ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
នយោបាយជាតិ
អ្នកស្រី សេង រាសី ប្តេជ្ញាលើកកម្ពស់សិទ្ធិស្ត្រីដែលជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
× អ្នកស្រី សេង រាសី គឺជានាយិកាប្រតិបត្តិអង្គការសីលការ ដែលធ្វើកិច្ចការផ្តោតលើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ។ មានវ័យ៣២ឆ្នាំ អ្នកស្រី រាសី បានប្រាប់សារព័ត៌មានថ្មីៗថា បើទោះជាខ្លួនមានសមត្ថភាព ហើយត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នកដឹកនាំក៏ដោយ ប៉ុន្តែអ្នកស្រី ក៏នៅតែទទួលបានការរើសអើង និងការមិនឲ្យតម្លៃដោយសារតែខ្លួនជាស្ត្រី និងមានវ័យក្មេង។ ការណ៍នេះ បានធ្វើឲ្យនាយិកាប្រតិបត្តិរូបនេះ អន់ចិត្ត ប៉ុន្តែវាក៏ជាសញ្ញាឲ្យឃើញថា ការរើសរើងចំពោះស្ត្រីនៅតែមាន ទោះជាគេមានសមត្ថភាពក៏ដោយ។ អ្នកស្រី សេង រាសី គូសបញ្ជាក់ថា ផ្នត់គំនិតចាស់គំរឹល កង្វះគំរូភាព គួបផ្សំនឹងប្រព័ន្ធគាំទ្រស្ត្រីឲ្យបញ្ចេញសមត្ថភាព និងសក្តានុពលរបស់ខ្លួនឲ្យដូចនឹងបុរស នោះហើយដែលបានរារាំង និងបង្អាក់ដំណើររបស់ស្ត្រីនៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ក៏ដូចជាធ្វើឲ្យចំនួនស្ត្រីនៅក្នុងថ្នាក់សម្រេចចិត្តក្នុងវិស័យនយោបាយមានចំនួនតិច។ ទោះយ៉ាងណានាយិកាប្រតិបត្តិវ័យក្មេងរូងនេះ នៅបន្តប្តេជ្ញាឥតរួញរា ក្នុងការងារលើកកម្ពស់សិទ្ធិស្ត្រី ដែលអ្នកស្រីជឿថា ជាគ្រឹះមួយដ៏សំខាន់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
បច្ចុប្បន្ន មានស្ត្រីជាអ្នកដឹកនាំកំពូល ឬស្ថិតនៅក្នុងថ្នាក់សម្រេចចិត្ត នៅក្នុងស្ថាប័នមិនច្រើននោះទេ បើធៀបនឹងចំនួនបុរស។ អ្នកស្រី សេង រាសី គឺជានាយិកាប្រតិបត្តិនៃអង្គសីលការ ហើយដែលស្ថិតក្នុងចំណោមស្ត្រីជាអ្នកដឹកនាំអង្គការសង្គមស៊ីវិល ដ៏តិចតួចនោះ។ ជាកូនទី៣ នៃគ្រួសារដែលមានឪពុកជាមន្ត្រីរាជការ និងម្តាយជាអាជីវករនៅរាជធានីភ្នំពេញ អ្នកស្រី សេង រាសី បានរៀបរាប់ថាអ្នកស្រីបានស្ម័គ្រចិត្តធ្វើការនៅអង្គការសីលការ នៅ អំឡុងឆ្នាំ២០១២ ស្របពេលដែលខ្លួន កំពុងសិក្សាអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុអន្តរជាតិ នៅសាកលវិទ្យាបញ្ញាសាស្ត្រកម្ពុជា។
មានវ័យ៣២ឆ្នាំ អ្នកស្រី សេង រាសី បានប្រាប់សារព័ត៌មានថ្មីៗថា ការងារសង្គមនៅក្នុងអង្គការសីលការ គឺជាការងារដំបូងរបស់ខ្លួន ហើយក៏ទីកន្លែងដែនាំឲ្យអ្នកស្រីបានរកឃើញចំ ណង់ចំណូលចិត្ត និងការងារមួយដែលខ្លួនស្រឡាញ់ជាពន់ពេកផងដែរ។ ចាប់ផ្តើមពីការ ងារស្ម័គ្រចិត្ត ស្ត្រីសម្បុរស្រអែមរូបនេះ បានបន្តការងាររហូតដល់ទៅ៦ឆ្នាំ នៅក្នុងអង្គការសីលការ ក្នុងនាមជាជំនួយការនាយិការប្រតិបត្តិ និងជាអ្នកសម្របសម្រួលគម្រោងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ និងការងារមួយចំនួនទៀត បើទោះជាគ្រានោះ ក្រុមគ្រួសារមិនសូវយល់តម្លៃនៃការងាររបស់ខ្លួនក៏ដោយ។ ក្រោយមកនៅក្នុងដើមខែធ្នូ ឆ្នាំ២០១៨ អ្នកស្រី រាសី ត្រូវបានជ្រើសរើសជានាយិការប្រត្តិបត្តិអង្គការសីលការ។ ជោគជ័យក្នុងការងារ បានធ្វើឲ្យអ្នកស្រី រាសី អាចយកឈ្នះការមិនពេញចិត្តក្រុមគ្រួសារ ហើយក៏បានទទួលបានគាំទ្រពីក្រុមគ្រួសារច្រើនជាងពេលមុន។
