សិល្បៈបុរាណខ្មែរ មានច្រើនហើយសម្បូរបែប ដូចជារបាំក្បាច់បុរាណខ្មែរ ឬហៅថារបាំព្រះរាជទ្រព្យ(មានច្រើនទម្រង់) របាំប្រពៃណី ទម្រង់ភ្លេងបុរាណ និងភ្លេងប្រពៃណីជាដើម ដែលប្រជាជនខ្មែរបានឃើញនិងបានស្គាល់ច្រើន ក្នុងជីវភាពប្រចាំថ្ងៃ តាមរយៈការសម្ដែងនានា។ ទោះជាយ៉ាងណា ទម្រង់សិល្បៈបុរាណខ្មែរច្រើនទៀត ដែលកូនខ្មែរមិនធ្លាប់បានឮ ឬមិនធ្លាប់បានឃើញ។
លោក ប៊ុត ចាន់ណា ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ល្ខោនពោលស្រី ល្ខោនអាប៉េ និងល្ខោនបាមោជ្ជទ័យ សឹងនៅសល់តែឈ្មោះទៅហើយ ក្រោយបែកសម័យសង្គ្រាម ព្រោះគ្រូដែលនៅចេះចាំទម្រង់សិល្បៈទាំងនេះ នៅរស់រានមានជីវិតតិចតួចបំផុត។ ដោយឡែកទម្រង់ ល្ខោនចាប៉ីដងវែង គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបតែបង្កើតថ្មីក្នុងឆ្នាំ២០២០។
លោក ប៊ុត ចាន់ណា បញ្ជាក់បន្ថែម៖« ទម្រង់សិល្បៈខាងលើ មានខ្លះនៅមិនទាន់ឯកភាពគ្នាទេ ដូចជាទម្រង់ល្ខោនពោលស្រី យើងត្រូវពិភាក្សាគ្នាច្រើនទៀត ដើម្បីរកមតិរួម។ បែកសម័យសង្គ្រាមភ្លាម ទម្រង់សិល្បៈខ្លះ មិនមានរូបរាងទេ យើងអាចមានលទ្ធភាពត្រឹមតែធ្វើបទបង្ហាញប៉ុណ្ណោះ ព្រោះយើងខ្វះធនធានមនុស្ស ម្យ៉ាងលទ្ធភាពរបស់យើងក៏មិនសូវមានផង»។
លោក ប៊ុត ចាន់ណា ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព (រូបកណ្ដាល) រូបផ្ដល់ឱ្យ
ខាងក្រោមគឺជាប្រវត្តិខ្លះៗ ក៏ដូចជាលក្ខណៈរបស់សិល្បៈបុរាណកម្រទាំង៤ទម្រង់ ដែលលោក ប៊ុត ចាន់ណា នឹងពន្យល់ដោយផ្អែកលើឯកសារស្រាវជ្រាវ។
“ល្ខោនពោលស្រី” ត្រូវបានសម្ដែង និងផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យ ខួបលើកទី១៦នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០២០ “ល្ខោនពោលស្រី” បានសម្ដែងរឿង “ជ័យជេត”។
របាំក្នុងល្ខោនពោលស្រី (រូបផ្ដល់ឱ្យ)
