អន្តរជាតិ
កុមារ​អាយុ​៩​ឆ្នាំ Ryan Kaji រក​ចំណូល​ច្រើនជាងគេ​តាម YouTube ប្រចាំឆ្នាំ​២០២០
31, Dec 2020 , 9:29 am        
រូបភាព
ដោយ:
​មាន​អាយុ​ត្រឹម​៩​ឆ្នាំ កុមារ Ryan Kaji អាច​រកចំណូលបានរ​ហូត​ដល់​២៩​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ តាមរយៈ​ឆា​ណែ​ល YouTube របស់ខ្លួន​។ ជាមួយ​តួលេខ​នេះ កុមារ​រដ្ឋ Texas អាមេរិក​រូបនេះ បាន​ក្លាយជា YouTuber ដែល​រកចំណូលបាន​ខ្ពស់បំផុត​ប្រចាំ​ឆ្នាំនេះ​។ នេះ​បើតាម​បញ្ជី​ឈ្មោះ​ដែល​បាន​ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Forbes កាលពី​ថ្ងៃទី​២១ ខែ ធ្នូ​។

 
​នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​កុមារ​រៀន​ថ្នាក់​ទី​៣ Ryan Kaji រកលុយ​បាន​ច្រើន​បំផុត​លើ YouTube ។ កុមារ Kaji ដែលមាន​ឈ្មោះ​ពិត​ថា Ryan Guan កាលពី​ឆ្នាំ​២០១៨ រកបាន​២២​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៩ រកបាន​២៦​លាន​ដុល្លារ​ឯណោះ​។​
 
​ឆា​ណែ​ល «Ryan’s World» បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ដោយ​ឪពុកម្តាយ​របស់ Ryan ដោយ​កាលនោះ កុមារ​រូបនេះ​មាន​អាយុ​ត្រឹម​៣​ឆ្នាំ​ប៉ុណ្ណោះ ។ មកដល់ពេលនេះ ឆា​ណែ​ល​នេះ​មាន​អ្នក Subscribe ដល់​ទៅ​៤១,៧​លាន​នាក់​ទៅហើយ​។ 
 
​ផ្តើមដំបូង​ដោយ​ឈ្មោះ «Ryan ToysReview» ឆា​ណែ​ល YouTube នេះ មាន​សុទ្ធសឹងតែ​វីដេអូ ប្រភេទ «Unboxing» ដែល​បង្ហាញ​ពី​ក្មេងប្រុស​រូបនេះ​បើក​ប្រអប់​ប្រដាប់​ក្មេង​លេខ ហើយ​លេង​ជាមួយ​ពួកវា​។ ក៏ប៉ុន្តែ ឆា​ណែ​ល YouTube នេះ មាន​ការវិវត្ត​ទៅតាម​វ័យ​របស់​ក្មេងប្រុស Ryan ដោយ​ឥឡូវនេះ វា​ក៏​ផ្តល់​វីដេអូ​អប់រំ​ផងដែរ បន្ថែម​ពី​ការ​គ្រាន់តែ​បើក​ប្រអប់​ប្រដាប់​ក្មេង​លេង​។​
 
​ដោយ​ផ្អែកលើ​ចំណាត់ថ្នាក់​របស់​ទស្សនា​វ​ដ្តី Forbes កុមារ Ryan Kaji បាន​នាំមុខ​ឆា​ណែ​ល YouTube ដ៏​ល្បីល្បាញ​មួយ​ឈ្មោះថា «MrBeast» ដែល​រកលុយ​បាន​២៤​លាន​​ដុល្លារ​។ ឆា​ណែ​ល​ដែលមាន​អ្នក Subscribe រហូត​៤៧,៨​លាន​នាក់​នេះ  គឺជា​កម្មសិទ្ធិ​របស់​យុវជន​អាមេរិក​ម្នាក់​ឈ្មោះ Jimmy Donaldson ។ 
 
​ឆា​ណែ​ល​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​តារាង​របស់​ទស្សនា​វ​ដ្តី Forbes គឺ «Dude Perfect»​ដែល​បង្កើតឡើង​ដោយ​មិត្ត​មួយក្រុម​មកពី​រដ្ឋ Texas សហរដ្ឋអាមេរិក​។ ឆា​ណែ​ល​នេះ មាន​អ្នក Subscribe រហូតដល់ ៥៧,៥​លាន​នាក់ ហើយ​រកចំណូលបាន​២៣​លាន​ដុល្លារ​។ ចំណែក​ចំណាត់ថ្នាក់​លេខ ៤ គឺ​ឆា​ណែ​ល YouTube ឈ្មោះថា «Rhett and Link» ដែល​រកបាន​២០​លាន​ដុល្លារ ហើយ​មាន​អ្នក Subscribe ៤១,៨​លាន​នាក់​។ 
 
​ចំណាត់ថ្នាក់​លេខ​៥ ឆា​ណែ​ល «Markiplier» រកបាន​១៩,៥​លាន​ដុល្លារ ហើយ​មាន​អ្នក Subscribe សរុប​២៧,៨​លាន​នាក់​។ ចំណាត់ថ្នាក់​លេខ​៦ ឆា​ណែ​ល «Preston Arsement» រកបាន​១៩​លាន​ដុល្លារ ហើយ​មាន​អ្នក Subscribe សរុប ៣៣,៤​លាន​នាក់​។ ចំណាត់ថ្នាក់​លេខ​៧ ឆា​ណែ​ល «Like Nastya» រកចំណូលបាន​១៨,៥​លាន​ដុល្លារ ហើយ​មាន​អ្នក Subscribe សរុប​៦០​លាន​នាក់​។ 
 
​ចំណាត់ថ្នាក់​លេខ ៨ ឆា​ណែ​ល «Blippi» រកចំណូលបាន​១៧​លាន​ដុល្លារ ហើយ​មាន​អ្នក Subscribe សរុប​២៧,៤​លាន​នាក់​។ ចំណាត់ថ្នាក់​លេខ​៩ ឆា​ណែ​ល «David Dobrik» រកចំណូលបាន​១៥,៥​លាន​ដុល្លារ ហើយ​មាន​អ្នក Subscribe សរុប ១៨​លាន​នាក់​។ ចំណាត់ថ្នាក់​លេខ ១០ ឆា​ណែ​ល «Jeffree Star» រកចំណូលបាន​១៥​លាន​ដុល្លារ ហើយ​មាន​អ្នក Subscribe សរុប​១៦,៩​លាន​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com