ជាតិ
អាជ្ញាធរអះអាងថា ចាប់តែ​ស្វា​កាចៗ ចេញពី​ប្រាសាទបាយ័នប៉ុណ្ណោះ
30, Dec 2020 , 5:50 pm        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ចាប់​សត្វ​ស្វា​កាច​មួយចំនួន​នៅ​ប្រាសាទបាយ័ន យកទៅ​លែង​ក្នុងព្រៃ​ក្រៅ​តំបន់​ប្រាសាទ​។ គម្រោង​ចាប់​ស្វា​នេះ ទទួលបាន​មតិ​គាំទ្រ និង​មិន​គាំទ្រ​។ អ្នកគាំទ្រ​យល់ស្រប​ថា ការចាប់​ស្វា​កាច​ដែល​រំខាន​ដល់​ទេសចរ ខណៈ​មតិ​ផ្សេង​លើកឡើង​ពី​កង្វល់​ពី​ការបែកបាក់​ក្រុមគ្រួសារ​របស់​សត្វ​ស្វា​ទាំងនោះ​។​

 
​អ្នកជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម បានចាប់ផ្តើម​ចុះ​ចាប់ ហ្វូង​សត្វ​ស្វា​កាចៗ ដែល​រស់នៅ​បរិវេណ​ប្រាសាទបាយ័ន នៅ​ព្រឹក​ថ្ងៃទី​២៩ ធ្នូ ក្រោម​ក​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការចុះ​ចាប់​សត្វ​ស្វា​កាច​នេះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់ថា សត្វ​ស្វា​ទាំងនោះ បាន​បង្ក​ការរំខាន​ដល់​អ្នកទេសចរ និង​ពេលខ្លះ​ធ្វើ​អ្នកទេសចរ​មាន​របួស​ទៀតផង​។ មិនតែប៉ុណ្ណោះ ស្វា​កាចៗ​ទាំងនោះ ក៏​ធ្លាប់ធ្វើ​ឲ្យ​ខូចខាត​ផ្ទាំង​ព័ត៌មាន និង​ជាពិសេស​ធ្លាប់ រុញ​ថ្ម​ប្រាសាទ​ឲ្យ​ជ្រុះ​ទៀតផង​។ 


 
​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទបាយ័ន អ្នកនាង ហួរ រិ​ទ្ធា ប្រាប់ថា ស្វា​កាច​មួយចំនួន បាន​បង្ក​ការរំខាន ធ្វើឱ្យ​ខូចខាត​ផ្ទាំង​ព័ត៌មាន និង​ពេលខ្លះ​បាន​ខាំ​ភ្ញៀវទេសចរ​ផង  ដែល​ធ្វើឱ្យ​ក្រុម​ភ្នាក់ងារទេសចរណ៍ ពិបាក​គ្រប់គ្រង​។ អ្នកនាង​បន្ថែមថា ដោយសារ​គ្មាន​ដំណោះស្រាយ​ទប់ទល់​នឹង​ស្វា​ទាំងនោះ ក្រុមការងារ​បាន​រាយ​ការណ៍​បញ្ហា​នេះ​ទៅ​ថ្នាក់លើ ដើម្បី​មាន​ដំណោះស្រាយ ចាប់យក​ស្វា​កាចៗ ចេញពី​តំបន់​ប្រាសាទ​។​
 