បើតាមលោក ប៊ុត ចាន់ណា ល្ខោនពោលស្រី ជាល្ខោនច្រៀងរាំបែបបុរាណ ដែលមានលក្ខណៈស្រដៀងនឹងល្ខោនក្បាច់បុរាណខ្មែរ ទាំងតន្ត្រី សម្លៀកបំពាក់ ស្បៃ មកុដ ក្បាំងមុខ និងគ្រឿងអលង្ការលម្អដៃជើង។ ប៉ុន្តែរបៀបសម្ដែង មានភាពខុសគ្នាឆ្ងាយពីទម្រង់ល្ខោនក្បាច់បុរាណខ្មែរ ឬល្ខោនព្រះរាជទ្រព្យ ព្រោះល្ខោនក្បាច់បុរាណខ្មែរ ដែលមានតួសុទ្ធតែស្រីៗ បញ្ចេញកាយវិកាទន់ភ្លន់ កំណត់ទៅតាមទំនៀមទម្លាប់ និងទំនុកច្រៀងរបស់ក្រុមអ្នកច្រៀងជាពួក ដោយមិនមាននិយាយឬច្រៀងខ្លួនឯងឡើយ។
ចំណែក” ល្ខោនពោលស្រី” ដែលក្បាច់បាតយកតាមល្ខោនក្បាច់បុរាណខ្មែរ ឬល្ខោនព្រះរាជទ្រព្យនោះ ក្រៅពីពាក្យពោលរៀបរាប់សាច់រឿង ឬការកាត់កងឆាក ដោយអ្នកពោលស្រី(អ្នកពោលសុទ្ធតែស្រី) អ្នកសម្ដែងទាំងតួអង្គប្រុសនិងតួអង្គស្រី(អ្នកសម្ដែងសុទ្ធជាស្រី) សុទ្ធតែត្រូវរាំច្រៀង និងនិយាយដោយខ្លួនឯង។ រីឯតួដែលមានពាក់ក្បាំងមុខ ត្រូវតែបើកបង្ហើបក្បាំងមុខឡើង រួចទើបនិយាយ។
ឈុតមួយក្នុងល្ខោនពោលស្រី រឿង ជ័យ ជេត (រូបផ្ដល់ឱ្យ)
ចំណែកល្ខោនអាប៉េរឿង “ក្ងោកមាស” ត្រូវបានសម្ដែងជាលើកទី៣ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយមានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រោយបែកសម័យសង្គ្រាម ទម្រង់ល្ខោនមួយនេះ បានសម្ដែងលើកទី១ នៅឆ្នាំ១៩៩១ ក្នុងមហោស្រពសិល្បៈ ដឹកនាំដោយអ្នកគ្រូម៉ែម៉ឺន។ រហូតមកដល់ឆ្នាំ២០១៩ គឺ២៨ឆ្នាំក្រោយ អាប៉េបានសម្ដែងជាលើកទី២ ក្នុងរឿង “អាសព្វជាតិ និងនាងពៅ” រៀបចំឡើងដោយក្រុមនិស្សិតមួយក្រុម ដោយមានការចូលរួមសម្ដែងពីគ្រូចាស់ៗ ដែលបានសម្ដែងកាលពីគ្រាទី១។
ឈុតមួយក្នុងល្ខោនអាប៉េ រឿង ក្ងោកមាស (រូបផ្ដល់ឱ្យ)
“ល្ខោនអាប៉េ” ជាល្ខោនច្រៀងរាំបែបបុរាណ។ នៅឆ្នាំ២០០៣ សិល្បៈអាប៉េមានតែឈ្មោះប៉ុណ្ណោះ ក្នុងសង្គមកម្ពុជា ដោយមានអ្នកនៅចេះចាំទម្រង់នេះតិចតួចបំផុត។ នៅក្រោយសម័យសង្គ្រាម គេអាចត្រឹមធ្វើបទបង្ហាញពីទម្រង់នេះប៉ុណ្ណោះ។
ទម្រង់ល្ខោនអាប៉េមានមតិ២ផ្សេងគ្នាដែលផ្លូវការ និងមតិ១ផ្សេងទៀតមិនផ្លូវការ។ មតិ២ផ្លូវការ គឺមានល្ខោនអាប៉េក្នុងវាំង និងល្ខោនអាប៉េជនបទ។ មតិពីគ្រូចាស់ៗនៅក្នុងវាំង ល្ខោនអាប៉េក្នុងវាំង គឺជាខ្នែងតូចមួយរបស់របាំព្រះរាជទ្រព្យ ដែលគេហៅថាអាប៉េ ឬយីកេសាស្ត្រ ដោយតួសម្ដែងសុទ្ធតែស្រីៗ។ តន្ត្រីដែលលេងកំដរការសម្ដែង គឺវង់ភ្លេងពិណពាទ្យ។
