COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Rashford ស៊ុត​ចុង​ម៉ោង​ជួយ Man Utd ឡើងទៅ​ចំណាត់ថ្នាក់​លេខ​២
30, Dec 2020 , 9:52 am        
រូបភាព
​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង​របស់ Marcus Rashford បាន​ជួយ​ក្រុម Manchester United យកឈ្នះ Wolverhampton Wanderers ១-០ ដើម្បី​ឡើងទៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង Premier League​។​



​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​នា​រាត្រី​ថ្ងៃទី​២៩ ខែធ្នូ នៅ​កីឡដ្ឋាន Old Trafford ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​បានសម្រេច​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​បិសាច​ក្រហម​នៅ​នាទី​៩០+៤​។ ជ័យជម្នះ​ដ៏​ប្រផិតប្រផើយ​នេះ​បាន​ជួយ​ក្រុម​លោក Ole Gunnar Solskjaer រំកិល​ខ្លួន​ឡើងទៅ​លេខ​រៀង​ទី​២ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន​២​ពិន្ទុ​ប៉ុណ្ណោះ​។​
 
​ឆ្លងកាត់​ការប្រកួត​១៥​លើក Man Utd រកបាន​៣០​ពិន្ទុ នាំមុខ Leicester City ដែល​នៅ​លេខ​៣​ចំនួន​១​ពិន្ទុ និង​លេខ​៤ Everton ១​ពិន្ទុ​ដូចគ្នា​។ Everton អាក់ខាន​ការប្រកួត​សប្តាហ៍​ទី​១៦​ជាមួយ Man City ដោយសារ​មាន​កីឡាករ​របស់​ក្រុម​មេឃ​ខៀវ​កើត COVID-19 ច្រើន​នាក់​។​
 
​ចំណែក Arsenal បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​លើ​ក្រុម Brighton & Hove Albion ក្នុង​លទ្ធផល ១-០ ក្រោយ​ឈ្នះ Chelsea ៣-១ រួចមក​។ កាំភ្លើង​ធំ​កើន​បាន​២០​ពិន្ទុ​ពី​ការប្រកួត​១៦​លើក ឈរ​លេខ​រៀង​ទី​១៣​ក្នុង​តារាង Premier League​។​
 
​ដោយឡែក Leeds United បាន​លត់​ក្រុម​បាត​តារាង West Bromwich Albion ដល់​ទៅ ៥-០ ក្នុងជំនួប​សប្តាហ៍​ទី​១៦​របស់​ពួកគេ​។ ក្រុម​ដែលមាន​លោក Marcelo Bielsa ជា​អ្នកចាត់ការ​រកបាន​២៣​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១១​។​
 
Sheffield United ដែល​នៅ​បាត​តារាង បន្ត​បរាជ័យ​ក្រោយ​ថ្វី​ជើង​ក្រុម Burnley ក្នុង​លទ្ធផល ១-០ ឯ Southampton និង West Ham United បញ្ចប់​ការប្រកួត​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​៕

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com