អន្តរជាតិ
ប្រធានាធិបតី​អាមេរិក​ប៉ុន្មាន​នាក់​ដែល​ដឹកនាំ​បាន​ត្រឹម​មួយ​អាណត្តិ​?
30, Dec 2020 , 7:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកចុងក្រោយ ឬទី១១ ដែលបរាជ័យរក្សាកៅអីអាណត្តិទី២
លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកចុងក្រោយ ឬទី១១ ដែលបរាជ័យរក្សាកៅអីអាណត្តិទី២
ដោយ:
​ការិយាល័យ​ប្រធានាធិបតី​អាមេរិក ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៧៨៩ ហើយ​ក្នុងនោះ​មានតែ​១០​នាក់​ប៉ុណ្ណោះ​ដែល​ពុំ​អាច​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​បាន​សម្រាប់​អាណត្តិ​ទី​២​។ តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធានាធិបតី​កាន់តំណែង​បានតែ​២​អាណត្តិ​ប៉ុណ្ណោះ ហើយ​មួយ​អាណត្តិ​ស្មើ​៤​ឆ្នាំ​។ លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ចុងក្រោយ ឬ​ទី​១១ ដែល​មិនអាច​រក្សា​កៅអី​អាណត្តិ​ទី​២​។

 
​ខាងក្រោម ជា​ប្រធានាធិបតី​អាមេរិក ដែល​ជួប​ពិសោធន៍​ដូចគ្នានេះ​។​
 
១. John Adams 

​ប្រធានាធិបតី​អាមេរិក​ដំបូង ដែល​មិនអាច​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​សម្រាប់​អាណត្តិ​ទី​២ គឺជា​លោក John Adams ហើយក៏​ធ្លាប់​កាន់តំណែង​ជា​អនុ​ប្រ​ធានា​ធីប​តី​អាមេរិក​ទីមួយ​ផងដែរ​។ នៅពេល​តំណែង​ប្រធានាធិបតី ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៧៨៩ លោក George Washington គឺជា​មនុស្ស​ទីមួយ​ដែលមាន​គ្រង​តំណែង​កំពូល​នេះ ហើយ​មាន​លោក Adam ជា​អនុ​ប្រធានាធិបតី​។​
 
​ក្រោយ​លោក Washigton បញ្ចប់​អាណត្តិ​ទី​២ លោក Adams បាន​ចូល​ប្រជែង​យក​តំណែង​នេះ ហើយ​ទទួលជោគជ័យ​នៅ​ទីបំផុត​។ ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី លោក Adams បានធ្វើ​សង្គ្រាម​មួយ​ហៅថា «Quasi-war» ជាមួយ​បារាំង ក្រោយ​មាន​ប៉ះទង្គិច​គ្នា​លើ​ដែនទឹក​អាមេរិក​។ លោក​បាន​ចាញ់​ការបោះឆ្នោត​ទល់នឹង​លោក Thomas Jefferson ដែលជា​ប្រធានាធិបតី​ទី​៣​របស់​អាមេរិក​។​
 
២. John Quincy Adams

​ត្រកូល Adams ម្នាក់​ទៀតហើយ ពុំ​អាច​រក្សា​កៅអី​ប្រធានាធិបតី​អាណត្តិ​ទី​២​របស់ខ្លួន​។  លោក John Quincy Adams ជា​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​ទី​២​របស់​អាមេរិក ហើយក៏​ជា​បុរស​ទី​៦​ដែល​គ្រង​តំណែង​នេះ​ផងដែរ​។ 
 
​អំឡុង​អាណត្តិ​លោក​ជា​ប្រធានាធិបតី វា​មានកា​ប្រេះឆា​ផ្ទៃក្នុង​បក្ស​លោក ក៏​ដូច​ក្នុង​បក្ស​ធំៗ​ទាំងពី​របស់​អាមេរិក ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​លោក​ពិបាក​ក្នុងការ​ដឹកនាំ​ប្រទេស​។ ទីបំផុត បក្ស​លោក​បែកបាក់​ជា​ពីរ ក្រោយ​លោក Adams ចាញ់ឆ្នោត ដោយ​មួយ​ក្លាយជា​បក្ស​ប្រជាធិបតេយ្យ និង​មួយទៀត ហៅថា បក្ស Whig ។​
 
