ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កម្ពុជាបានបាត់បង់បុគ្គលមានទេពកោសល្យ ក៏ដូចជាចំណេះវិជ្ជាខ្ពស់ក្នុងវិស័យពុទ្ធិចក្រ អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ និងសិល្បៈចំនួន៨រូបសំខាន់ៗ។ ការបាត់បង់នេះ បានធ្វើឱ្យជនរួមជាតិ សម្ដែងនូវការសោកស្ដាយស្ទើរគ្រប់គ្នា នៅគ្រប់វិស័យទាំងនោះ។
សារព័ត៌មានថ្មីៗ សូមលើកយកប្រវត្តិខ្លះៗរបស់បុគ្គលទាំង៨រូប មកបង្ហាញជូន។ ទោះជាយ៉ាងណា ក្នុងឆ្នាំ២០២០ មានបុគ្គលក្នុងវិស័យខាងលើបានទទួលមរណភាពច្រើនជាងនេះ ដោយសារព័ត៌មានថ្មីៗពុំបានស្រង់មកបង្ហាញជូន។
លោក គុន សុភាព បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ លោក គុន សុភាព មានចំណេះដឹងខ្ពស់ផ្នែកធម៌បុរាណ ហើយលោកថែមទាំង មានសេចក្ដីព្យាយាមមាំក្នុងកិច្ចការស្រាវជ្រាវ គម្ពីសាស្ត្រាស្លឹករឹត វាន និងក្រាំង និងមានភាពហ្មត់ចត់ច្បាស់លាស់ក្នុងការងារ។ ឧទ្ទេសាចារ្យ គុន សុភាព មានស្រុកកំណើតភូមិគៀនឃ្លាំង សង្កាត់លេខ៧ ក្រុងភ្នំពេញ។
លោក គុន សុភាព អ្នកសិក្សាស្រាវជ្រាវគម្ពីរសាស្រ្តាស្លឹករឹត វាន និងក្រាំង (អង្គុយពាក់អាវស)
កាលបួសជាសាមណេរ លោក គុន សុភាព បានសរសេរលើក្រាំងបត់ថ្មីជាច្រើនច្បាប់ ដូចជាអាការវតារសូត្រ អភិធម្ម និងធម៌បទ សម្រាប់សូត្រក្នុងពិធីផ្សេងៗ ព្រមទាំងភាណវរបាលីបុរាណ ដូចជាអាធារណ ឆលង្កាវិជ្ជា រាហុលបរិត្ត....។ល។ ការបម្រើការក្នុងអង្គការ FEMC លោកបានរៀបចំសាស្ត្រា វាន ក្រាំង ផ្ទាល់ដៃឡើងវិញឱ្យត្រូវតាមច្បាប់ដើម រាប់សែនសន្លឹក និងមើលដាក់ចំណងជើងរាប់ពាន់ខ្សែ តាមបណ្ដាបណ្ណាល័យក្នុងវត្តតាមខេត្ត និងបណ្ណាល័យនានាក្នុងរាជធានីភ្នំពេញ។
ស្នាដៃជាច្រើនរបស់លោននៅមិនទាន់បានបោះពុម្ពផ្សាយ មុនពេលលោកទទួលមរណភាព ដូចជាបញ្ជីបណ្ណោះអាសន្ន នៃសាស្ត្រាស្លឹករឹតខ្មែរ ភាគ១ ឆ្នាំ២០០៤។ បញ្ជីបណ្ណោះអាសន្ន នៃសាស្ត្រាស្លឹករឹតខ្មែរ ភាគ២ ឆ្នាំ២០១៨។ ប្រពៃណីខ្មែរ ភាគ១ ភាគ២ ឆ្នាំ២០១៨។ កម្រងច្បាប់ខ្មែរពីបុរាណ ភាគ១ ភាគ២ ឆ្នាំ២០១៦។ កម្រងច្បាប់ខ្មែរពីបុរាណ ភាគ៣ ភាគ៤ ឆ្នាំ២០២០។ បញ្ជីនិងអក្ខរក្រមកម្ពុជសុរិយា ឆ្នាំ២០២០។ ប្រពៃណីបុណ្យសព (មិនទាន់បោះពុម្ព)។ គម្ពីរត្រៃភូមិ នឹងបោះពុម្ពឆ្នាំ២០២១។
លោក សាស្ត្រាចារ្យ ទិត្យ សែន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៥៤ឆ្នាំ។ លោក ទិត សែន ជាគ្រូបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ បានដឹកនាំបង្ហាត់ស្នាដៃល្ខោនខោល ទស្សនីយភាពលើឆាក ទៅដល់សិស្សនិស្សិត តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ ដោយបានប្រមាណជា៣០ស្នាដៃ។
