ភ្នំពេញ៖ សហគ្រាសធុនតូន និងមធ្យម(SMEs) ចំនួន១២៥ស្ថាប័ន នឹងទទួលបានថវិកាជំនួយ និងការបណ្តុះបណ្តាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-COMMERCE) ពីក្រសួងពាណិជ្ជកម្ម។ ការបណ្តុះបណ្តាលនេះ មានរយៈពេល៦ខែ ដែលស្ថិតក្រោមការវិនិយោគក្នុងទំហំទឹកប្រាក់៥០ម៉ឺនដុល្លារ ដែលផ្តល់ដោយរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម(EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។
ថវិកាវិនិយោគនេះ នឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលគំនិតអាជីវកម្ម និងគំនិតផ្គួចផ្តើមបែបវានុវត្តន៍ ដើម្បីជួយដល់SMEs ក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក លក់ផលិតផល និងសេវាកម្មប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្មវិធីផ្តល់ថវិកាជំនួយ និងវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់SMEs របស់កក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ធ្នូ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ នឹងជួយដល់សហគ្រាសមួយចំនួន ដែលលក់ផលិតផល និងសេវាកម្មទៅឱ្យអតិថិជននៅក្រៅប្រទេស តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ ឈ្មោះថា«B2B2C Marketplace»។ ក្រសួងពាណិជ្ជកម្ម កំពុងបង្កើតបច្ចេកវិទ្យានេះឡើង។
ការផ្តួចផ្តើមបើកវគ្គបណ្តុះបណ្តាលដល់SMEsនេះ គឺត្រូវបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម និង UNDP ដែលជាសមាសភាគមួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ដែលហៅថា(Go4eCAM)។ សេចក្តីប្រកាសព័ត៌ដដែលខាងលើ បានបញ្ជាក់ថា Go4eCAM បង្កើតឡើងក្នុងគោលបំណង បង្កើនឱកាសដល់SEMs ទាំងក្នុងស្រុក និងទាំងអន្តរជាតិ តាមរយៈគំនិតផ្តួតផ្តើមឌីជីថលភាវូបនីយកម្ម ដើម្បីបង្កើតការងារថ្មីឱ្យបានច្រើនជាង ១ម៉ឺន កន្លែងត្រឹមឆ្នាំ២០២២។
គម្រោង Go4eCAM ត្រូវបានប្រកាសចាប់ផ្តើមអនុវត្តចំពេលនឹងការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នេះជាការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបន្តមានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា បង្កើនផលិតភាព នវានុវតន៍ ការពង្រីកអាជីវកម្ម ព្រមទាំងការបង្កើតការងារនៅកម្ពុជា។
ជាមួយគ្នានេះ លោក Nick Beresford អ្នកតំណាងនិវេសនដ្ឋានUNDP នៅកម្ពុជាបានលើកឡើងថា យុទ្ធសាស្ត្រនេះ នឹងជំរុញឱ្យមានការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងសង្គមទាំងមូល។ ជាពិសេស ក្នុងចំណោមក្រុមដែលមានឱកាសតិចតួច ក្រោយផុតពីវិបត្តិ កូវីដ-១៩។
«ការវិនិយោគប្រកបដោយបរិយាប័ន្នលើធនធានមនុស្ស ការអភិវឌ្ឍជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់គ្រប់គ្នា គឺជាអ្វីដែលមានសារៈសំខាន់ជាចំបាច់បំផុត នាពេលនេះ»។ សេចក្តីប្រកាសព័ត៌មានខាងលើ បានស្រង់សម្តីលោក Nick Beresford ដូច្នេះ។
សម្រាប់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Kang Pablo វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកនៅកម្ពុជា គឹមានសន្ទុះខ្លាំង។ ជាពិសស គឺប្រកបដោយការប្រែក្លាយពីអាជីវកម្មធម្មតាទៅជាអាជីវកម្មអនឡាញ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។ លោក Kang Pablo បន្តមានប្រសាសន៍ដូច្នេះ៖« ក្នុងនាមជាគូរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម(EIF) និងតាមរយៈគម្រោងនានារបស់យើង ដែលគាំទ្រដល់ការពន្លឿនផ្នែកច្បាប់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ប្រទេសអូស្ត្រាលី បានផ្តល់ជាទស្សនទាន និងជំនាញសំខាន់ៗ មួយចំនួនដល់យុវជនកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងសេដ្ឋកិច្ចថ្មីនេះ ដោយធានា ថា វិស័យឌីជីថល នាពេលអនាគតរបស់កម្ពុជា នឹងត្រូវបានរិកចម្រើនប្រកបដោយបរិយាប័ន្ន»។
កម្ពុជា ជាប្រទេសមានសក្កានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ បើតាមលោក Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន EIF ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក យុទ្ធសាស្ត្រស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២៥វិច្ឆិកា ឆ្នាំ២០២០ ដោយដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងឆ្លើយតបបញ្ហារាំងស្ទះសំខាន់ៗ ដូចជា ក្របខណ្ឌច្បាប់ និងគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ICT ជំនាញឌីជីថល និងការគាំទ្រដល់SMEs ជាដើម។
នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន EIF ប្រចាំអង្គការពាណិជ្ជកម្មពិភពលោករូបនេះ មានប្រសាសន៍ដូច្នេះ៖« ជាមួយនឹងគម្រោង Go4eCAM និងភាពជាដៃគូដ៏រឹងមាំក្នុងប្រទេស ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងមានប្រព័ន្ធអេកូឡូស៊ីដ៏អំណោយផល ដែលចាំបាច់សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បង្កើនការប្រកួតប្រជែងសម្រាប់ការនាំចេញ ជំរុញសហគ្រិនភាព និងទាញប្រយោជន៍ពីប្រភពកំណើនថ្មីៗ ក្នុងយុគសម័យឌីជីថល»៕