សង្គមអន្តរជាតិ
អន្តរជាតិ
អាមេរិក អនុញ្ញាតឲ្យប្រើដ្រូនទំហំតូចដើម្បីដឹកជញ្ជូនបែបពាណិជ្ជកម្ម និងនៅពេលយប់ គំរូដ្រូនដឹកជញ្ជូនរបស់ក្រុមហ៊ុន Amazon.com ។ រូបពី theverge
× ដ្រូនទំហំតូច នឹងត្រូវអនុញ្ញាតឲ្យហោះហើរពីលើផ្ទៃអាកាសខាងលើមនុស្សក្នុងគោលដៅពាណិជ្ជកម្ម និងនៅពេលយប់ក្នុងសហរដ្ឋអាមេរិក។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាក់បែបនេះនៅថ្ងៃទី ២៨ ខែធ្នូ។ នេះជាជំហានឆ្ពោះទៅរកការប្រើប្រាស់ដ្រូនសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មធំទូលាយ ខណៈកន្លងមក ដ្រូនតូចៗត្រូវប្រើដើម្បីដឹកជញ្ជូនទៅកាន់គោលដៅខ្ពស់ៗ។
ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) លោក Stephen Dickson គូសបញ្ជាក់ថា បទបញ្ជាដែលអនុញ្ញាតឲ្យដ្រូនហោះហើរខាងលើមនុស្ស នឹងបើកផ្លូវសម្រាប់ការធ្វើសមហរណកម្មដ្រូនចូលទៅកាន់ដែនអាកាសរបស់អាមេរិក ដើម្បីដោះស្រាយកង្វល់សន្តិសុខ និងសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
បទបញ្ជានេះ នឹងចូលជាធរមាននាខែមីនា ឆ្នាំ២០២១។ ក្រុមហ៊ុនផលិតដ្រូន នឹងមានពេល១៨ខែដើម្បីចាប់ផ្ដើមផលិតដ្រូនដោយមាន Remote ID ហើយប្រតិបត្តិករ នឹងមានពេល១ឆ្នាំបន្ថែមទៀតដើម្បផ្ដល់ Remote ID ។ Remote ID គឺជាលេខសម្គាល់របស់ដ្រូននីមួយៗ ដែលប្រតិបត្តិការ ដែលស្រដៀងគ្នានឹងសា្លកលេខរថយន្តលើដីដែរ។
សម្រាប់ប្រតិបត្តិការពេលយប់ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) និយាយថា ដ្រូនត្រូវតែបំពាក់ជាមួយភ្លើងផ្ដល់សញ្ញា ហើយដ្រូនទាំងអស់ដែលមានទម្ងន់ ០,២៥គីឡូក្រាមឡើងទៅ ត្រូវតែមាន Remote ID ។ សមាគមប្រព័ន្ធយានគ្មានមនុស្សបើកអន្តរជាតិ អះអាងថា Remote ID នឹងដំណើរការដូចជាស្លាកលេខឌីជីថលសម្រាប់ដ្រូន ដែលនឹងអនុញ្ញាតសម្រាប់ប្រតិបត្តិការស្មុគស្មាញ ដូចជានៅពេលយប់ និងពីលើមនុស្សជាដើម។
ការដឹកជញ្ជូនដោយប្រើដ្រូន កំពុងមានប្រជាប្រិយភាពកាន់ខ្លាំងនៅអាមេរិក ដោយបណ្ដាក្រុមហ៊ុននានា កំពុងប្រណាំងប្រជែងបង្កើតដ្រូនដើម្បីពន្លឿនការដឹកជញ្ជូន។ សហរដ្ឋអាមេរិក មានដ្រូន១,៧លានគ្រឿង ដែលចុះឈ្មោះ និងអ្នកបញ្ជាដ្រូនមានវិញ្ញាបនបត្រ ២០៣ ០០០នាក់។
ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក (UPS) ក្នុងខែតុលា ឆ្នាំ២០១៩ អះអាងថា ខ្លួនបានឈ្នះការអនុញ្ញាតពេញលេញដំបូងពីរដ្ឋាភិបាលដើម្បីប្រតិបត្តិការការដឹកជញ្ជូនតាមអាកាសដោយប្រើប្រាស់ដ្រូន។ ក្នុងខែសីហានេះ សេវាកម្មដ្រូនរបស់ក្រុមហ៊ុន Amazon.com ទទួលការយល់ព្រមសហព័ន្ធ ដែលអនុញ្ញាតអ្នកលក់រាយចាប់ផ្ដើមធ្វើតេស្តការដឹកជញ្ជូនពាណិជ្ជកម្ម ដោយប្រើដ្រូន៕
Tag:
សហរដ្ឋអាមេរិក
បច្ចេកវិទ្យា
ដ្រូន
© រក្សាសិទ្ធិដោយ thmeythmey.com