ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​ជាង​៦០​នាក់​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ខណៈ​ជាង​២​ពាន់​នាក់​ទៀត ត្រឡប់មកវិញ​
29, Dec 2020 , 11:29 pm        
រូបភាព
ពលករខ្មែរត្រឡប់ពីថៃតាមច្រកអូរស្មាច់ ថ្ងៃទី២៦ធ្នូ ២០២០។ (រូបពីក្រសួងមហាផ្ទៃ)
ពលករខ្មែរត្រឡប់ពីថៃតាមច្រកអូរស្មាច់ ថ្ងៃទី២៦ធ្នូ ២០២០។ (រូបពីក្រសួងមហាផ្ទៃ)
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ជាង​៦០​នាក់ បាន​ឆ្លងដែន​ខុសច្បាប់​ទៅ​ស្វែងរក​ការងារ​នៅ​ថៃ ខណៈ​ពលករ​ជាង​២​ពាន់​នាក់ បាន​ត្រឡប់មក​កម្ពុជា​វិញ ស្របពេល​ថៃ​កំពុង​ផ្ទុះ​កូ​វីដ​-១៩​។ នេះ​បើតាម​របាយការណ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។​


​លោក កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ពលករ​ខ្មែរ​២១៨៥​នាក់​ហើយ បាន​ត្រឡប់​ពី​ថៃ​មក​កម្ពុជា ចាប់ពី​ថ្ងៃទី​២០​ដល់​២៨​ធ្នូ​នេះ ។ បើតាម​លោក វណ្ណ​ថន ពលករ​ទាំងនោះ ចូលមក​កម្ពុជា​តាម​ច្រក​អូរ​ស្មាច់ ១២៩៥​នាក់ ,​ច្រក​ប៉ោយប៉ែត​៤៤១​នាក់ ហើយ​ច្រក​ចាំ​យាម ដូង និង​ភ្នំ​ដី​៤៤៩​នាក់​។​
 
​របាយការណ៍​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​ទាំងអស់ គឺ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការរៀបចំ​របស់​អាជ្ញាធរខេត្ត​យ៉ាង​ហ្មត់ចត់ ដែល​បាន​សហការ​ជាមួយ​ម​ន្រី្ត​សុខាភិបាល ដោយសារ​ថៃ​កំពុង​ផ្ទុះ​កូ​វីដ​-១៩ ពលរដ្ឋ​ដែល​ត្រឡប់មក​ត្រូវតែ​បង្ការ​ជៀសវាង​ការរីក​រាលដាល​កូ​វីដ​-១៩​កាន់តែ​ធំ​»​។ 
 
​ទន្ទឹមនឹង​ពលករ​ត្រឡប់​ពី​ថៃ ក៏មាន​ពលរដ្ឋ​ខ្មែរ​ជាង​៦០​នាក់​ដែរ បាន​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ពលរដ្ឋ​៥២​នាក់​នៅ​ខេត្តសៀមរាប បាន​ឆ្លងដែន​តាម​ច្រករបៀង ហើយ​បោះជំរំ​ស្នាក់នៅ​លើទឹក​ដី​ថៃ​ជាប់​ព្រំដែន​ថៃ​-​កម្ពុជា កាល​ថ្ងៃទី​២៥ ខែធ្នូ​។ ពលរដ្ឋ​ទាំងនោះ មាន​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ហើយ​ចាប់បញ្ជូន​ឲ្យ​អាជ្ញាធរ​ខ្មែរ​វិញ​។ 
 
​ដោយឡែក​ពលរដ្ឋ​១០​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ខ្មែរ តាម​ច្រក​ភព​ប៉ោយប៉ែត​វិញ​កាលពី​ថ្ងៃទី​២៧​ធ្នូ​។ 
​កន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ថវិកា​សរុប​៣៥០​លាន​រៀល ដល់​ខេត្ត​ជាប់​ប្រទេស​ថៃ ចំនួន​៧ ដើម្បី​ចាត់ចែង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ថៃ​។ ខេត្ត​ទាំង​៧​រួមមាន ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកោះកុង ដោយ​ខេត្ត​នីមួយៗ​ទទួលបាន ៥០​លាន​រៀល​ទៀត​។​
 
​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី​១៩​ធ្នូ ដែល​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ ផ្ទុះ​កូ​វីដ​-១៩​មក អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លង​ជាង​១២០០​ករណី​ហើយ​។ រដ្ឋាភិបាល​ថៃ បានសម្រេច​ប្រកា​សបិទ​ខេត្ត​សាមុត​សា​ខន រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២០​ធ្នូ ដល់​ថ្ងៃទី​៣​មករា​ឆ្នាំ​២០២១​។ បន្ថែម​ពីនេះ ថៃ​បានដាក់​បំរាម​គោចរ អនុវត្ត​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៥​ភ្លឺ​។ ចំណែក​ការធ្វើដំណើរ​ចេញពី​ខេត្ត​នេះ ក៏​ត្រូវបាន​ហាមឃាត់​ដែរ​។ តួលេខ​សរុប ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៦៤៤០​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦១​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤,១៨៤​នាក់​។ 
 

Tag:
 ពលករ​
  ឆ្លងដែន​
© រក្សាសិទ្ធិដោយ thmeythmey.com