ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ ទោះបី​មាន​កូ​វីដ តែ​ការនាំចេញ​របស់​កម្ពុជា​កើនឡើង​ជាង​១៦​ភាគរយ​
30, Dec 2020 , 8:59 am        
រូបភាព
សម្តេច ហ៊ុន​​ សែន អះអាងថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ការនាំចេញរបស់កម្ពុជាគិតត្រឹមខែវិច្ឆិកាឆ្នាំនេះកើនឡើង១៦
សម្តេច ហ៊ុន​​ សែន អះអាងថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ការនាំចេញរបស់កម្ពុជាគិតត្រឹមខែវិច្ឆិកាឆ្នាំនេះកើនឡើង១៦
ដោយ:
​ទោះបី​កម្ពុជា​ទទួលរង និង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តែ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នាំចេញ​ផលិតផល​ឧស្សាហកម្ម និង​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​នោះទេ​។ ផ្ទុយទៅវិញ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំនេះ នៅតែ​បន្ត​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារ​ពិសេស​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។

 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​ក្នុងអំឡុងពេល​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។ សម្តេច អះអាងថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​ឧស្សាហកម្ម និង​កសិឧស្សាហកម្ម​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​១៦​ពាន់​លាន​ដុល្លារ កើនឡើង​១៦,២៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ 
 
​ទន្ទឹមនឹង លើកឡើង​ការនាំចេញ​របស់​កម្ពុជា​មានការ​កើនឡើង​ក្នុងអំឡុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅ​ឆ្នាំនេះ សម្តេច ហ៊ុន សែន បាន​ឆ្លៀត​ដៀមដាម​ដាក់​អ្នក​រិះគន់​លើ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ «​ទោះបី​មាន​កូ​វីដ​-១៩ តែ​ការនាំចេញ​ល្អ ហើយ​ការនាំចេញ​ល្អ​នេះ​ទៀត វា​មាន​ចំណែក​ដែល​ខ្ញុំ​ឲ្យ​អ្នកឯង​ភ្លឺភ្នែក ថា​រដ្ឋាភិបាល ហ៊ុន សែន គឺមាន​អ្នកឯកទេស​គ្រប់គ្រាន់​។ បណ្ឌិត​ត្រឹម​ពួកអ្នកឯង ស្ទើរភ្លើង​ណាស់​មិនទាន់​ចេះ​គ្រប់គ្រង​រដ្ឋ​នោះទេ​។ កម្លាំង​របស់​រដ្ឋបាល ហ៊ុន សែន មិនមែនជា​កម្លាំង​ធម្មតា​នោះទេ​»​។ សម្តេច ហ៊ុន សែន លើកឡើង​បែបនេះ​ក្នុង​សារ​ពិសេស​មួយ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។ 
 
​សម្តេច​បាន​បន្តថា ក្នុងចំណោម​ថវិកា​ជិត​១៦​ពាន់​លាន​ដុល្លារ កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ចំនួន​៣,៨៨១​លាន​ដុល្លារ​។ ប៉ុន្តែ សម្តេច សង្កត់ធ្ងន់ថា ផលិតផល​កសិកម្ម​ទាំងនោះ​មានតែ​៧​ប្រភេទ​ប៉ុណ្ណោះ​រួមមាន​ស្រូវ ដំឡូង​មី ស្វាយចន្ទី ស្វាយ ចេកអំបូង​លឿង មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​) និង​ម្រេច​។​
 
​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​បានចេញ​ផលិតផល​កសិកម្ម​ចំនួន​៦៧​មុខ គិត​ជា​បរិមាណ​ប្រមាណ​៥​លាន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​៤៦​ប្រទេស​។​
 
​បើតាម​របាយការណ៍ ដែល​អាន​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​បាន​នាំ​ស្រូវ​ទៅកាន់​ទីផ្សារ​បរទេស​មា​ន​ចំនួន​ជាង​៥​លាន​តោន ក្នុងនោះ​នាំចេញ​ជា​ស្រូវ​២,១៨០,០០០​តោន និង​អង្ករ​៦៧៥​ពាន់​តោន ដែលមាន​ទំហំ​ទឹកប្រាក់​៥១៤​លាន​ដុល្លារ​, នាំចេញ​ដំឡូង​មី​ជាង​៧​លាន​តោន​មាន​ទំហំ​ទឹកប្រាក់​ជាង​១​ពាន់​លាន​, ស្វាយចន្ទី​២១៨,៨៨៤​តោន​មាន​ទឹកប្រាក់​២៨៨​លាន​ដុល្លារ​, ស្វាយ​៨៥០​ពាន់​តោន​មាន​ទឹកប្រាក់​៤៧៣​លាន​ដុល្លារ​, ចេកអំបូង​លឿង​៣១៣​តោន​គិត​ជា​ប្រាក់​៥៥១​លាន​ដុល្លារ​, មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​)១៧៤​តោន​គិត​ជា​ប្រាក់​៥៧​លាន​ដុល្លារ និង​ម្រិច​មាន​ទឹកប្រាក់​២៥​លាន​ដុល្លារ​។ 
 
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​រំពឹងថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​បរទេស​នឹង​អាចឈាន​ដល់​១៦​ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​។ បើតាម សម្តេច គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ជា​ដៃគូ​មាន​ចំនួន​៣២​ពាន់​លាន​ដុល្លារ​៕ 
 
 
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com