អន្តរជាតិ
លោក បៃ​ឌិន ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​អាមេរិក យឺតយ៉ាវ​ខ្លាំង​
30, Dec 2020 , 10:59 am        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ថ្លែងសុន្ទរកថានៅសន្និសីទព័ត៌មានក្នុងរដ្ឋ Delaware នៅថ្ងៃទី ២៩ ខែធ្នូ ។ រូបពី AFP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ថ្លែងសុន្ទរកថានៅសន្និសីទព័ត៌មានក្នុងរដ្ឋ Delaware នៅថ្ងៃទី ២៩ ខែធ្នូ ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន បាន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ មិន​ខ្លាច​នឿយហត់ នៅពេល​លោក​ចូលកាន់​តំណែង​។ លោក​បាន​រិះគន់​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា មាន​ភាពយឺតយ៉ាវ​ដែល​គ្រោះថ្នាក់​។

 
​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃទី ២៩ ខែធ្នូ លោក ចូ បៃ​ឌិន បាន​សន្យាថា ក្នុងនាម​ជា​ប្រធានាធិបតី លោក នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​រដ្ឋបាល​ដ៏​ធំ ដើម្បី​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ឆក់យក​ជីវិត​មនុស្ស​៣៣៦ ០០០​នាក់​នៅ​អាមេរិក​។ លោក​ក៏​ឆ្លៀត​វាយតម្លៃ​ការចាក់​វ៉ាក់សាំង​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​។ 
 
«​ផែនការ​រដ្ឋបាល​លោក ត្រាំ ដើម្បី​ចែកចាយ​វ៉ាក់សាំង គឺ​យឺតយ៉ាវ​ជាង​ការរំពឹងទុក​»​។ លោក បៃ​ឌិន លើកឡើង​បែបនេះ ពី​ទីស្នាក់ការ​ក្រុមការងារ​ផ្ទេរអំណាច​លោក​ក្នុង​រដ្ឋ Delaware ។ លោក​សន្យាថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត​ដើម្បី​នាំយក​អាមេរិក​ឆ្ពោះទៅរក​ទិសដៅ​ត្រឹមត្រូវ​។ 
 
​កន្លងទៅ រដ្ឋបាល​លោក​ត្រាំ បាន​ព្យាករ​ថា ពលរដ្ឋ​អាមេរិក​២០​លាន​នាក់ នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ រួចរាល់ ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។ ខណៈ​នៅសល់តែ​ជាង​២​ថ្ងៃ មនុស្ស​ប្រមាណ​២,១​លាន​នាក់​ប៉ុណ្ណោះ ទើបតែ​ទទួលបាន​ការចាក់​វ៉ាក់សាំង​រួចរាល់​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក បៃ​ឌិន ដែល​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែមករា បញ្ជាក់ថា លោក​នឹង​ប្រើ​ច្បាប់ ផលិតកម្ម​ការពារជាតិ​សម័យ​សង្គ្រាម​កូរ៉េ (Korean War-era Defense Production Act) ដើម្បី​បង្ខំ​ឲ្យ​ឧស្សាហកម្ម​ឯកជន​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ពួកគេ​សម្រាប់​រដ្ឋាភិបាល​។ អនាគត​ប្រធានាធិបតី​វ័យ​៧៨​ឆ្នាំ​រូបនេះ ក៏​អង្វរ​ពលរដ្ឋ​អាមេរិក​ឲ្យ​ពាក់​ម៉ាស់​ដើម្បី​ទប់ស្កាត់​ការឆ្លង ហើយ​បង្ហាញ​ក្តី​សង្ឃឹមថា ឆ្នាំ​២០២១ អាច​វិល​ត្រលប់​មករក​ភាពប្រក្រតី​វិញ​។ 
 
​ខណៈ​ករណី​ឆ្លង​មិន​ថមថយ  ករណី​ដំបូង​នៃ​ជំងឺ​កូ​វីដ​-១៩ ទម្រង់​ថ្មី ដែល​កំពុង​ឆ្លង​រាលដាល​ក្នុង​ចក្រភព​អង់គ្លេស ក៏ត្រូវ​បាន​រកឃើញ​ក្នុង​រដ្ឋ Colorado ភាគ​ខាងលិច​អាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលរដ្ឋ​នេះ លោក Jared Polis នៅ​ថ្ងៃទី ២៩ ខែធ្នូ​។ អ្នកជំងឺ ជា​បុរស​ស្ថិតក្នុង​វ័យ​២០​ឆ្នាំ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សង្កាត់ Elbert ហើយ​គ្មាន​ប្រវត្តិ​ធ្វើដំណើរ​ឡើយ​។​
 
​នៅ​ថ្ងៃ​ជាមួយគ្នានេះ អនុ​ប្រធានាធិបតី​ជាប់ឆ្នោត កា​ម៉ា​ឡា ហារី​ស បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​បាន​ទទូច​ឲ្យ​ពលរដ្ឋ​អាមេរិក​ជឿជាក់​លើ​ថ្នាំ​វ៉ាក់សាំង​។ ស្វាមី​អ្នកស្រី លោក Doug Emhoff ក៏បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ផងដែរ​។ 
 
​សូម​បញ្ជាក់ដែរថា ឥស្សរជន​ជន​ខ្ពស់​របស់​អាមេរិក​មួយ​ចំនួន ដូចជា លោក ចូ បៃ​ឌិន និង​អនុប្រធាន​ធិបតី ម៉ៃ ផេ​ន បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ រួចរាល់​ហើយ​ក្នុង​ខែធ្នូ​នេះ ខណៈ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​កើត​កូ​វីដ​-១៩​ក្នុង​ខែតុលា ពុំទាន់​ចាក់​វ៉ាក់សាំង​ឡើយ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com