ជាតិ
កសិករ​គំរូ​៤០​នាក់​នៅ​ឧ​ត្ត​រ​មានជ័យ ទទួលបាន​ឧបករណ៍ និង​សម្ភារ​កសិកម្ម​ពី​មន្ទីរ​កសិកម្ម​
31, Dec 2020 , 8:59 am        
រូបភាព
រូបភាពពីមន្ទីរកសិកម្មឧត្តរមានជ័យ
រូបភាពពីមន្ទីរកសិកម្មឧត្តរមានជ័យ
ដោយ:
​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានផ្ដល់​ឧបករណ៍ និង​សម្ភារ​កសិកម្ម មួយចំនួន ដល់​កសិករ​គំរូ ៤០​នាក់ ក្នុង​បណ្ដុំ​អាជីវកម្ម​បន្លែ បណ្ដុំ​អាជីវកម្ម​ស្រូវ និង​បណ្ដុំ​អាជីវកម្ម​ដំឡូង​មី​។ ឧបករណ៍ និង​សម្ភារ​កសិកម្ម ទាំងនោះ​រួមមាន ម៉ាស៊ីន​ព្រោះស្រូវ​, ម៉ាស៊ីន​វាយ​បំបែក​ដី និង​លើក​រង​, ម៉ា​ស៊ី​បាញ់ថ្នាំ និង​ផ្ទះ​សំណាញ់ ជាដើម​។​

 
​បើតាម​មន្ទីរ​កសិកម្ម​ឧ​ត្ត​រ​មានជ័យ ការផ្ដល់​សម្ភារ និង​ឧបករណ៍ កសិកម្ម បានធ្វើ​ឡើង នៅ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០២០ ដែលមាន​វត្តមាន​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សម្រាប់​បណ្តុំ​អាជីវកម្ម​បន្លែ​ចំនួន ៣​បណ្ដុំ ក្នុងស្រុក​អន្លង់វែង​មាន ១​បណ្ដុំ និង​នៅ​ស្រុក​ត្រពាំង ប្រាសាទ មាន​២​បណ្ដុំ ដោយ​បណ្តុំ​នីមួយៗ ទទួលបាន​ម៉ាស៊ីន​វាយ​បំបែក​ដី និង​លើក​រង​ចំនួន​១០ គ្រឿង សរុប​មាន ៣០​គ្រឿង​។ ចំណែក បណ្តុំ​អាជីវកម្ម បន្លែ​ចំនួន​៤ ក្នុង​ក្រុង​សំរោង ទទួលបាន​ផ្ទះ​សំណាញ់​១ ក្នុង​គ្រួសារ​នីមួយៗ​។​
 
​រីឯ​បណ្តុំ​អាជីវកម្ម​ស្រូវ​ចំនួន​៤ ក្នុង​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយ​អំពិល ដោយ​បណ្តុំ​នីមួយៗ​ទទួលបាន​រថយន្ត​១​គ្រឿង ប្រើ​សម្រាប់​ព្រោះស្រូវ​,​បាញ់ថ្នាំ និង​បាច​ជី​។ ដោយឡែក បណ្តុំ​អាជីវកម្ម​ដំឡូង​មី​ចំនួន​២ ក្នុងស្រុក​អន្លង់វែង និង​ស្រុក​បន្ទាយ​អំពិល ដោយ​បណ្តុំ​នីមួយៗ ទទួលបាន​រថយន្ត​ចំនួន ១​គ្រឿង ប្រើ​សម្រាប់​បាញ់ថ្នាំ សម្លាប់​សត្វល្អិត សត្វ​ចង្រៃ បាញ់ថ្នាំ​ស្មៅ និង​បាញ់​ជី​ទឹក​។​


តំណាងកសិករ ដែលទទួលបានសម្ភារនិងឧបករណ៍កសិកម្មពីមន្ទីរកសិកម្ម

​មន្ទីរ​កសិកម្ម បញ្ជាក់ថា បណ្តុំ​បន្លែ​ខាងលើ បាន​អនុវត្ត​កិច្ចសន្យា ផលិត​បន្លែ​ជាមួយ​ក្រុមហ៊ុន មាស​បៃតង លើ​ដំណាំ ផ្កា​ខាត់ណា​លឿង មួយថ្ងៃ​ចំនួន ៣០០​គីឡូក្រាម និង​បានរៀបចំ​កិច្ចសន្យា រវាង​បណ្តុំ​អាជីវកម្ម​បន្លែ ជាមួយ​ក្រុមហ៊ុន​បន្លែ​សុវត្ថិភាព​ខ្មែរ លើ​ការផ្គត់ផ្គង់ ដំណាំ​ឪឡឹក​លឿង ចំនួន ២ ០០០​គីឡូក្រាម​។ ជាមួយគ្នានេះ សម្រាប់​ដំណាំ​តាសក់​ផ្អែម មួយថ្ងៃ​ត្រូវបាន​ផ្គត់ផ្គង់​ចំនួន ៣០០ គីឡូក្រាម និង​ខាត់ណា​ផ្កា​លឿង ចំនួន ៥០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​។ លើសពីនេះ មន្ទីរ​កសិកម្ម កំពុង​ចរចារ​កិច្ចសន្យា​ទិញ​តាសក់​ទ្រើង​ចំនួន ២ ០០០ គីឡូក្រាម ក្នុង​មួយថ្ងៃ​។ 
 
​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បច្ចុប្បន្ន​កម្មវិធី​គម្រោង​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (​អា​ស្ប៉ា​យ​) បាន​គ្របដណ្តប់​នៅ ទូទាំងប្រទេស និង​មាន​ប្រជាកសិករ​ចំនួន ១៤៤ ០០០​គ្រួសារ កំពុង​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​នេះ​៕

Tag:
 ​អា​ស្ប៉ា​យ
© រក្សាសិទ្ធិដោយ thmeythmey.com