ជាតិ
ព្រឹទ្ធាចារ្យ និង​សាស្ត្រាចារ្យ ផ្នែក​សាសនា សិល្បៈ និង​វប្បធម៌ ៨​រូប បាត់បង់​ជីវិត ក្នុង​ឆ្នាំ​២០២០
31, Dec 2020 , 9:59 am        
រូបភាព
ព្រឹទ្ធាចារ្យ ឈិន ឈាង សិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ
ព្រឹទ្ធាចារ្យ ឈិន ឈាង សិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​បាត់បង់​បុគ្គល​មាន​ទេពកោសល្យ ក៏ដូចជា​ចំណេះវិជ្ជា​ខ្ពស់​ក្នុង​វិស័យ​ពុទ្ធិ​ចក្រ អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ និង​សិល្បៈ​ចំនួន​៨​រូប​សំខាន់ៗ​។ ការបាត់បង់​នេះ បានធ្វើឱ្យ​ជនរួមជាតិ សម្ដែង​នូវ​ការសោកស្ដាយ​ស្ទើរ​គ្រប់គ្នា នៅ​គ្រប់​វិស័យ​ទាំងនោះ​។​



​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​ប្រវត្តិ​ខ្លះៗ​របស់​បុគ្គល​ទាំង​៨​រូប មក​បង្ហាញជូន​។ ទោះជា​យ៉ាងណា ក្នុង​ឆ្នាំ​២០២០ មាន​បុគ្គល​ក្នុង​វិស័យ​ខាងលើ​បានទទួល​មរណភាព​ច្រើនជាង​នេះ ដោយសារ​ព័ត៌មាន​ថ្មីៗ​ពុំបាន​ស្រង់​មក​បង្ហាញជូន​។​
 
​លោក គុន សុភាព បានទទួល​មរណភាព កាលពី​ថ្ងៃ​ចន្ទ ទី​០៤ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៦៤​ឆ្នាំ ដោយ​រោគាពាធ​។ លោក គុន សុភាព មានចំណេះដឹង​ខ្ពស់​ផ្នែក​ធម៌​បុរាណ ហើយ​លោក​ថែមទាំង មាន​សេចក្ដី​ព្យាយាម​មាំ​ក្នុង​កិច្ចការ​ស្រាវជ្រាវ គម្ពី​សាស្ត្រា​ស្លឹករឹត វាន និង​ក្រាំង និង​មាន​ភាព​ហ្មត់ចត់​ច្បាស់លាស់​ក្នុង​ការងារ​។ ឧទ្ទេសាចារ្យ គុន សុភាព មាន​ស្រុកកំណើត​ភូមិ​គៀន​ឃ្លាំង សង្កាត់​លេខ​៧ ក្រុងភ្នំពេញ​។​
  

លោក គុន សុភាព អ្នកសិក្សាស្រាវជ្រាវគម្ពីរសាស្រ្តាស្លឹករឹត វាន និងក្រាំង (អង្គុយពាក់អាវស)

