ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ មរតកមនុស្សរស់បានចែកឋានចំនួន២រូប ក្នុងនោះមានព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន ដែលមានចំណេះដឹងខ្ពស់ក្នុងព្រះពុទ្ធសាសនា និងព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ជាពិសេសព្រឹទ្ធាចារ្យស្ទាត់ខាងផលិតនិងសម្ដែង។
ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ទាំងខាងព្រះពុទ្ធសាសនា អក្សរសាស្ត្រ អក្សរសិល្ប៍ និងសិល្បៈ នៅមានជន្មាយុតែ៩រូបប៉ុណ្ណោះ។ ដោយឡែកក្នុងឆ្នាំ២០២០ មរតកមនុស្ស២រូប បានទទួលមរណភាព ក្នុងខែកក្កដាដូចគ្នា។
ព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលជាមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
នាដកោសល្យវដ្ដី ព្រីង សាឃន ចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។ ព្រឹទ្ធាចារ្យ បានសម្ដែងជាតួ តាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ រួមទាំងក្នុងទម្រង់សិល្បៈល្ខោនយីកេរ។ ក្រៅពីនោះលោកព្រឹទ្ធាចារ្យ ក៏មានទេពកោសល្យលើទម្រង់របាំ ភាពយន្ត និងទម្រង់ល្ខោននានាជាច្រើនទៀតដែរ។ នាដកោសល្យវដ្ដី ព្រីង សាឃន បានផ្ទេរចំណេះខាងទ្រឹស្ដី ខាងផលិត និងសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ព្រីង សាឃន បានទទួលគោរមងារថ្នាក់ជាតិ ជានាដកោសល្យវដ្ដី ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រឹទ្ធារ្យ ដែលជាមរតកមនុស្សរស់ ១៦អង្គ និងរូបផ្សេងទៀត កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ។
បើតាមអ្នកស្រី អ៊ឹម សុវណ្ណ ដែលត្រូវជាភរិយារបស់ព្រឹទ្ធាចារ្យ ព្រីង សាឃន បានប្រាប់សារព័ត៌មានថ្មីៗថា លោកព្រឹទ្ធាចារ្យទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដែលអាយុនេះ ខុសគ្នាជាមួយឯកសារក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន-នារី មរតកមនុស្សរស់ ដែលក្រសួងវប្បធម៌បានចងក្រង។
ខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេបរបស់មរតកមនុស្សរស់ ព្រីង សាឃន ដែលស្រង់ចេញពីបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន~នារី មរតកមនុស្សរស់៖
ព្រឹទ្ធាចារ្យ ព្រីង សាឃន កើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ នៅភូមិតាម៉ុល ឃុំព្រែកតំបូល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុកនាម ចក់ ព្រីង មុខរបរធ្វើចម្ការ និងជាជាងកាត់សក់។ អ្នកម្ដាយនាម សំ នាង មុខរបរធ្វើកម្ការ និង តម្បាញអំបោះ។
ប្រពន្ធរបស់លោកព្រឹទ្ធាចារ្យនាម អ៊ឹម សុវណ្ណ មុខរបរសព្វថ្ងៃ និវត្តជន។ លោកមានកូន៣នាក់ ដោយកូនប្រុសច្បងទី១ឈ្មោះ ព្រីង ចាន់នី មុខរបរកម្មករ។ កូនស្រីទី២ឈ្មោះ ព្រីង សុខាណារិទ្ធ មុខរបរសព្វថ្ងៃ ជាកម្មករ-សិល្បការិនី។ កូនស្រីទី៣ឈ្មោះ ព្រីង សុភា (សុចិន្តា) មុខរបរសព្វថ្ងៃសិល្បការិនីមហាជន។
លោក ព្រឹទ្ធាចារ្យ រៀនសាលាចំណេះទូទៅថ្នាក់ក្រោយបង្អស់ បញ្ចប់វិញ្ញាបនប័ត្របឋមសិក្សាឆ្នាំ១៩៥៦។ ជំនាញដែលលោកបានរៀននៅសាលា ចេះចាំស្ទាត់ជាងគេ គឺល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។ មុខតំណែងដែលលោកធ្លាប់បានទទួល ទាំងក្នុងការងាររដ្ឋ និងការងារក្នុងក្រុមជំនាញ គឺជាតួសម្ដែង រហូតដល់ថ្ងៃចូលនិវត្ត។
សម្រាប់ជោគជ័យ និងបទពិសោធន៍ទាក់ទងនឹងបេតិកភណ្ឌអរូបី គឺលោកបានសម្ដែងជាតួតាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ.....។ លោកបានផ្ទេរចំណេះខាងទ្រឹស្ដី ខាងការផលិត និងការសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។ មរតកមនុស្សរស់ ព្រីង សាឃន បានទទួលគ្រឿងឥស្សរិយសធំៗចំនួន៣ និងក្លាយជាវីរៈសិល្បករនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០០។