បើតាម អ្នកស្រី សេង រារី មូលហេតុដែលអ្នកស្រីត្រូវបានក្រុមប្រឹក្សាភិបាលជ្រើសរើស ក៏ព្រោះតែគេបានមើលឃើញពីសេចក្តីស្រឡាញ់ ឆន្ទៈ និងការប្តេជ្ញារបស់ខ្លួន នៅក្នុងកិច្ចការសង្គមមួយនេះ។ អ្នកស្រី សេង រាសី រៀបរាប់ ក្នុងសម្តីដ៏មានថាមពលយ៉ាងដូច្នេះ៖ «យើងដឹងថាការធ្វើកិច្ចការសង្គម វាមានការលំបាក វាត្រូវការឲ្យអ្នកហ្នឹងមានការប្តេជ្ញា និងកម្លាំង និងថាមពល ហើយស្រឡាញ់ការងារមួយហ្នឹង។ ការងារអីក៏(ត្រូវ)ស្រឡាញ់ដែរ តែគ្រាន់តែថាការងារមួយហ្នឹង ទាមទារឲ្យយើងស្រឡាញ់ច្រើន ពីព្រោះបើយើងអត់ស្រឡាញ់ទេ យើងនឹងងាយបោះបង់។ ដោយសារហត់នឿយច្រើន មិនត្រឹមតែត្រូវគិតគូរពីរឿងក្នុងអង្គភាពទេ ត្រូវគិតគូរពីរឿងសង្គមខាងក្រៅ និងថែមទាំងរឿងនៅក្នុងគ្រួសារទៀត។ អីចឹងត្រូវការឲ្យម្នាក់ហ្នឹងមានទំនួលខុសត្រូវខ្ពស់ មានឆន្ទៈ និងការប្តេជ្ញាខ្ពស់»។
សម្រាប់អ្នកស្រី សេង រាសី ថ្វីដ្បិតតែជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនក៏ដោយ ប៉ុន្តែស្ត្រីរូបនេះ បានយល់យ៉ាងច្បាស់ហើយថា តួនាទីជាអ្នកសម្រេចិត្តនៅក្នុងអង្គភាពមួយ គឺជាអម្រែកដ៏លំបាក និងជារបត់ជីវិតថ្មីមួយទៀតសម្រាប់ខ្លួន។ តែយ៉ាងណា ស្ត្រីដ៏ក្លាហាន និងមានជំនឿចិត្តមុតមាំមួយរូបនេះ ព្រមរ៉ាប់រងមិនរួញរា ព្រោះតែក្តីស្រឡាញ់ និងជំនឿរបស់ខ្លួន ដែលជឿថា សិទ្ធិស្ត្រី គឺជាសិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សនេះឯង គឺជាអ្វីមួយដែលចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ នៅក្នុងសង្គមមួយ។ «បើទោះបីផ្លូវហ្នឹងវារលាក់ វាពិបាកយ៉ាងម៉េច យើងត្រូវដឹងថា ពេលដែលយើងសម្រេចចិត្តបែបនេះ យើងត្រូវទទួលអី? អីចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំដាក់តួនាទី ជានាយិកាប្រតិបត្តិនេះ ខ្ញុំបានដឹងរួចទៅហើយថាអម្រែកមួយនេះមិនស្រាលទេ។ បទពិសោធន៍ដែលធ្វើការជាមួយអ្នកមីង(អ្នកស្រី ធីតា ឃឹះ) មើលឃើញកិច្ចប្រឹងប្រែងរបស់គាត់ ខ្ញុំដឹងថាវាលំបាក ប៉ុន្តែបើដឹងថាលំបាក ហេតុម៉េចបានដាក់? ចម្លើយយ៉ាងខ្លី ដោយសារស្រឡាញ់! ស្រឡាញ់កិច្ចការងារមួយហ្នឹង ហើយដឹងថានេះជាអ្វីដែលបេះដូងខ្លួនឯងប្រាប់ថាចង់ធ្វើ។ អីចឹងហើយក៏សម្រេចចិត្តបន្តដំណើរមួយនេះ បើទោះបីដឹងថា អម្រែកមួយហ្នឹងធ្ងន់ និងលំបាកក៏ដោយ»។ នេះជាការរៀបរាប់របស់នាយិការប្រតិបត្តិអង្គការសីលការ ប្រាប់សារព័ត៌មានថ្មីៗ។
ផ្នត់គំនិតចាស់គំរឹល និងខ្វះគំរូភាព បានធ្វើឲ្យស្ត្រីនៅថ្នាក់សម្រេចចិត្តក្នុងវិស័យនយោបាយមានតិច
