COVID-19
អន្តរជាតិ
ថៃ នឹង​ផ្តល់​ប័ណ្ណ​ការងារ​ដល់​ពលករ​ខុសច្បាប់​ដែល​គ្មាន​ឯកសារ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩
30, Dec 2020 , 5:29 pm        
រូបភាព
ពលករបរទេសធ្វើការនៅថៃ។ រូបភាព៖Nikkei
ពលករបរទេសធ្វើការនៅថៃ។ រូបភាព៖Nikkei
ដោយ:
​នៅ​ថ្ងៃទី​២៩ ធ្នូ រដ្ឋាភិបាល​ថៃ​សម្រេច​ផ្តល់​ប័ណ្ណ​ការងារ​ដល់​ពល​ករក​ម្ពុ​ជា មី​យ៉ាន់​ម៉ា និង​ឡាវ ដែល​ពុំមាន​ឯកសារ​ឲ្យ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ថៃ​ក្នុង​រយៈពេល​២​ឆ្នាំ ដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ចំណែក​ពលករ​ដែល​ប័ណ្ណ​ការងារ​ហួសកំណត់ អាច​បន្ត​ស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត​ដែរ​។​

 
​សេចក្តីសម្រេច​របស់​គ​ណៈ​រដ្ឋមន្ត្រី​ថៃ ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-១៩ ជាង​១,៥០០​ករណី នៅ​ខេត្ត​សមុទ្រ​សាគរ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ពលករ​មី​យ៉ាន់​ម៉ា ធ្វើការ​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​។​
 
«​រដ្ឋាភិបាល​មើលឃើញថា ពលករ​បរទេស​ប្រឈម​នឹង​បញ្ហា ដោយសារតែ​និយោជក​តម្រូវ​ឲ្យ​ពលករ​ប្តូរ​ទីតាំង​ដើម្បី​រួចខ្លួន​ពី​ការ​ល្មើសច្បាប់​»​។ នេះ​ជាការ​លើកឡើង​របស់លោក​Traisuree Taisaranakul អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​ថៃ​។ លោក​បន្តថា ពលករ​បរទេស​រត់​គេច​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយទៀត ជាហេតុ​បណ្តាល​ឲ្យ​សាយភាយ​ជំងឺ​កូ​វីដ​-១៩ ។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ដើម្បី​អាច​ទទួលបាន​ប័ណ្ណ​ការងារ​ដែលមាន​សុពលភាព​រហូតដល់​ខែកុម្ភៈ​ឆ្នាំ​២០២៣ ពលករ​បរទេស​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​របស់​និយោជក ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​ទៅ​។ បន្ថែម​ពីនេះ ពលករ​បរទេស​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​សុខភាព​ដែលមាន​តម្លៃ​ប្រមាណ​៣២០​ដុល្លារ​។ ពលករ​បរទេស មាន​ពេលវេលា​ចុះឈ្មោះ​ទទួល​ប័ណ្ណ​ការងារ​រហូតដល់​ពាក់​កណ្តាលខែ​កុម្ភៈ ឆ្នាំ​២០២១​។​
 
​ថៃ​មាន​ពលករ​បរទេស ចំនួន​២,២​លាន​នាក់​ដែល​ចុះបញ្ជី​ស្របច្បាប់ ដែល​មួយ​ភាគ​ធំ​មកពី​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ ដោយ​ធ្វើការ​ក្នុង​វិស័យ​នេសាទ សាងសង់ និង​កសិកម្ម​ជាដើម​។ អង្គការ​ក្រុមការងារ​ពលករ​ចំណាកស្រុក​(MWG) ប៉ាន់​ស្មានថា ពលករ​បរទេស​ប្រមាន​៦​សែន ទៅ​៨​សែន​នាក់ អាចនឹងទទួល​បាន​ប័ណ្ណ​ការងារ​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​ថ្មី​នេះ​។​
 
​លោក Adisorn Kerdmongkol អ្នកសម្របសម្រួល​អង្គ​ការ MWG និយាយថា រដ្ឋាភិបាល​ថៃ​គួរតែអនុញ្ញាត​ឲ្យ​ពលករ​បរទេស​១​សែន​នាក់​ផ្សេងទៀត​ដែល​ទទួលបាន​ប័ណ្ណ​ការងារ​ហើយ​ឲ្យ​ចូលមក​ធ្វើការ​ក្នុងប្រទេស​ថៃ បើទោះបី​ជាមាន​ការបិទ​ព្រំដែន​ក្តី​។ លោក Kerdmongkol បន្ថែមថា ពលករ​បរទេសមួយ​ចំនួន​ដែល​ជាប់បំណុល កំពុង​រង់ចាំ​ចូលធ្វើការ​ក្នុងប្រទេស​ថៃ​ដើម្បី​បង់ប្រាក់​ទៅ​មេខ្យល់ ឬ​ភ្នាក់ងារ​ស្វែងរក​ការងារ​។​
 
​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) សាទរ​សេចក្តីសម្រេចរ​បស់​រដ្ឋាភិបាល ប៉ុន្តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ថៃ​ផ្តល់​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ ដល់​ពលករ​ដោយ​គ្មាន​ការរើសអើង​។ លោកស្រី Geraldine Ansart ប្រធាន IOM ប្រចាំ​ថៃ​អះអាងថា ការភ័យខ្លាច​ពី​ការរើសអើង ចាប់ខ្លួន ឃុំខ្លួន និង​រឹតត្បិត​សេរីភាព​ក្នុងការ​ធ្វើដំណើរ ជា​ឧបសគ្គ​សម្រាប់​ពលករ​ក្នុង​ការទទួល​បានការ​ព្យាបាល​ជំងឺ និង​ថៃ​ទាំ​សុខភាព​។​
 
​កាលពី​ខែ​មុន ក្រសួង​ការងារ​ថៃ​និយាយថា ពលករ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ​ចំនួន​១​សែន​៣​ម៉ឺន​នាក់​ដែល​ចូលមក​ធ្វើការ​ក្នុងប្រទេស​ថៃ​ស្របច្បាប់ ហើយ​ដែល​ប័ណ្ណ​ការងារ​នឹង​ត្រូវអស់​សុពលភាព អាច​បន្ត​ធ្វើការ និង​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ធ្នូ ថៃ​មាន​ករណី​ឆ្លង​សរុប​ចំនួន​៦,៤៤០​ករណី ស្លាប​ចំនួន​៦១​នាក់ និង​ជាសះស្បើយ​ចំនួន​៤,១៨០​ករណី ដោយមាន​ករណី​ឆ្លង​ជា​មធ្យម​ចំនួន​១៤២​ករណី​ក្នុង​មួយថ្ងៃ​៕
 
 
 
 
 
 

Tag:
 ​ថៃ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com