សាស្ត្រាចារ្យ ទិត្យ សែន គ្រូល្ខោនខោល
លោកស្រីបណ្ឌិត ពៅ សាវរស អ្នកប្រាជ្ញខាងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅប្រទេសបារាំង។ លោកស្រី ពៅ សាវរស ដែលមានសញ្ជាតិបារាំង ក្រោមឈ្មោះថា Saveros Lewitz បានចងក្រងឯកសារស្រាវជ្រាវដ៏ច្រើនទាក់ទងនឹងអារ្យធម៌ អក្សរសាស្ត្រ សិលាចារឹក និងក្បួនច្បាប់ផ្សេងៗរបស់ខ្មែរ។ លោកស្រីធ្លាប់ឆ្លងកាត់ការសិក្សាជាមួយសាស្ត្រាចារ្យល្បីៗរបស់បារាំង ដូចជា លោក George Coedes និងលោក Francois Martini ជាដើម។
លោកស្រី ពៅ សាវរស អ្នកប្រាជ្ញខាងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរ
អតីតអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល CNRS នៅក្រុងប៉ារីស រូបនេះ បានបន្សល់ទុករួមមានដូចជា អ្វីជាខេមរវិទ្យា?, វចនានុក្រមភាសាខ្មែរសម័យកណ្តាល, សទ្ទានុក្រម សំស្ត្រឹត-ខ្មែរ-បារាំង រួមទាំងស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ទាំងភាសាខ្មែរ បារាំង និងអង់គ្លេស។
ចំណែកអ្នកស្រី ព្រីង សុខាន់ណារិទ្ធ ដែលជាកូនទី២ របស់នាដកោសល្យវដ្តី ព្រីង សាឃន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ក្នុងវ័យ៥៣ឆ្នាំ ដោយរោគាពាធ។ អ្នកស្រី ព្រីង សុខាន់ណារិទ្ធ ក៏ជាគ្រូរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈដែរ។
អ្នកស្រី ព្រីង សុខាន់ណារិទ្ធ គ្រូរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ
ផ្នែកវិស័យចម្រៀង លោក នី សាលឿន ជាតារាចម្រៀងបែបមនោសញ្ចេតនា សំនៀងស្រទន់ បានទទួលមរណភាពដោយជំងឺមហារីកថ្លើម កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០ នៅប្រទេសអាមេរិក ក្នុងអាយុ៥៤ឆ្នាំ។ ម្ចាស់ស្នាដៃបទ“ដងស្ទឹងឡូវែល” រូបនេះ ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលបានរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងវិស័យសិល្បៈខ្មែរ នៅឯនាយសមុទ្រ ក្រោយសម័យសង្គ្រាមប៉ុលពត។
លោក នី សាលឿន តារាចម្រៀងបែបមនោសញ្ចេតនា
រីឯព្រឹទ្ធាចារ្យសិល្បៈបុរាណពហុជំនាញ ឈិន ឈាង បានទទួលមរណភាពនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ ព្រឹទ្ធាចារ្យ ឈិន ឈាង ជាសិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ។ បន្ថែមពីនោះ លោកចេះសម្ដែងល្ខោនបាសាក់ យីកេ និងចេះលេងចាប៉ីដងវែង ព្រមទាំងលេងឧបករណ៍ភ្លេងបុរាណច្រើនប្រភេទទៀត។ ព្រឹទ្ធាចារ្យ ឈិន ឈាង បានប្រឡូកក្នុងវិស័យសិល្បៈបុរាណ តាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦៥ មកម្ល៉េះ។