៣. Martin Van Buren 

​លោក Martin Van Buren ដែលជា​ស្ថា​និក​បក្ស​ប្រជាធិបតេយ្យ បាន​ក្លាយជា​ប្រធានាធិបតី​ទី​៨​អាមេរិក ក្រោយ​យកឈ្នះ​លោក​ប្រធានាធិបតី Andrew Jackson ។ លោក​ជា​ប្រធានាធិបតី​បន្ទាប់​ដែល​បរាជ័យ​ការបោះឆ្នោត​ឡើងវិញ​សម្រាប់​អាណត្តិ​ទី​២ ក្នុង​ឆ្នាំ​១៨៤០​។ 
 
៤. លោក Grover Cleveland 

​លោក Grover Cleveland ជា​មនុស្ស​ទីមួយ​ដែល​បង្ហាញ​ការ​ចាញ់​ការបោះឆ្នោត មិនអាច​រារាំង​អ្នក​ពី​ការ​ឈោង​ចាប់​អាណត្តិ​ប្រធានាធិបតី​ទី​២​ឡើយ​។ លោក Cleveland ជា​ប្រធានាធិបតី​ទី​២២ និង​ទី​២៤​របស់​សហរដ្ឋអាមេរិក ក្រោយ​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​១៨៨៤ និង​ឆ្នាំ​១៨៩២​។ 
 
​លោក Cleveland មកពី​បក្ស​ប្រជាធិបតេយ្យ បានឈ្នះ​សន្លឹកឆ្នោត​ពលរដ្ឋ (popular vote) ក្នុង​ឆ្នាំ​១៨៨៨ តែ​ចាញ់​ការបោះឆ្នោត​ជាមួយ​លោក Benjamin Harrison ដែលជា​ប្រធានាធិបតី​ទី​២៣​។ ក្នុង​ឆ្នាំ​១៨៩២ លោក Cleveland បានឈ្នះ​តំណែង​ប្រធានាធិបតី​មកវិញ ហើយ​ធ្វើ​ឲ្យ​លោក Harrison ក្លាយជា​ប្រធានាធិបតី​ទី​៥ ដែល​បរាជ័យ​រក្សា​កៅអី​អាណត្តិ​ទី​២​។​
 
៥. លោក Benjamin Harrison
​លោក Harrison ជាប់ឆ្នោត​ក្លាយជា​ប្រ​ធានា​ធិ​ប​តទី​២៣ ក្នុង​ឆ្នាំ​១៨៨៨ ក្រោយ​ឈ្នះ​ប្រធានាធិបតី​អាមេរិក Grover Cleveland​។ លោក​កាន់តំណែង​នេះ​បាន​តែមួយ​អាណត្តិ​ប៉ុណ្ណោះ​រហូតដល់​ឆ្នាំ​១៨៩៣ ក្រោយ​ចាញ់​លោក Cleveland វិញ​។ 
 
៦. លោក William Howard Taft

​លោក William Howard Taft ជា​ប្រធានាធិបតី​អាមេរិក​បន្ទាប់ ដែល​បរាជ័យ​រក្សា​តំណែង​អាណត្តិ​ទី​២​។ លោក Taft បក្ស​សាធារណរដ្ឋ គឹជា​មនុស្ស​តែមួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​កាន់​ទាំង​តំណែង​ប្រធានាធិបតី និង​ប្រធាន​ចៅ​ក្រុម​តុលាការ​កំពូល​អាមេរិក​។ 
 
​ក្នុង​តំណែង​ជា​ប្រធានាធិបតី លោក Taft បាន​អះអាងថា លោក​នឹងមិន​តែងតាំង​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ក្នុង​ការងារ​សហព័ន្ធ​។ លោក ត្រូវបាន​អ្នកប្រវត្តិសាស្ត្រ​ចាត់ទុកជា​ប្រធានាធិបតី​ដែល​គ្មាន​ស្នាដៃ​គួរ​ឲ្យ​កត់សម្គាល់​។ លោក​កាន់តំណែង​ពី​ឆ្នាំ​១៩០៩ ដល់​ឆ្នាំ​១៩១៣ និង​ចាញ់​ការបោះឆ្នោត​ជាមួយ​លោក Woodrow Wilson ដែលជា​ប្រធានាធិបតី​អាមេរិក​ទី​២៨​។​
 