​កាល​បួស​ជា​សាមណេរ លោក គុន សុភាព បាន​សរសេរ​លើ​ក្រាំង​បត់​ថ្មី​ជាច្រើន​ច្បាប់ ដូចជា​អាការ​វ​តារ​សូត្រ អភិធម្ម និង​ធម៌​បទ សម្រាប់​សូត្រ​ក្នុង​ពិធី​ផ្សេងៗ ព្រមទាំង​ភាណ​វរ​បាលី​បុរាណ ដូចជា​អាធារ​ណ ឆ​លង្កា​វិជ្ជា រាហុល​បរិត្ត​....​។​ល​។ ការបម្រើ​ការ​ក្នុង​អង្គការ FEMC លោក​បានរៀបចំ​សាស្ត្រា វាន ក្រាំង ផ្ទាល់ដៃ​ឡើងវិញ​ឱ្យ​ត្រូវ​តាមច្បាប់​ដើម រាប់សែន​សន្លឹក និង​មើល​ដាក់​ចំណងជើង​រាប់ពាន់​ខ្សែ តាម​បណ្ដា​បណ្ណាល័យ​ក្នុង​វត្ត​តាម​ខេត្ត និង​បណ្ណាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ស្នាដៃ​ជាច្រើន​របស់​លោ​ន​នៅ​មិនទាន់បាន​បោះពុម្ពផ្សាយ មុនពេល​លោក​ទទួលមរណភាព ដូចជា​បញ្ជី​ប​ណ្ណោះ​អាសន្ន នៃ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ភាគ​១ ឆ្នាំ​២០០៤​។ បញ្ជី​ប​ណ្ណោះ​អាសន្ន នៃ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ភាគ​២ ឆ្នាំ​២០១៨​។ ប្រពៃណី​ខ្មែរ ភាគ​១ ភាគ​២ ឆ្នាំ​២០១៨​។ កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ ភាគ​១ ភាគ​២ ឆ្នាំ​២០១៦​។ កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ ភាគ​៣ ភាគ​៤ ឆ្នាំ​២០២០​។ បញ្ជី​និង​អក្ខរក្រម​កម្ពុជសុរិយា ឆ្នាំ​២០២០​។ ប្រពៃណី​បុណ្យសព (​មិនទាន់​បោះពុម្ព​)​។ គម្ពីរ​ត្រៃភូមិ នឹង​បោះពុម្ព​ឆ្នាំ​២០២១​។ 
 
​លោក សាស្ត្រាចារ្យ ទិ​ត្យ សែន បានទទួល​មរណភាព​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៥៤​ឆ្នាំ​។ លោក ទិ​ត សែន ជា​គ្រូបង្រៀន​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ បាន​ដឹកនាំ​បង្ហាត់​ស្នាដៃ​ល្ខោនខោល ទស្សនីយភាព​លើ​ឆាក ទៅដល់​សិស្ស​និស្សិត តាំងពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨ ដោយបាន​ប្រមាណ​ជា​៣០​ស្នាដៃ​។ 

សាស្ត្រាចារ្យ ទិត្យ សែន គ្រូល្ខោនខោល

​លោកស្រី​បណ្ឌិត ពៅ សាវ​រស អ្នកប្រាជ្ញ​ខាង​ការសិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​អារ្យធម៌​ខ្មែរ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៩០​ឆ្នាំ នា​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ប្រទេស​បារាំង​។ លោកស្រី ពៅ សាវ​រស ដែលមាន​សញ្ជាតិ​បារាំង ក្រោម​ឈ្មោះថា Saveros Lewitz បាន​ចងក្រង​ឯកសារ​ស្រាវជ្រាវ​ដ៏​ច្រើន​ទាក់ទង​នឹង​អារ្យធម៌ អក្សរសាស្ត្រ សិលាចារឹក និង​ក្បួនច្បាប់​ផ្សេងៗ​របស់​ខ្មែរ​។ លោកស្រី​ធ្លាប់​ឆ្លងកាត់​ការសិក្សា​ជាមួយ​សាស្ត្រាចារ្យ​ល្បីៗ​របស់​បារាំង ដូចជា លោក George Coedes និង​លោក Francois Martini ជាដើម​។​


លោកស្រី ពៅ សាវរស អ្នកប្រាជ្ញខាងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរ 

​អតីត​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល CNRS នៅ​ក្រុងប៉ារីស រូបនេះ បាន​បន្សល់ទុក​រួមមាន​ដូចជា អ្វី​ជា​ខេ​មរ​វិទ្យា​?, វចនានុក្រម​ភាសា​ខ្មែរ​សម័យ​កណ្តាល​, សទ្ទានុក្រម សំ​ស្ត្រឹ​ត​-​ខ្មែរ​-​បារាំង រួមទាំង​ស្នាដៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត ទាំង​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​។​
 
