សមាជិកសភា​ជាប់ឆ្នោត​ម្នា​ក់នៅ​អាមេរិក ស្លាប់​ដោយសារ​កូ​វីដ​-១៩
COVID-19
អន្តរជាតិ
សមាជិកសភា​ជាប់ឆ្នោត​ម្នា​ក់នៅ​អាមេរិក ស្លាប់​ដោយសារ​កូ​វីដ​-១៩
30, Dec 2020 , 1:59 pm        
រូបភាព
តំណាងរាស្រ្តជាប់ឆ្នោតម្នាក់មកពីរដ្ឋ Louisiana លោក Luke Letlow ។ រូបពីទូរទស្សន៍អាមេរិក USA Today
តំណាងរាស្រ្តជាប់ឆ្នោតម្នាក់មកពីរដ្ឋ Louisiana លោក Luke Letlow ។ រូបពីទូរទស្សន៍អាមេរិក USA Today
​តំណាងរាស្ត្រ​ជាប់ឆ្នោត​ម្នាក់​នៃ​សភា​តំណាង​របស់​រដ្ឋ Louisiana របស់​អាមេរិក លោក Luke Letlow បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី ២៩ ខែធ្នូ​។ លោក​ជា​សមាជិកសភា​ដំបូង​ដែល​ត្រូវបាន​ជំងឺ​កាច​សាហាវ​មួយ​នេះ​ឆក់យក​ជីវិត​។

 
​សមាជិក​បក្ស​សាធារណរដ្ឋ លោក Luke Letlow អាយុ ៤១​ឆ្នាំ ត្រូវបាន​ជាប់ឆ្នោត​តំណាង​ឲ្យ​ស្រុក​ទី​៥ ប្រចាំ​សភា​តំណាង​ក្នុង​រដ្ឋ Louisiana ហើយ​គ្រោង​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តាមរយៈ​បណ្ដាញ​សង្គម Twitter អភិបាលរដ្ឋ Louisiana លោក John Bel Edwards បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ភរិយា​លោក Letlow និង​ក្រុមគ្រួសារ​លោក​។ លោក​សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​គ្រាំគ្រា​ក្នុង​ចិត្ត​ដែល​លោក [Letlow] នឹង​មិនអាច​បម្រើ​ពលរដ្ឋ​យើង​ក្នុងនាម​ជា​តំណាងរាស្ត្រ​អាមេរិក​ម្នាក់ តែ​ខ្ញុំ​កាន់តែ​សោកស្ដាយ​ថែមទៀត​សម្រាប់​ក្រុមគ្រួសារ​លោក​»​។ លោក​អភិបាល Edwards បន្តថា លោក​បាន​បញ្ជា​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​ដើម្បី​កាន់ទុក្ខ​លោក Letlow ។ 
 
​មរណភាព​របស់លោក Letlow បន្សល់ទុក​នូវ​ភរិយា​លោក អ្នកស្រី Julia Barnhill Letlow និង​កូនតូចៗ​២​នាក់​។ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ក្រុមគ្រួសារ​លោក Letlow បញ្ជាក់ថា ការរៀបចំ​បុណ្យសព​លោក Letlow នឹងត្រូវ​ប្រកាស​នាពេល​ក្រោយ ហើយ​ពួកគេ​អរគុណ​ចំពោះ​ការចូលរួម​រំលែក​ទុក្ខ​។ 
 
​លោក Letlow បានប្រកាស​កាលពី​ថ្ងៃទី ១៨ ខែធ្នូ​ថា លោក​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។ ៣​ថ្ងៃក្រោយ លោក​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ យ៉ាងណាមិញ គ្មាន​ព័ត៌មាន​លម្អិត​ថា​លោក​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់ ឬ​យ៉ាងណា​ទើប​ធ្វើ​ឲ្យ​លោក​បាត់បង់​ជីវិត​បែបនេះ ខណៈ​លោក​មិន​ស្ថិតក្នុង​ក្រុមមនុស្ស​មាន​ហានិភ័យ​ខ្ពស់​ផង​នោះ​។ 
 
​សូម​បញ្ជាក់ដែរថា សហរដ្ឋអាមេរិក កំពុង​ប្រឈម​នឹង​ការកើនឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​។ គិត​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​សរុប​១៩,៤​លាន​ករណី ខណៈ​អ្នកស្លាប់​ឡើងដល់​៣៣៦ ០០០​នាក់​៕ 
 

Tag:
 សហរដ្ឋអាមេរិក​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com