អន្តរជាតិ
ឧក្រិដ្ឋកម្ម​សង្គ្រាមលោក​លើក​ទី​២៖ ការបង្កើត​អង្គជំនុំជម្រះ​នូ​រេ​ម​ប៊ឺ​ក​
30, Dec 2020 , 8:59 pm        
រូបភាព
ចៅក្រមសូវៀត អង់គ្លេស អាមេរិក និងបារាំង (ឆ្វេងទៅស្តាំ)។រូបភាព៖Nuremberg Municipal Archives
ចៅក្រមសូវៀត អង់គ្លេស អាមេរិក និងបារាំង (ឆ្វេងទៅស្តាំ)។រូបភាព៖Nuremberg Municipal Archives
ដោយ:
​ការកាត់ទោស​ឧក្រិដ្ឋជន​នា​សម័យ​សង្គ្រាមលោកលើកទី​ពីរ ត្រូវបាន​គិតគូ​តាំងតែ​ពី​ពេល​ស​ង្គ្រា​មិនទាន់​បញ្ចប់​មកម្ល៉េះ​។ ថ្នាក់ដឹកនាំ​អាមេរិក អង់គ្លេស និង​សូ​វៀតបាន​ជួបគ្នា​នៅ​ទីក្រុង​មូ​ស្គូ​ក្នុង​ឆ្នាំ​១៩៤៣ ហើយ​បាន​ស្រុះស្រួល​គ្នា​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ឧក្រិដ្ឋជន​នៃ​សង្គ្រាមលោកលើកទី​២ ចំពោះ​បទល្មើស​ដែល​ប្រព្រឹត្តឡើង​មិន​ថា​នៅទីណា និង​ដោយ​បុគ្គល​ណា​ឡើយ ។​

 
​នា​ជំនួប​មូ​ស្គូ អង់គ្លេស​យល់ព្រម​តាម​សូ​វៀត និង​អាមេរិក ថា​ការដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​គួរ​ធ្វើឡើង​តាមរយៈ​ការកាត់ក្តី​ជាជាង​ការសម្លាប់​ភ្លាមៗ​ដោយ​គ្មាន​ការកាត់ទោស​ដោយ​យុត្តិធម៌​ត្រឹមត្រូវ ក៏ដូចជា​ដើម្បី​រក្សា​ឯកសារ​ផងដែរ​។ ជា​លទ្ធផល បារាំង អង់គ្លេស អាមេរិក និង​សូ​វៀតបាន​ជួបគ្នា​នៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ព្រាង​ធម្មនុញ្ញ​នៃ​អង្គជំនុំជម្រះ​មួយ​ដើម្បី​កាត់ទោស​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់​ក្រោយពេល​ចាញ់​សង្គ្រាម​។ 
 
​ការចចារ​រវាង​ប្រទេស​ទាំង​៤​មាន​សភាព​តឹងតែង ជាពិសេស​រវាង​សូ​វៀត និង​អាមេរិក​ជុំវិញ​គោលបំណង​នៃ​តុលាការ​នេះ​។ សម្រាប់​សូ​វៀត​អង្គជំនុំជម្រះ​នេះ គឺ​បង្កើតឡើង ដើម្បី​ដាក់ទោស​ជនជាប់ចោទ ដោយ​សន្ម​ត់​ទុកជាមុន​ថា​ជនជាប់ចោទ​មាន​ពិរុទ្ធ​រួចទៅហើយ ប៉ុន្តែ​ការលើកឡើង​នេះ​ត្រូវបាន​អាមេរិក​មិន​ទទួលយក​ជាដាច់ខាត​។ 
 
