COVID-19
អន្តរជាតិ
ថៃ ហាមឃាត់ការជួបជុំឆ្លងឆ្នាំសកល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ពលរដ្ឋថៃ ដើរតាមដងផ្លូវ ក្នុងទីក្រុង បាងកក ថ្ងៃទី ៣០ ខែធ្នូ ។ រូបពី AFP
× ថៃ បានដាក់បម្រាមលើការការជួបជុំ និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ នៅជុំវិញប្រទេស ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកាន់តែអាក្រក់ជំងឺរាតត្បាតសកលកូវីដ-១៩ អំឡុងពិធីឆ្លងឆ្នាំសកល ២០២១។ ការចេញបម្រាមនេះ ធ្វើឡើងក្រោយថៃរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយរបស់ខ្លួន។
អាជ្ញាធរថៃ បានស្នើសុំសាធារណជនចៀសវាងការធ្វើដំណើរ និងបានដាក់វិធានការគ្រប់គ្រងកាន់តែតឹងរ៉ឹងក្នុងតំបន់ខ្លះ ដូចជា អាជីវកម្មកម្សាន្តជាដើម។ នៅថ្ងៃទី ៣០ ខែធ្នូ ក្រសួងសុខាភិបាលថៃ បានរកឃើញជំងឺកូវីដ-១៩ថ្មី ២៥០ករណី ដែលជាតួលេខខ្ពស់បំផុតមួយ ចាប់តាំងពីផ្ទុះករណីឆ្លងរាលដាលទ្រង់ទ្រាយធំមួយ កាលពីជិត២សប្ដាហ៍មុន។
«តួលេខថ្ងៃនេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ […]។ អ្វីដែលយើងមិនចង់ឃើញគឺការបិទ (lockdown) លើកទី២ ឬលើកទី៣ ឡើយ»។ អ្នកនាំពាក្យក្រុមការងារកូវីដ-១៩ថៃ លោក Taweesin Wisanuyothin បានប្រាប់សន្និសីទព័ត៌មានបែបនេះ នៅថ្ងៃទី៣០ ខែធ្នូ មុននឹងបន្ថែមថា ប្រសិនបើស្ថានការណ៍ ពុំអាចគ្រប់គ្រងបានទេនោះ ជាជាងការរាប់ថយក្រោយឆ្លងឆ្នាំថ្មី ថៃប្រហែលរាប់ករណីឆ្លងដែលកើនឡើង។
បម្រាមនេះ អនុវត្តលើការជួបជុំទាំងឡាយណាដែលបង្កហានិភ័យដល់ការផ្ទុះរាលដាលជំងឺកូវីដ-១៩ តែលើកលែង សកម្មភាពរបស់រដ្ឋាភិបាល និងការជួបជុំក្នុងផ្ទះឯកជន។
ការឆ្លងកូវីដ-១៩ជាចង្កោមថ្មី បានផ្ទុះឡើងកាលពីជិតពីរសប្ដាហ៍មុន នៅផ្សារគ្រឿងសមុទ្រមួយក្បែរទីក្រុង បាងកក ក្នុងចំណោមនោះ ភាគច្រើនគឺជាពលករចំណាកស្រុកពីមីយ៉ាន់ម៉ា ។ មកទល់ពេលនេះ ករណីឆ្លង បានរាលដាលក្នុងខេត្តថៃ៤៨ហើយ ហើយករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍មានសរុប១៦៣៤ករណី។
បន្ថែមពីការឆ្លងជាចង្កោមនៅផ្សារគ្រឿងសមុទ្រ ក្នុងខេត្តសមុទ្រសាគរ ក៏រកឃើញករណីឆ្លងជាចង្កោមធំៗ២ទៀតផងដែរ ដោយមួយគឺជាប់ពាក់ព័ន្ធនឹងទីតាំងលេងល្បែងស៊ីសងខុសច្បាប់នៅខេត្តរ៉ាយ៉ង និងមួយទៀតជាប់ទាក់ទងនឹងទីតាំងកម្សាន្តក្នុងរាជធានីបាងកក។
បើតាមកាសែត បាងងកកប៉ុស្តិ៍ នៅថ្ងៃទី៣០ ខែធ្នូ ករណីឆ្លងពាក់ព័ន្ធនឹងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ក្នុងទីក្រុងរ៉ាយ៉ង មាន១០៨ករណីថ្មី ខណៈជាប់ទាក់ទងនឹងទីតាំងកម្សាន្តក្នុងរាជធានីបាងកក កើនដល់១២៥ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com