ចំណែកមតិទី២ ពីគ្រូចាស់ៗក្រៅវាំង ជាពិសេសអ្នកគ្រូម៉ែម៉ឺន ដែលជាគ្រូរបាំ និងជាតួកុនក្នុងទសវត្សរ៍៦០ដ៍ល្បីល្បាញផងនោះ បានបញ្ជាក់ថា ល្ខោនអាប៉េ ជាល្ខោនជនបទ មានទម្រង់ជាល្ខោនច្រៀងរាំ និងនិយាយផង ដែលអ្នកសម្ដែងសុទ្ធតែប្រុសៗទាំងអស់ ទោះជាតួស្រី ក៏យកប្រុសទៅសម្ដែងដែរ (យកប្រុសតែងតួជាស្រី)។
ល្ខោនអាប៉េជាទម្រង់សិល្បៈបែបកំប្លែង ដោយយកតែរឿងណាបែបកំប្លែងមកសម្ដែង ដើម្បីបង្កើនបរិយាកាសឱ្យសប្បាយរីករាយ។ រីឯឧបករណ៍ភ្លេងមានទ្រ ឃឹម ខ្លុយ និងស្គរដៃ ដែលឧបករណ៍នេះ ដូចគ្នានឹងឧបករណ៍ក្នុងទម្រង់សិល្បៈអាយ៉ៃដែរ ហើយការសម្ដែងនោះទៀតសោត ឃើញថាដូចគ្នាបេះបិទទៅនឹងការសម្ដែងអាយ៉ៃរឿងដែរ។
បុរសតែងតួជាស្រី ក្នុងល្ខោនអាប៉េ រឿង ក្ងោកមាស (រូបផ្ដល់ឱ្យ)
ចំណែកមតិទី៣ ដែលជាមតិមិនផ្លូវការនោះ ល្ខោនអាប៉េ ត្រូវបានគេយកទម្រង់សិល្បៈយីកេសុទ្ធសាធទៅសម្ដែង គ្រាន់តែបន្ថែមតួត្លុក និងមានឧបករណ៍ក្រាបកាន់ក្នុងដៃបន្ថែមសម្រាប់ឡក ហើយគេប្រកាសខ្លួនថាជា អាប៉េដែរ។
ចូលមកដល់ល្ខោនចាប៉ីវិញម្ដង។ ចាប៉ីរឿង “សុបិនកុមារ” ត្រូវបានសម្ដែងនិងផ្សាយផ្ទាល់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីអបអរសាទរពិធីបុណ្យភ្ញុំបិណ្ឌ។
“ល្ខោនចាប៉ី” គឺជាទម្រង់សិល្បៈថ្មីមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាស្នាដៃសាកល្បង “ល្ខោនចាប៉ី” បានដំឡើងស្នាដៃដំបូងរបស់ខ្លួនចំនួន២រឿង ដោយមានរឿង “សុវណ្ណសាម” និងរឿង “សុបិនកុមារ”។ ថ្វីដ្បិតជាស្នាដៃថ្មី ដែលពុំទាន់អាចកំណត់ពីភាពជោគជ័យបានក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា “ល្ខោនចាប៉ី” មានការទទួលយកបានពីទស្សនិកជនច្រើនហើយ។
ឈុតមួយក្នុងល្ខោនចាប៉ីដងវែង (រូបផ្ដល់ឱ្យ)