​បន្ថែម​ពីនេះ ក៏មាន​បញ្ហា​នីតិវិធី​ផងដែរ​ដ្បិត​អី​អាមេរិក និង​អង់គ្លេស​ប្រកាន់យក​ប្រព័ន្ធ Common Law ចំណែក​បារាំង និង​សូ​វៀត​ប្រកាន់យក​ប្រព័ន្ធ​ច្បាប់ Civil Law​។ យ៉ាងណាក្តី ប្រទេស​ទាំង​៤​បាន​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ​ក្រុង​ឡុង​ដ៍​ស្តីពី​ការបង្កើត​តុលាការ​នេះ នៅ​ថ្ងៃទី​៨ សីហា ១៩៤៥​។​
 
តំណាង​អាមេរិក សូ​វៀត បារាំង អង់គ្លេស ក្នុងការ​ពិភាក្សា​ធម្មនុញ្ញ​ទីក្រុង​ឡុង​ដ៍​ស្តីពី​ការបង្កើត​អង្គជំនុំជម្រះ​។ រូបភាព​៖ Robert H Jackson Center

​អង្គជំនុំជម្រះ​នេះ​មាន​ចៅក្រម​ចំនួន​៨​រូប ដោយមាន​ចៅក្រម​ចម្បង​ចំនួន​៤ ដែល​មក​មួយរូបៗ​មកពី​បារាំង អង់គ្លេស អាមេរិក និង​សូ​វៀត និង​ចៅក្រម​បម្រុង​៤​រូប​ផ្សេងទៀត​។ ប្រធាន​នៃ​តុលាកា​នេះ​ចៅក្រម Geoffrey Lawrence របស់​អង់គ្លេស​។ បន្ថែម​ពីនេះ​ប្រទេស​ទាំង​៤ ក៏មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អគ្គរ​ដ្ឋ​អាជ្ញា​របស់ខ្លួន​ផងដែរ ចំណែកឯ​ជនជាប់ចោទ​មួយ​ភាគ​ធំ​តំណាង​ដោយ​មេធាវី​អាល្លឺម៉ង់​។​
 
​យោងតាម​មាត្រា​៦ អង្គជំនុំជម្រះ​មាន​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​ចំនួន​៣ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព​(​ឧក្រិដ្ឋកម្ម​ឈ្លានពាន​) ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ បទចោទប្រកាន់​មាន​៤ ដោយ​ទី​១ គឺ​ការ​សមគំនិត​ក្នុងការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែល​ចែង​ក្នុង​មាត្រា​៦​ខាងលើ ដែល​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋអាជ្ញា​អាមេរិក ឯ​ទី​២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព ដែល​ទទួលខុសត្រូវ​ដោយ​រដ្ឋអាជ្ញា​អង់គ្លេស​។ 
 
​បទ​ចោទ​ទី​៣ គឺ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ទី​៤​គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដោយ​បទឧក្រិដ្ឋ​ដែល​កើតឡើង​នៅ​អឺរ៉ុប​ខាងលិច ជាការ​ទទួលខុសត្រូវ​របស់​រដ្ឋអាជ្ញា​បារាំង និង​នៅ​អឺរ៉ុប​ខាងកើត​ជាការ​ទទួលខុសត្រូវ​របស់​រដ្ឋអាជ្ញា​សូ​វៀត​។ ក្រៅពីនេះ ក៏មាន​ការកាត់ទោស​ផងដែរ​នូវ​អង្គ​ការដែល​ប្រព្រឹត្ត​បទល្មើស​ចំនួន​៦​ផងដែរ​។​
 
​បទចោទប្រកាន់​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​អង្គជំនុំជម្រះ​នៅ​ថ្ងៃទី​១០ ខែតុលា ១៩៤៥ ក្រោយមក​អង្គជំនុំជម្រះ​នេះ​បានមក​បោះ​ទីតាំងនៅ​ក្រុង​នូ​រេ​ម​ប៊ឺ​ក​។ ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ជ្រើសរើស​ក្រុង​នូ​រេ​ម​ប៊ឺ​ក ដោយសារតែ​ក្រុង​នេះ​មាន​វិមាន​យុត្តិធម៌​សម្រាប់​កាត់ក្តី​រួចជាស្រេច និង​ពុំ​សូវ​ខូចខាត​ខ្លាំង​ដោយ​សង្គ្រាម​។ នូ​រេ​ម​ប៊ឺ​ក ក៏​ជា​ធ្លាប់ជា​បេះដូង​នៃ​បក្ស​ណា​ស៊ី និង​កន្លែង​ដែល​ច្បាប់​រើ​ង​អើ​ង​ជនជាតិ​ជ្វី​ហ្វ​ត្រូវបាន​អនុម័ត​ផងដែរ​។ 
 