 
​ដ្បិតតែ​យល់ស្រប​នឹង​កិច្ច​ការចាប់​ស្វា​កាចៗ​ចេញពី​ប្រាសាទបាយ័ន ប៉ុន្តែ​ក្រុម​អ្នក​ថត​សត្វ​ស្វា បានបង្ហាញ​ការបារម្ភ​ចំពោះ​ការ​ពង្រាត់​សត្វ​ស្វា​ទាំងនោះ​ចេញពី​គ្រួសារ​របស់​វា និង​ធ្វើឱ្យ​បាត់​វត្តមាន​សត្វ​ក្នុងព្រៃ​ឧទ្យាន​អង្គរ​ទៅវិញ​។ ក្រៅពី​កង្វល់​មួយ​នេះ ក្រុម​អ្នក​ថត​សត្វ​ស្វា​ផ្សព្វផ្សាយ​តាម​បណ្តាញ​យូ​ធូប​នៅ​បរិវេណ​ប្រាសាទបាយ័ន​នេះ ក៏​មិន​ពេញចិត្ត​ចំពោះ​ការដែល​មន្ត្រី​ជំនាញ​ចុះ​ចាប់​សត្វ​ស្វា​ទាំងនោះ មិន​សហការ​ជាមួយ​ក្រុម​ខ្លួន​។ តំណាង​មួយរូប នៃ​ក្រុម​អ្នក​ថត​សត្វ​នេះ បានលើកឡើង​នៅ​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​គណនី​ហ្វេ​ស​ប៊ុ​កថា ក្រុម​អ្នក​ថត​សត្វ​ស្វា នៅ​ប្រាសាទបាយ័ន​នេះ ស្គាល់​ចរិត​សត្វ​ស្វា​ណា​កាច សត្វ​ស្វា​ណា​ស្លូត​ច្បាស់ ដោយសារតែ​ពួកគាត់ ជិតស្និទ្ធ​នឹង​ពួកវា​យូរ​ឆ្នាំ​មកហើយ​។  ប៉ុន្តែ​អ្នក​ដែល​ចុះ​ចាប់​សត្វ​ស្វា មិនបាន​ចាប់​តែ​ស្វា​ដែល​កាចៗ ដូចដែល​ក្រុម​ខ្លួន​បាន​ប្រាប់​នោះឡើយ ពោលគឺ​ចាប់​ទៅ​ទាំង​កាច ទាំង​ស្លូត​។ អ្វីដែល​កាន់តែ​ធ្វើ​ក្រុម​អ្នក​ថត​សត្វ​ស្វា​នេះ មិន​សប្បាយចិត្ត​នោះ ព្រោះតែ​នៅ​ព្រឹក​មិញ​នេះ មាន​សត្វ​ស្វា​២​ក្បាល​បាន​ធ្លាក់​ពីលើ​ដើមឈើ ក្រោយ​ពួកវា​បាន​ត្រូវ​ថ្នាំ​សន្លប់​ដែល​ចាក់​ដោយ​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ព្រៃឈើ​។ 
 


​ឆ្លើយតប​នឹង​ករណីនេះ លោក សេក សេង អនុប្រធាន​ការិយាល័យ​សង្គ្រោះ និង​ព្យាបាល នៃ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩ ធ្នូ​នេះ ក្រុមការងារ​លោក​បាន​ចាប់​ស្វា​កាច​ចំនួន​១៦​ក្បាល​ពី​ប្រាសាទបាយ័ន និង​កំពុង​បញ្ជូនទៅ​រក្សាទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​។ លោក​បញ្ជាក់ថា ការចុះ​ចាប់​នេះ គឺ​ក្រុមការងារ​នៃ​រដ្ឋបាល​ព្រៃឈើ​មាន​វិធីសាស្ដ្រ និង​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ធានា​ពី​សុវត្ថិភាព​សត្វ​ស្វា​ទាំងនោះ​។ ជាមួយគ្នានេះ លោក សេក សេង អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពុំមាន​សត្វ​ស្វា​ស្លាប់​ដូច​ការចោទប្រកាន់​នោះទេ ស្វា ២​ក្បាល​ដែល​សន្លប់​នោះ បានដឹងខ្លួន​វិញ​ហើយ​។​
 
​ទាក់ទង​នឹង​ក្តីបារម្ភ​ជុំវិញ​ការចាប់​សត្វ​សា្វ​ខុស អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ពន្យល់ថា អ្នកជំនាញ​នឹង​ចាប់យក​ចេញ​តែ​ស្វា​កាចៗ ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទេសចរ និង​ប្រាសាទ​តែប៉ុណ្ណោះ មិន​ធ្វើឡើង​មិនមែន​ចំពោះ​សត្វ​ស្វា​ទាំងអស់​នោះទេ ៕
 


 
 

Tag:
 ទេសចរណ៍​
  ស្វា​
  ប្រាសាទបាយ័ន​
© រក្សាសិទ្ធិដោយ thmeythmey.com