បើទោះបីជាស្ថិតនៅក្នុងសតវត្សទី២១ទៅហើយក្តី ប៉ុន្តែកម្ពុជានៅតែមានផ្នត់គំនិតចាស់គំរឹល ជុំវិញការកំណត់ការទទួលខុសត្រូវ និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គម។ មិនតែប៉ុណ្ណោះ សង្គមកម្ពុជា នៅមិនទាន់បានឲ្យតម្លៃពេញលេញចំពោះស្ត្រី ក្នុងតួនាទីជាអ្នកដឹកនាំនៅឡើយ។ នេះជាការលើកឡើងរបស់អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ ដែលបានលើកពីបទពិសោធន៍ផ្ទាល់ខ្លួនមកបញ្ជាក់បន្ថែមថា ខ្លួនធ្លាប់ត្រូវបានគេរើសអើង និងមិនសូវឲ្យតម្លៃព្រោះតែជាស្ត្រី និងវ័យក្មេងជាងគេ។ អ្នកស្រី រាសី បន្តទៀតថា៖«មានរឿងប្រឈមច្រើន ទាំងកម្រិតបុគ្គល និងបរិយាកាសខាងក្រៅ។ ប្រឈមកម្រិតបុគ្គល ដោយសារតែវ័យរបស់ខ្ញុំ នៅក្នុងវ័យមួយដែលក្មេង ហើយខ្ញុំកាន់តួនាទីមួយនេះ អីចឹងទៅការរើសអើងដោយសារវ័យរបស់យើង ហើយដោយសារតែយើងជាមនុស្សស្រី នៅតែកើតឡើង។ រយៈពេល២ឆ្នាំមកនេះ អត់បាត់ទេ»។
សម្រាប់អ្នកស្រី សេង រាសី ផ្នត់គំនិតរើងអើងលើយេនឌ័រនេះហើយ បានរារាំង និងបង្អាក់ដំណើររបស់ស្ត្រីមិនត្រឹមតែនៅក្នុងផ្នែកសង្គមស៊ីវិលនោះទេ ប៉ុន្តែវាក៏រួមចំណែកធ្វើឲ្យចំនួនស្ត្រីនៅក្នុងថ្នាក់សម្រេចចិត្ត ក្នុងវិស័យនយោបាយមានចំនួនតិចផងដែរ។ ក្រៅពីនេះកង្វះគំរូភាព កង្វះប្រព័ន្ធគាំទ្រស្ត្រីឲ្យបញ្ចេញសមត្ថភាព និងសក្តានុពលរបស់ខ្លួនឲ្យដូចនឹងបុរស និងកង្វះការចែកការទទួលខុសត្រូវកិច្ចការក្នុងផ្ទះ ក៏បានបន្ថែមបន្ទុកឲ្យស្ត្រីផងដែរ។ លើសពីនេះ អ្នកស្រី សេង រាសី មើលឃើញថា យុវជន យុវតីខ្មែរ ក៏នៅមិនទាន់យល់ច្បាស់ពីពាក្យនយោបាយច្បាស់នៅឡើយ។ ការចូលរួមធ្វើនយោបាយ មិនចាំបាច់ទាល់តែត្រូវចូលទៅក្នុងគណបក្សនយោបាយនោះទេ។ នេះជាការបញ្ជាក់របស់អ្នកស្រី សេង រាសី រួចបានបន្តថា៖ «ខ្ញុំជឿថា ពាក្យនយោបាយអត់ល្អ ហើយក៏អត់អាក្រក់ដែរ។ វាគ្រាន់តែពាក្យទេ វាសំខាន់នៅលើអ្នកប្រព្រឹត្តហ្នឹងធ្វើវាឡើងដោយរបៀបណា ពីព្រោះយើងត្រូវការមនុស្សគ្រប់គ្នាចូលរួមនៅក្នុងគ្រប់បរិយាកាសសង្គម»។
អ្នកដឹកនាំវ័យក្មេងរូបនេះ បានលើកទឹកចិត្តឲ្យយុវជន ឬពលរដ្ឋដែលចង់ប្រឡូកក្នុងវិស័យនយោបាយ ទោះនៅក្នុងកម្រិតណាក៏ដោយ ចាំបាច់ត្រូវស្វែងយល់ និងស្គាល់ពីនយោបាយជាមុនសិន ហើយក៏ដាច់ត្រូវតែស្គាល់ពីគុណតម្លៃ និងគោលដៅនៃការប្រឡូកក្នុងវិស័យនយោបាយរបស់ខ្លួនជាមុនសិន។ សម្រាប់អ្នកស្រី សេង រាសី នៅពេលដែលយុវជនស្គាល់ពីអ្វីដែលខ្លួនចង់បានហើយ នោះទើបពួកគេអាចត្រៀមខ្លួនជួបប្រឈមនឹងឧបសគ្គនៅក្នុងដំណើរជីវិតរបស់គេ ក៏ដូចជាការត្រៀមខ្លួនក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យទៅដល់គោលដៅដែលខ្លួនប្រាថ្នា ដោយមិនសោកស្តាយ៕
Tag:
សេង រាសី
សីលការ
សិទ្ធិស្ត្រី
យេនឌ័រ
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com