​ដូច្នេះហើយ ការកាត់ទោស​ថ្នាក់ដឹកនាំ​ណា​ស៊ី​អាល្លឺម៉ង់​នៅ​ក្រុង​ដែល​បក្ស​នេះ​ចាប់កំណើត ជាការ​បង្ហាញ​សារ​នៃ​ការ​រលាយ​សាបសូន្យ​ទៅ​នៃ​បក្ស និង​លទ្ធិ​ណា​ស៊ី​។ អង្គជំនុំជម្រះ​នេះ មានឈ្មោះ​ជា​ផ្លូវការ​ថា «​អង្គជំនុំជម្រះ​យោធា​អន្តរជាតិ​នៅ​នូ​រេ​ម​ប៊ឺ​ក​» ហើយ​ដែល​ត្រូវ​ស្គាល់​ជាទូទៅ​ថា អង្គជំនុំជម្រះ​នូ​រេ​ម​ប៊ឺ​ក​។​
 
ទាហាន​អាល្លឺម៉ង់ ក្នុងការ​ជួបជុំ​របស់​បក្ស​ណា​ស៊ី​នៅ​ក្រុង​នូ​រេ​ម​ប៊ឺ​ក​។ រូបភាព​៖DW

​ជនជាប់ចោទ​ចំនួន​២៤​នាក់ ត្រូវបាន​នាំយកទៅ​កាត់ទោស ប៉ុន្តែ​មានតែ​២២​នាក់​ប៉ុណ្ណោះ (​ម្នាក់​កាត់ទោស​ដោយ​កំបាំងមុខ​) ដែល​ត្រូវបាន​កាត់ក្តី​ក្នុង​សវនាការ ព្រោះ​មាន​ម្នាក់​មាន​សតិ​មិន​គ្រប់ និង​ម្នាក់ទៀត​សម្លាប់ខ្លួន ។ ជន​ជាប់​ចោ​ទាំង​២២​នាក់​មាន​មេបញ្ជាការ​ទ័ពអាកាស មេបញ្ជាការ​ទ័ពជើងទឹក រដ្ឋមន្ត្រី​មហាផ្ទៃ រដ្ឋមន្ត្រី​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ទទួលបន្ទុក​គ្រឿង​សព្វាវុធ និង​ពលកម្ម រដ្ឋមន្ត្រីការបរទេស  មន្ត្រី​ក្រសួង​ឃោសនាការ ធនាគារិក អ្នក​ឧស្សាហកម្ម លេខា​បក្ស​ណា​ស៊ី មេដឹកនាំ​អង្គការ​យុវជន​បក្ស​ណា​ស៊ី និង​ថ្នាក់ដឹកនាំ​នយោបាយ យោធា ក៏ដូចជា​មន្ត្រី​បក្ស​ណា​ស៊ី​ក៏មាន​ឥទ្ធិពល​ផ្សេងទៀត​។​
 
​អង្គជំនុំជម្រះ​ដែល​ចំណាយពេល​អស់​១០​ខែ និង​សវនាការ​ចំនួន​៤០៣ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​១៩៤៦​។ សាលក្រម​របស់​អង្គជំនុំជម្រះ​រកឃើញថា ជនជាប់ចោទ​៣​នាក់​ត្រូវ​រួច​ទោស ៧​នាក់​ជាប់ទោស​ពី​១០​ឆ្នាំ ទៅមួយ​ជីវិត និង​ជនជាប់ចោទ​១២​រូប​ដែល​នៅ​សេសសល់​ត្រូវ​ប្រហារជីវិត​ដោយ​ព្យួ​ករ​។ អង្គ​ការដែល​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ក្នុងចំណោម​៦ ក៏ត្រូវ​រកឃើញថា​មានទោស​ដែរ ក្នុងនោះ​មាន​កងកម្លាំងប្រដាប់អាវុធ SA របស់​បក្ស​ណា​ស៊ី អគ្គបញ្ជាការ​កងទ័ព និង​គណៈរដ្ឋមន្ត្រី​។​
 