“ល្ខោនចាប៉ី” មានទម្រង់ជាចាប៉ីច្រៀងរៀបរាប់ពីសាច់រឿង អមការសម្ដែងល្ខោននៅលើឆាក។ គេអាចរៀបសិល្បករចាប៉ីដងវែងទៅតាមលទ្ធភាព ដោយអាចមានចំនួន២ ឬ៣ ឬ៤ រូប សម្រាប់ច្រៀង ចំណែកតួសម្ដែងល្ខោន មានផ្សេងទៀត។
ចុងក្រោយគឺល្ខោនបាមោជ្ជទ័យ។ តាមពិតទៅទម្រង់ល្ខោនមួយនេះ នៅមិនទាន់បានសម្ដែងជាសាធារណ ជូនសាធារណជននៅឡើយទេ គឺគ្រាន់តែដំឡើង និងសម្ដែងឆ្លងថ្នាក់ដឹងនាំទស្សនាសិនប៉ុណ្ណោះ។ ល្ខោនបាមោជ្ជទ័យ ជាទម្រង់ល្ខោនច្រៀងបែបទំនើប ទទួលឥទ្ធិពលពីល្ខោនអូប៉េរ៉ា របស់បស្ចិមប្រទេស។ តាមការស្រាវជ្រាវ ល្ខោននេះបានកើតឡើងនៅដើមសតវត្សទី២០ ក្នុងឆ្នាំ១៩១៤ ទៅ១៩១៨ នៅលោកខាងលិច។
យោងតាមឯកសារ ជំនុំទំនៀមទម្លាប់ខ្មែរ ដែលលោក ប៊ុត ចាន់ណាបានស្រង់ខ្លឹមសារខ្លះៗ ប្រាប់សារព័ត៌មានថ្មីៗ ល្ខោនបាមោជ្ជទ័យ មានវត្តមានក្នុងសង្គមខ្មែរនៅឆ្នាំ១៩២០ នៃគ្រឹស្តសករាជ ហើយត្រូវរលត់រលាយពីកម្ពុជាវិញ ក្នុងអំឡុងឆ្នាំ១៩៤០ ដោយសារមានល្ខោនបាសាក់ នាំមកពីកម្ពុជាក្រោម។
សិល្បករសិល្បការិនីច្រៀងចាប៉ី ក្នុងល្ខោនចាប៉ីដងវែង (រូបផ្ដល់ឱ្យ)
ពីដើមឡើយនៅកម្ពុជា វង់ភ្លេងដែលបម្រើក្នុងល្ខោននេះ គឺប្រើឧបករណ៍ភ្លេងបស្ចិមប្រទេស ប៉ុន្តែក្រោយមកគេបានច្នៃបញ្ចូលភ្លេងខ្មែរ។ ដំបូងឡើយនៅលោកខាងលិច ទម្រង់សិល្បៈមួយនេះ គេយកតែមនុស្សស្រីទៅសម្ដែងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជា គេលេងទាំងស្រីនឹងប្រុស ហើយគេយកចម្រៀងជាធំ។ ពាក្យពេចន៍និយាយ មានលក្ខណៈប្រាកដនិយម ប្រៀបដូចជីវិតរស់នៅប្រចាំថ្ងៃ រីឯការសម្ដែងក៏ដូចសកម្មភាពរស់នៅប្រចាំថ្ងៃដែរ។ អ្នកខ្លះគេហៅល្ខោនបាមោជ្ជទ័យ ថា បាមោជ្ជថៃ ហើយអ្នកខ្លះទៀតហៅថា ល្ខោនច្រៀង។
កាលពីឆ្នាំ២០០១ ល្ខោនបាមោជ្ជទ័យ បានសម្ដែងរឿងតូចមួយ «កេបកេបកូនល្អ”» ដោយយកកុមារាកុមារីក្នុងសាលាវិចិត្រសិល្បៈទៅសម្ដែង ដឹកនាំដោយអ្នកគ្រូ កែវ ណារុំ និងលោកគ្រូ ជិន នាគ ក្នុងទិវាវប្បធម៌៣មេសា នៅសាលមហោស្រពចតុមុខ។ ចាប់ពីពេលនោះមក ល្ខោនមួយនេះក៏ស្ងាត់បាត់ទៅវិញ ហើយទើបតែឆ្នាំ២០២០ ល្ខោនបាមោជ្ជទ័យ បានរៀបចំដំឡើងជាថ្មី និងឆ្លងថ្នាក់ដឹកនាំពិនិត្យ៕