​ចំណែក​អ្នកស្រី ព្រីង សុខា​ន់​ណា​រិ​ទ្ធ ដែលជា​កូន​ទី​២ របស់​នាដ​កោសល្យ​វ​ដ្តី ព្រីង សាឃ​ន បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ ក្នុង​វ័យ​៥៣​ឆ្នាំ ដោយ​រោគាពាធ​។  អ្នកស្រី ព្រីង សុខា​ន់​ណា​រិ​ទ្ធ ក៏​ជា​គ្រូរបាំ​បុរាណ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​ដែរ​។​
 


អ្នកស្រី ព្រីង សុខាន់ណារិទ្ធ គ្រូរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ

 ផ្នែក​វិស័យ​ចម្រៀង លោក នី សា​លឿន ជា​តារាចម្រៀង​បែប​មនោសញ្ចេតនា សំនៀង​ស្រទន់ បានទទួល​មរណភាព​ដោយ​ជំងឺមហារីក​ថ្លើម កាលពី​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០២០ នៅ​ប្រទេស​អាមេរិក ក្នុង​អាយុ​៥៤​ឆ្នាំ​។ ម្ចាស់​ស្នាដៃ​បទ​“​ដងស្ទឹង​ឡូ​វែ​ល​” រូបនេះ ជា​បុគ្គល​មួយរូប​ក្នុងចំណោម​បុគ្គល​ជាច្រើនរូប​ទៀត ដែល​បានរួម​ចំណែក​ផ្សព្វផ្សាយ និង​លើកតម្កើង​វិស័យ​សិល្បៈ​ខ្មែរ នៅ​ឯនាយសមុទ្រ ក្រោយ​សម័យ​សង្គ្រាម​ប៉ុលពត​។​
 


លោក នី សាលឿន តារាចម្រៀងបែបមនោសញ្ចេតនា

​រីឯ​ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ​ពហុ​ជំនាញ ឈិន ឈាង បានទទួល​មរណភាព​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៧៥​ឆ្នាំ ដោយ​រោគាពាធ​។ ព្រឹទ្ធាចារ្យ ឈិន ឈាង ជា​សិល្បករ​ពហុ​ជំនាញ​ផ្នែក​សិល្បៈ​បុរាណ ដែលមាន​ទេពកោសល្យ​ខ្ពស់​លើ​សិល្បៈ​អា​យ៉ៃ​។ បន្ថែម​ពី​នោះ លោក​ចេះ​សម្ដែង​ល្ខោនបាសាក់ យីកេ និង​ចេះ​លេង​ចាប៉ីដងវែង ព្រមទាំង​លេង​ឧបករណ៍​ភ្លេងបុរាណ​ច្រើន​ប្រភេទ​ទៀត​។ ព្រឹទ្ធាចារ្យ ឈិន ឈាង បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បុរាណ តាំងពី​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦៥ មកម្ល៉េះ​។ 


ព្រឹទ្ធាចារ្យ ឈិន ឈាង សិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ 

​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ជា​តន្ត្រីករ​រនាតឯក មាន​ទេពកោសល្យ​ដ៏​កម្រ​ប្រចាំ​ប្រទេស​កម្ពុជា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០២០​ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​។ ជា​តន្ត្រីករ​ឧបករណ៍​ភ្លេងបុរាណ លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​វិស័យ​ភ្លេងបុរាណ ដោយ​លោក​អាច​បម្រើ​ក្នុង​វង់ភ្លេង​ពិណពាទ្យ វង់ភ្លេង​មហោរី និង​ក្នុង​វង់ភ្លេង​របាំ​ព្រះរាជ​ទ្រព្យ​។ លោក​ព្រឹទ្ធាចារ្យ អាច​លេង​ឧបករណ៍​ភ្លេងបុរាណ​បាន​ច្រើន​ប្រភេទ​។ ដោយឡែក ឧបករណ៍​រនាតឯក លោក​ចេះ​ចាំ​យ៉ាង​ស្ទាត់ជំនាញ រហូត​ធ្វើឱ្យ​មិត្ត​រួម​អាជីព​ខ្លះ ប្រៀប​ទេពកោសល្យ​របស់លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ទៅ​និង​លោក ស៊ីន ស៊ី​សាមុត ថែម​ទៀតផង​។  
 