ជនជាប់ចោទ​ទាំង​២១​រូប នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​។ រូបភាព​៖AFP

​ក្រោយ​ការកាត់ទោស​ថ្នាក់ដឹកនាំ​គ្រាក់ៗ​ទាំង​២២​រូប ប្រទេស​ទាំង​បួន ក៏​បើកសវនាការ​ក្នុងស្រុក​រៀងៗ​ខ្លួន​ដើម្បី​ការកាត់ទោស​អ្នកពាក់ព័ន្ធ​មួយចំនួន​ចំពោះ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាំង​៣​ខាងលើ​។ អាមេរិក បាន​កាត់ទោស​ក្រុម​វេជ្ជបណ្ឌិត​អាល្លឺម៉ង់​២៣​រូប​ដែល​ធ្វើតេស្ត​វេជ្ជសាស្ត្រ​លើ​ខ្លួន​មនុស្ស  ចៅក្រម និង​មេធាវី​ក្នុង​របប​ណា​ស៊ី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បន្សុទ្ធ​ពូជសាសន៍ និង​អនុវត្ត​ច្បាប់​ដែល​រើសអើង​ពូជសាសន៍ ព្រមទាំង​កងកម្លាំង Einsatzgruppen ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ជ្វី​ហ្វ​។ ចំណែក​អង់គ្លេស បារាំង និង​សូ​វៀត​ក៏មាន​ការកាត់ទោស​ដែរ ដោយ​ការកាត់ទោស​នេះ​ផ្អែក​ខ្លះ​ដែរ​ទៅលើ​សាលក្រម​របស់​អង្គជំនុំជម្រះ​នូ​រេ​ម​ប៊ឺ​ក​។​
 
​ការកាត់ទោស​ឧក្រិដ្ឋជន​ដោយ​សាលាក្តី​នូ​រេ​ម​ប៊ឺ​ក ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការវិវត្ត​នៃ​ច្បាប់​អន្តរជាតិ​។ ជាក់ស្តែង រដ្ឋអាជ្ញា និង​ចៅក្រម ត្រូវ​ប្រឈម​ទៅនឹង​អំណះអំណាង​របស់​មេធាវី​ការពារ​ជនជាប់ចោទ​ចំពោះ​បទចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព​។ មេធាវី អះអាងថា​បទ​ចោទ​បំពាន​គោលការណ៍​គ្មាន​ច្បាប់ គ្មាន​បទល្មើស​(nullem crimen sine lege) ដូច្នេះ​ជនជាប់ចោទ​មិនអាច​ត្រូវបាន​កាត់ទោស​ឡើយ​។ 
 
​ជាការ​ឆ្លើយតប តុលាការ​អះអាង​ពី​ការអភិវឌ្ឍ​ច្បាប់​អន្តរជាតិ ដោយ​ពិនិត្យមើល​កិច្ចព្រមព្រៀង​ជាច្រើន ជាពិសេស​កតិកាសញ្ញា​ប៉ារីស​ឆ្នាំ​១៩២៨ (​កតិកាសញ្ញា​Kellogg-Briand) ដែល​អាល្លឺម៉ង់​ជា​ហត្ថលេខី​។ កតិកាសញ្ញា​ប៉ារីស លើកឡើង​ពី​ការបោះបង់​សង្គ្រាម ជា​ឧបករណ៍​នៃ​គោលនយោបាយ​ជាតិ ដោយ​រដ្ឋ​ភាគី​សន្យា​នឹងមិន​ប្រើប្រាស់​សង្គ្រាម​ក្នុងការ​ដោះស្រាយ​ជម្លោះ​។ ក្រោម​ហេតុផល​នេះ អង្គជំនុំជម្រះ​អះអាងថា សង្គ្រាម​ឈ្លានពាន​របស់​អាល្លឺម៉ង់ ត្រូវបាន​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​តាមរយៈ​ទម្លាប់​ច្បាប់​អន្តរជាតិ​។​
 