៦. លោក Herbert Hoover

​លោក Herbert Hoover ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ក្នុង​ឆ្នាំ ១៩២៨ ហើយ​រដ្ឋបាល​លោក​ត្រូវ​ប្រឈម និង​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ក្រោយ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​ដួលរលំ​ក្នុង​ឆ្នាំ​១៩២៩​។ តំណែង​ប្រធានាធិបតី​លោក បាន​ហ៊ុម​ព័ន្ធ​ដោយ​វិបត្តិ​សេដ្ឋកិច្ច ហើយ​លោក​បាន​ត្រូវ​ចំណាយពេល​ស្ទើរ​មួយ​អាណត្តិ​៤​ឆ្នាំ​ពេញ ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ឲ្យ​ដើរ​ឡើងវិញ​។ 
 
​ខណៈ​សេដ្ឋកិច្ច​អាមេរិក មិនទាន់​ជាសះស្បើយ​ស្រួលបួល​ផង ការបោះឆ្នោត​ឆ្នាំ​១៩៣២ ក៏បាន​មកដល់ ហើយ​ទីបំផុត លោក​បាន​ចាញ់ឆ្នោត​ជាមួយ​លោក Franklin D Roosevelt ដែលជា​ប្រធានាធិបតី​អាមេរិក​ទី​៣២ ។ 
 
៧. លោក Gerald Ford 

​លោក Gerald Ford ជា​ករណី​ពិសេស​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បោះឆ្នោត​អាមេរិក​។ នោះ​ក៏​ព្រោះតែ​លោក​ត្រឹមតែ​បរាជ័យ​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​ទេ ប៉ុន្តែ​លោក​ក៏​មិន​ធ្លាប់​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ផងដែរ​។ 
 
​លោក Ford បក្ស​សាធារណរដ្ឋ បាន​ឡើង​ធ្វើជា​ប្រធានាធិបតី​អាមេរិក ក្រោយ​លោក Richard Nixon បាន​លាលែង​ពី​តំណែង ក្រោយ​រឿងអាស្រូវ Watergate ។ លោក Ford ដែលជា​ប្រធានាធិបតី​អាមេរិក​ទី ៣៨ បាន​កាន់តំណែង​ពី​ឆ្នាំ​១៩៧៤​ដល់​ឆ្នាំ​១៩៧៧​។  
 
៨. លោក Jimmy Carter
 
​លោក Jimmy Carter បាន​យកឈ្នះ​លោក Ford ក្នុងការ​បោះឆ្នោត​ឆ្នាំ​១៩៧៦​។ ចំណែក លោក Carter បក្ស​ប្រជាធិបតេយ្យ បាន​កាន់តំណែង​ពី​ឆ្នាំ ១៩៧៧ ដល់​ឆ្នាំ​១៩៨១ តែ​ចាញ់​ការបោះឆ្នោត​ឆ្នាំ​១៩៨០​ជាមួយ​លោក Ronald Reagan ។ 
 
៩. លោក George H W Bush 

​លោក George H W Bush ដែល​ធ្លាប់​កាន់តំណែង​ជានា​យក​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក (CIA) ពី​ឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៨០ ជា​ប្រធានាធិបតី​អាមេរិក​ទី​៤១ ។ បន្ទាប់មក លោក​បាន​កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​របស់លោក Reagan ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៩​។ 
 
​លោក Bush កាន់តំណែង​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ ១៩៩៣ នៅពេល​លោក​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជាមួយ​លោក Bill Clinton ក្នុងការ​បោះឆ្នោត​ឆ្នាំ​១៩៩២​។ ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី លោក​បាន​ចូលរួម​ក្នុង​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក​។ 
 
​ផ្ទុយ​ពី​ឪពុក លោក George W Bush ដែលជា​កូនប្រុស​របស់​ប្រធានាធិបតី​ទី​៤១ បាន​ជាប់ឆ្នោត​ក្នុង​ឆ្នាំ​២០០០ ហើយ​កាន់តំណែង​ជា​ប្រធានាធិបតី​២​អាណត្តិ​ពេញ​។ អ្នក​ស្នង​តំណែង​ត​ពី​លោក គឺ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ទី​៤៤ ហើយ​បញ្ចប់​២​អាណត្តិ​ដូចគ្នា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com