​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្តី ព្រីង សាឃ​ន ដែលជា​មរតក​មនុស្ស​រស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយ​រោគាពាធ​។ នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន ចេះ​ចាំ​ស្ទាត់​លើ​ជំនាញ​ល្ខោន​នាដកម្ម ដែល​លោក​ស្ទាត់​ខាង​ផលិត​និង​សម្ដែង​។ 
  

ព្រឹទ្ធាចារ្យ ព្រីង សាឃន មរតកមនុស្សរស់ មានជំនាញល្ខោននាដកម្ម

​ព្រឹទ្ធាចារ្យ បាន​សម្ដែង​ជា​តួ តា​ជូជក ក្នុង​រឿង ព្រះ​វេស្សន្តរជាតក និង​ដើរតួ​ត្លុក​ក្នុង​រឿង​ទុំ​ទាវ រួមទាំង​ក្នុង​ទម្រង់​សិល្បៈ​ល្ខោន​យីកេរ​។ ក្រៅពីនោះ​លោក​ព្រឹទ្ធាចារ្យ ក៏មាន​ទេពកោសល្យ​លើ​ទម្រង់​របាំ ភាពយន្ត និង​ទម្រង់​ល្ខោន​នានា​ជាច្រើន​ទៀត​ដែរ​។ នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន បាន​ផ្ទេរ​ចំណេះ​ខាង​ទ្រឹស្ដី ខាង​ផលិត និង​សម្ដែង ផ្នែក​នាដ​សាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាលា​មធ្យម​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៨០​។ 
 
​ចំណែក​ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជា​ធម្ម​គរុ បានទទួល​មរណភាព កាលពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ៣:២០​នារី ក្នុង​ជន្មាយុ ៧៩​ឆ្នាំ ដោយ​ជរាពាធ​។ ព្រឹទ្ធាចារ្យ​វិជ្ជា​ធម្ម​គរុ ទេព ផុន ជា​គ្រូបង្រៀន​ច្រើន​ជំនាន់ ព្រមទាំង​បាន​ចូល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ជាតិ ក្នុងការ​ថែរក្សា​រូបសំណាក​ឈើ​អស់​ជាច្រើន​ឆ្នាំ​។ មាន​ស្រុកកំណើត​នៅ ភូមិ​ដីដុះ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើត​នៅ​ថ្ងៃទី​១៥ មេសា ឆ្នាំ​១៩៤១​។​
  

ព្រឹទ្ធាចារ្យ ទេព ផុន មរតកមនុស្សរស់ដែលមានចំណេះដឹងខ្ពស់ខាងព្រះពុទ្ធសាសនា

​ព្រឹទ្ធាចារ្យ ទេព ផុន មានចំណេះដឹង​ចេះ​ចាំ​ស្ទាត់ ខាង​ព្រះពុទ្ធសាសនា រួមមាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា ដោយ​អាច​បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ព្រះពុទ្ធ​ឱវាទ​ឱ្យដល់​សប្បុរសជន​ទូទៅ​។ ជាពិសេស​ឯកទេស​ជំនាញ​ខាង​ការបង្រៀន​មាន​បទពិសោធ​ច្រើន ព្រមទាំង​មាន​ជំនាញ​ប្រៀបធៀប​(​ទស្សនវិជ្ជា និង​ពុទ្ធសាសនា​)​។ លោក​ព្រឹទ្ធាចារ្យ​ក៏មាន​ជំនាញ​ស្ទាត់​ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ មាន​ពុទ្ធ​វិន័យ ពុទ្ធសាសនា  និង​សាសនា​ប្រៀបធៀប ។​ល​៕
 
 

Tag:
 វប្បធម៌​
  សាសនា​
 ​សិល្បៈ​
  អក្សរសាស្ត្រ​
  ទេពកោសល្យ
© រក្សាសិទ្ធិដោយ thmeythmey.com