នៅក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន-នារី មរតកមនុស្សរស់ ព្រឹទ្ធាចារ្យ ព្រីង សាឃន បានបញ្ជាក់ថា មូលហេតុដែលលោកចង់ចូលជាប្រព័ន្ធមរតកមនុស្សរស់ ក៏ដើម្បីរួមចំណែកថែរក្សាកេរមរតកវប្បធម៌ជាតិ ក៏ដូចជារួមចំណែកបង្រៀនដល់អ្នកជំនាន់ក្រោយ។
ចំណែកព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជាធម្មគរុ បានទទួលមរណភាព កាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៣:២០នារី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។ ព្រឹទ្ធាចារ្យវិជ្ជាធម្មគរុ ទេព ផុន ជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ។ មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើតនៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៤១។ នេះបើតាមឯកសារ ជីវប្រវត្តិសង្ខេបរបស់បេក្ខជន “មរតកមនុស្សរស់” ដែលចងក្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រូប២
ព្រឹទ្ធាចារ្យ ទេព ផុន មានចំណេះដឹងចេះចាំស្ទាត់ ខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។ ជាពិសេសឯកទេសជំនាញខាងការបង្រៀនមានបទពិសោធច្រើន ព្រមទាំងមានជំនាញប្រៀបធៀប(ទស្សនវិជ្ជា និងពុទ្ធសាសនា)។ លោកព្រឹទ្ធាចារ្យក៏មានជំនាញស្ទាត់ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ មានពុទ្ធវិន័យ ពុទ្ធសាសនា និងសាសនាប្រៀបធៀប ។ល។
ការផ្ទេរចំណេះដឹងខាងទ្រឹស្ដី លើមុខវិជ្ជាខាងព្រះពុទ្ធសាសនា មានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា បំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ពុទ្ធឱវាទ ដល់សប្បុរសជនទូទៅ ជាពិសេសចំពោះសមណសិស្សដែលរៀនសូត្រក្នុងថ្នាក់ ព្រះត្រៃបិដកទាំង៣ ដែលជាប្រភពនៃទ្រឹស្ដី ក្នុងព្រះពុទ្ធសាសនា។
ព្រឹទ្ធាចារ្យបានរៀបរៀងផ្ទាល់ដៃនូវសៀវភៅ ព្រះពុទ្ធឱវាទសង្ខេប៣យ៉ាង សៀវភៅប្រវត្តិពុទ្ធសាសនាសង្ខេប សៀវភៅឯកសារពុទ្ធសាសនាសង្ខេប និងសៀវភៅពុទ្ធប្បវត្តិសង្ខេប (សម្រាប់គរុកោសល្យ) ព្រមទាំងមានសៀវភៅជាច្រើនទៀត។
គិតត្រឹមឆ្នាំ២០២០ មរតកមនុស្សរស់នៅមានជន្មាយុតែ៩រូបប៉ុណ្ណោះ គឺ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត។ ព្រឹទ្ធាចារ្យ ជេត ចន គោរមងារជាទេពនិម្មិតវិចិត្រ។ ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារជាទេពវនាដនិម្មិត។ ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជាកោសល្យវោហារ។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជាវោហាកោសល្យវដ្ដី។ ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន គោរមងារជាគរុពហុស្សូត។ ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ។ ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្យវិជ្ជា។ និងព្រឹទ្ធាចារ្យ ជា ហ៊ា គោរមងារជានាដកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យទាំង៩រូបនេះ ភាគច្រើនកាន់តែមានជន្មាយុជរាណាស់ទៅហើយ។
សូមបញ្ជាក់ថា បុគ្គលដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឱ្យស្ថិតក្នុងប្រព័ន្ធមរតកមនុស្សរស់ ត្រូវតែមានទេពកោសល្យល្អឯកផ្ដាច់គេ លើចំណេះ ជំនាញ និងបច្ចេកទេស ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ ត្រូវជាបុគ្គលដែលមានអត្តចរិតល្អ មានសណ្ដានចិត្តទូលាយ និងស្មោះត្រង់ ក្នុងការចែករំលែកចំណេះ ជំនាញដែលខ្លួនមាន ទៅឱ្យអ្នកជំនាន់ក្រោយ ដោយមិនលាក់លៀម។ មរតកមនុស្សរស់ មានក្រមសីលធម៌របស់ខ្លួន ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