

Tag:
 ​វារីវប្បកម្ម​
 ​ចិញ្ចឹម​កង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com