សាល​សវនាការ នៃ​អង្គជំនុំជម្រះ​នូ​រេ​ម​ប៊ឺ​ក​។ រូបភាព​៖AFP

​ការរួមចំណែក​មួយទៀត គឺ​ការបញ្ជាក់​ពី​ការទទួលខុសត្រូវ​ដោយផ្ទាល់​របស់​បុគ្គល​នៅ​ចំពោះមុខ​ច្បាប់​អន្តរជាតិ​។ សាលក្រម​របស់​តុលាការ​លើកឡើងថា បទឧក្រិដ្ឋ​ទល់នឹង​ច្បាប់​អន្តរជាតិ​ប្រព្រឹត្ត​ដោយ​បុគ្គល ហើយ​មានតែ​ការដាក់ទោស​បុគ្គល​នោះទេ ទើប​បញ្ញត្តិ​នៃ​ច្បាប់​អន្តរជាតិ​អាចអនុវត្ត​ទៅបាន​។​ចំណុច​មួយទៀត​គឺ សាលក្រម​នៃ​អង្គជំនុំជម្រះ​នេះ​រួមចំណែក​ក្នុងការ​ព្រាង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ ដែល​បាន​បើកផ្លូវ​ផ្តល់​សម្រាប់​អង្គជំនុំជម្រះ​តូ​ក្យូ​(១៩៤៦) អង្គជំនុំជម្រះ​ឧក្រិដ្ឋកម្ម​សម្រាប់​អតីត​រដ្ឋ​យូ​ហ្គោ​ស្លា​វី (១៩៩៣) និងរ​វ៉ាន់ដា (១៩៩៤)​។​
 
​មិន​អត់​ឡើយ​ការទិតៀន​ចំពោះ​ការកាត់ក្តី​នេះ​។ ទីមួយ គឺ​ភាពលម្អៀង​របស់​ចៅក្រម​ប្រឆាំង​ទៅនឹង​ជនជាប់ចោទ ចំណែកឯ​បទ​ចោទ​វិញ​ទៀតសោត​ត្រូវ​បានរៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ជនជាប់ចោទ​ត្រូវ​ជាប់ពិរុទ្ធ ខណៈ​ប្រទេស​ដែល​កាត់ទោស​អាល្លឺម៉ង់​ក៏​ប្រព្រឹត្ត​អំពើ​អ្វី​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។ បន្ថែម​ពីនេះ និយមន័យ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព និង​មនុស្សជាតិ ត្រូវបាន​តាក់តែងឡើង​ដោយ​ក្រុម​សម្ព័ន្ធមិត្ត ហើយ​ក្លាយទៅជា​ច្បាប់​ក្រោយពេល​បទល្មើស​កើតឡើង (ex post facto) ដែល​មិនគួរ​អនុវត្ត​បែប​ប្រតិសកម្ម​ឡើយ​។​
 
​ស្របពេល​ជាមួយគ្នានេះ ធនធាន​ដែល​ផ្តល់​ឲ្យ​មេធាវី​ជនជាប់ចោទ​មាន​ចំនួន​តិច ធៀប​ទៅនឹង​រដ្ឋអាជ្ញារ​។ មេធាវី​ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លើកឡើង​ពីបទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្តឡើង​ដោយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ផងដែរ​៕
 
 
 
 
 

Tag:
 ច្បាប់​អន្តរជាតិ​
 ​សង្គ្រាមលោកលើកទីពីរ
© រក្សាសិទ្ធិដោយ thmeythmey.com