ព្រឹទ្ធាចារ្យ ឈិន ឈាង សិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ
ព្រឹទ្ធាចារ្យ ព្រឿង ព្រួន ជាតន្ត្រីកររនាតឯក មានទេពកោសល្យដ៏កម្រប្រចាំប្រទេសកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី៤ខែឧសភា ឆ្នាំ២០២០ដោយរោគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ។ ជាតន្ត្រីករឧបករណ៍ភ្លេងបុរាណ លោកព្រឹទ្ធាចារ្យ ព្រឿង ព្រួន មានទេពកោសល្យខ្ពស់ក្នុងវិស័យភ្លេងបុរាណ ដោយលោកអាចបម្រើក្នុងវង់ភ្លេងពិណពាទ្យ វង់ភ្លេងមហោរី និងក្នុងវង់ភ្លេងរបាំព្រះរាជទ្រព្យ។ លោកព្រឹទ្ធាចារ្យ អាចលេងឧបករណ៍ភ្លេងបុរាណបានច្រើនប្រភេទ។ ដោយឡែក ឧបករណ៍រនាតឯក លោកចេះចាំយ៉ាងស្ទាត់ជំនាញ រហូតធ្វើឱ្យមិត្តរួមអាជីពខ្លះ ប្រៀបទេពកោសល្យរបស់លោកព្រឹទ្ធាចារ្យ ព្រឿង ព្រួន ទៅនិងលោក ស៊ីន ស៊ីសាមុត ថែមទៀតផង។
ព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលជាមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។ នាដកោសល្យវដ្ដី ព្រីង សាឃន ចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។
ព្រឹទ្ធាចារ្យ ព្រីង សាឃន មរតកមនុស្សរស់ មានជំនាញល្ខោននាដកម្ម
ព្រឹទ្ធាចារ្យ បានសម្ដែងជាតួ តាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ រួមទាំងក្នុងទម្រង់សិល្បៈល្ខោនយីកេរ។ ក្រៅពីនោះលោកព្រឹទ្ធាចារ្យ ក៏មានទេពកោសល្យលើទម្រង់របាំ ភាពយន្ត និងទម្រង់ល្ខោននានាជាច្រើនទៀតដែរ។ នាដកោសល្យវដ្ដី ព្រីង សាឃន បានផ្ទេរចំណេះខាងទ្រឹស្ដី ខាងផលិត និងសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។
ចំណែកព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជាធម្មគរុ បានទទួលមរណភាព កាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៣:២០នារី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។ ព្រឹទ្ធាចារ្យវិជ្ជាធម្មគរុ ទេព ផុន ជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ។ មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើតនៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៤១។
ព្រឹទ្ធាចារ្យ ទេព ផុន មរតកមនុស្សរស់ដែលមានចំណេះដឹងខ្ពស់ខាងព្រះពុទ្ធសាសនា
ព្រឹទ្ធាចារ្យ ទេព ផុន មានចំណេះដឹងចេះចាំស្ទាត់ ខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។ ជាពិសេសឯកទេសជំនាញខាងការបង្រៀនមានបទពិសោធច្រើន ព្រមទាំងមានជំនាញប្រៀបធៀប(ទស្សនវិជ្ជា និងពុទ្ធសាសនា)។ លោកព្រឹទ្ធាចារ្យក៏មានជំនាញស្ទាត់ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ មានពុទ្ធវិន័យ ពុទ្ធសាសនា និងសាសនាប្រៀបធៀប ។ល៕