អន្តរជាតិ
អាជ្ញាធរ​រុស្ស៊ី ប្រាប់​អ្នកនយោបាយ​ប្រឆាំង Navalny ឲ្យ​ចូល​ស្រុក​វិញ បើ​មិន​ចង់​ជាប់គុក​
29, Dec 2020 , 8:29 pm        
រូបភាព
អ្នកប្រឆាំងរដ្ឋាភិបាលរុស្ស៊ី Alexei Navalny។ រូបភាព៖AP
អ្នកប្រឆាំងរដ្ឋាភិបាលរុស្ស៊ី Alexei Navalny។ រូបភាព៖AP
ដោយ:
​នៅ​ថ្ងៃទី​២៨ ខែធ្នូ អាជ្ញាធរ​ពន្ធនាគារ​រុស្ស៊ី បាន​ប្រាប់​មេដឹកនាំ​ប្រឆាំង​លោក Alexei Navalny ឲ្យ​ត្រឡប់មក​រុស្ស៊ី​វិញ ដើម្បី​បង្ហាញខ្លួន បើ​មិន​ចង់​ឲ្យ​លក្ខខណ្ឌ​ការព្យួរទោស​របស់លោក​ត្រូវបាន​លុបចោល​ទេនោះ ។ លោក Navalny ដែល​ត្រូវគេ​បំពុល​ក្នុង​ខែសីហា និង​បញ្ជូនមក​ព្យាបាល​នៅ​អាល្លឺម៉ង់ ហើយ​បន្ត​ស្នាក់នៅ​ទីនោះ​ដល់​សព្វថ្ងៃ​។​

 
​លោក Alexei Navalny កំពុងស្នាក់នៅ​អាល្លឺម៉ង់ ក្រោយ​ទទួល​ការព្យាបាល​ក្នុង​មន្ទីរពេទ្យក្រុង​ប៊ែ​រ​ឡាំង​។ អ្នកប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី​រូបនេះ ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​ទៅ​អាល្លឺម៉ង់​ក្រោយ​ធ្លាក់ខ្លួន​ឈឺ​និង​បាត់បង់​ស្មារតី ដោយ​ការបំពុល​ដោយសារ​ធាតុគីមី Novichok ។ នេះ​បើ​យោងតាម​ទូរទស្សន៍ CNN ។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៨ ធ្នូ អាជ្ញាធរ​ពន្ធ​នាគរ​រុស្ស៊ី និយាយថា ការណ៍​ដែល​លោក Navalny បន្ត​នៅ​អាល្លឺម៉ង់​ក្រោយ​ជា​ជំងឺ ជាការ​បំពាន​ទៅនឹង​បញ្ញត្តិ​ស្តីពី​ការព្យួរទោស​។ លោក Navalny ត្រូវបាន​តុលាការ​កាត់ទោស​នៅ​ឆ្នាំ​២០១៤ ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ពីបទ​លួច​បន្លំ​ទឹកប្រាក់​៥​សែន​ដុល្លារ​។ ក្រោយពេល​ធ្លាក់ខ្លួន​ឈឺ អគ្គ​រដ្ឋអាជ្ញារ​រុស្ស៊ី​អនុញ្ញាត​ឲ្យ​លោក Navalny ចាក​ចេញទៅ​អាល្លឺម៉ង់ ដើម្បី​ព្យាបាល​ខ្លួន​ដែល​ត្រូវ​បំពុល​។​
 
«​ផ្អែកលើ​ការផ្សាយ​របស់​ទស្សន​វ​ត្តី​វិទ្យាសាស្ត្រ (Lancet) លោក Navalny ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​២០ ខែកញ្ញា ហើយ​នៅ​ថ្ងៃទី​១២ ខែតុលា រោគសញ្ញា​នៃ​ជំងឺ​របស់លោក​លែងមាន​ទៀតហើយ​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​ពន្ធនាគារ​រុស្ស៊ី ដោយ​បន្តថា​លោក Navalny មិនបាន​បំពេញ​កាតព្វកិច្ច​ចែង​ឡើង​ដោយ​តុលាការ និង​គេចខ្លួន​មិន​ឲ្យ​មានការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ ដោយ​បន្ត​ស្នាក់នៅ​អាល្លឺម៉ង់​ក្រោយ​សះស្បើយ​។​
 
​អាជ្ញាធរ​បន្ថែមថា លោក Navalany ត្រូវ​មក​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អាជ្ញាធរ​រុស្ស៊ី បើ​ពុំ​ដូច្នេះ​ទេ ការព្យួរទោស​របស់លោក​នឹងត្រូវ​លុបចោល ដោយ​ត្រូវអនុវត្ត​ទោស​ជាក់ស្តែង​តែម្តង​។ មេធាវី​របស់​មេដឹកនាំ​ប្រឆាំង​រូបនេះ បង្ហោះ​សំណេរ​តាម​បណ្តាញ​សង្គម Twitter ថា លោក​បានទទួល​បញ្ជា​ពី​អាជ្ញាធរ​រុស្ស៊ី ដែល​តម្រូវ​ឲ្យ​អ្នកប្រឆាំង​រដ្ឋាភិបាល​រូបនេះ​បង្ហាញខ្លួន​នៅ​ម៉ោង​៩ យប់ ថ្ងៃទី​២៩ ធ្នូ​។​
 
​លោក Navalny ក៏​ប្រតិកម្ម​វិញ​ដែរ​។ លោក Navalny សរសេរ​ឌឺដង​តាម​បណ្តាញ​សង្គម Instagram បាន​និយាយថា​៖«​ពេលនេះ​លោកពូ​ទីន​កំពុងតែ​ស្រែក​ច្រឡោត និង​សួរថា​ហេតុអ្វី Navalny មិន​ស្លាប់​? ហើយ​បើ Navalny មិន​ស្លាប់ យើង​ត្រូវតែ​ចាប់​ដាក់គុក​»​។ 
 
​ដូចគ្នានេះដែរ​លោកស្រី Kira Yarmysh អ្នកនាំពាក្យ​លោក​Navalny និយាយថា វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​អាជ្ញាធរ​ពន្ធនាគារ​រុស្ស៊ី​ដឹងថា លោក​កំពុង​នៅ​អាល្លឺម៉ង់ និង​ចេញ​បញ្ជា​នៅ​ថ្ងៃទី​២៨ ធ្នូ​ឲ្យ​រូបលោក​ទៅ​បង្ហាញខ្លួន​នៅ​ថ្ងៃទី​២៩ ខែធ្នូ​។​
 
​ចំពោះ​ការបំពុល​អ្នកប្រឆាំងរ​ដ្ឋា​ភិ​បាល​នេះ សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១៣ ខែតុលា សហភាព​អឺរ៉ុប បានអនុម័ត​ទណ្ឌកម្ម​លើ​មនុស្ស​៦​នាក់ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។ ការស៊ើបអង្កេត​ដោយសារ​ព័ត៌មាន​CNN និង​Bellingcat លើកឡើងថា ក្រុមការងារ​ដាក់​ថ្នាំ​បំពុល​របស់​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី (FSB) ដែលមាន​គ្នា​ពី​៦ ទៅ​១០ នាក់ បាន​ព្យ​យាម​តាម​ដាក់​ថ្នាំ​បំពុល​លើ​លោក​Navalny រយៈពេល​ជាង​៣​ឆ្នាំ មុននឹង​លោក​ត្រូវ​រង​សារធាតុពុល​នេះ​ក្នុង​ខែសីហា​៕
 
 
 
 

Tag:
 ​រុស្ស៊ី​
 ​អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com