កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន អនុញ្ញាត​ឲ្យ​បើក​ក្លិប​ហាត់ប្រាណ លេង​កីឡា​និង​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​
31, Dec 2020 , 11:29 am        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ប្រមូល​ហ្វឹកហាត់ និង​លេង​កីឡា​គ្រប់​ប្រភេទ​ជា​ជំហានៗ​ឡើងវិញ ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ ជាមួយគ្នានេះ អាជីវកម្ម​ក្លិប​ហាត់ប្រាណ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ផងដែរ​។

 
​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បានដាក់​សំណើរ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការអនុញ្ញាត​ឲ្យ​មានការ​បើក​អាជីវកម្ម​ក្លិប​ហាត់ប្រាណ ការលេង​កីឡា ប្រកួត​កីឡា និង​ប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​ហ្វឹកហាត់​ឡើងវិញ​។ ការដាក់សំណើរ​នេះ ធ្វើឡើង​ក្រោយ សម្តេច បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​២៨​វិច្ឆិកា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។ ព្រឹត្តិការណ៍​២៨​វិច្ឆិកា សំដៅលើ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​
 
​ក្រសួង​អប់រំ​បាន​សរសេរ​ក្នុង​លិខិត​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់ ក្រសួង​អប់រំ​យុវជន និង​កីឡា សូម​គោរព​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​បើក​ដំណើរការ​ឡើងវិញ​នូវ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ ការលេង​កីឡា​ដើម្បី​សុខភាព ការប្រកួត​លី​គ និង​ការប្រមូលផ្តុំ​របស់​ក្រុម​ជម្រើសជាតិ​ជា​ជំហានៗ​»​។ 
 
​ជាការ​ឆ្លើយតប​សម្តេច ហ៊ុន សែន បាន​ចារ​យល់ព្រម​ចំពោះ​សំណើរ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នៅក្នុង​សំណើរ​ខាងលើ ក្រសួង​អប់រំ ប្តេជ្ញា​ថា ខ្លួន​នឹង​បន្ត​ណែនាំ និង​គោរព​តាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​បំផុត​។​
 
​ក្រសួង​អប់រំ​អះអាងថា ការស្នើ​របស់ខ្លួន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សុខភាព និង​ការហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​គុណ​ផល​របស់​កីឡាករ សម្រាប់​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២១ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​គួរ​រំ​ឮ​កថា ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​ឲ្យ​បិទ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ ការហាត់​ប្រាណ ការលេង​កីឡា​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ប្រមូល និង​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​បណ្តោះអាសន្ន ក្រោយ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ការឆ្លង​នេះ ត្រូវបាន​សម្តេច ហ៊ុន សែន ដាក់ឈ្មោះថា ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​៕  
 
 

Tag:
 ក្រសួង​អប់រំ​យុវជន​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com