ជាតិ
សង្គមជាតិ
អ្នកនិពន្ធ​ជិត​២០​នាក់ ជាប់​ជ័យលាភី​ប្រចាំឆ្នាំ​២០២០
31, Dec 2020 , 9:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកនិពន្ធ​ខ្មែរ​មួយចំនួន​បានទទួល​ពានរង្វាន់​ជ័យលាភី​ប្រចាំឆ្នាំ​២០២០​។ អ្នកនិពន្ធ​ខ្មែរ​ទាំងនោះ​គឺ​សុទ្ធតែ​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ រឿង​ខ្លី និង​កំណាព្យ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  ក្រសួង​ធ​ម្មា​ការ និង​សាសនា និង​សមាគម​អ្នកនិពន្ធ​ខ្មែរ​។

 
​នា​ថ្ងៃទី​២០ ខែមីនា សមាគម​អ្នកនិពន្ធ​ខ្មែរ​បានប្រកាស​ជ័យលាភី​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​ស្តីពី​«​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​»​លើក​ទី​១ ចំនួន​៩​រូប​។ ជ័យលាភី​ទាំង​៩រូបនេះ​គឺមាន​ស្ត្រី​១នាក់ និង​បុរស​៨​នាក់​។ 
 
​ម្ចាស់​ជ័យលាភី​ទាំង​៩​រូបនោះ​មានដូចជា លោក អ៊ុច សំណាង និពន្ធ​រឿង​ខ្លី​«​បាយក្តាំង​», លោក អៀ ហុក​នី​ម និពន្ធ​រឿង «​ពេល​ម៉ែ​ឃ្លា​តទៅ​» , លោក វ៉ា មឿ​ន និពន្ធ​រឿង​«​ស្នាមដំបៅ​» ,​លោក ឃុ​ត សុខឿន និពន្ធ​រឿង​«​ក្រោម​មេឃ​តែមួយ​» ,​កញ្ញា គង់ ច័ន្ទ​វ៉ាន់​ណង និពន្ធ​រឿង​«​ព្រះអាទិត្យ​ឥត​ពន្លឺ​» ,​លោក ម៉ៅ សុវណ្ណ​ឌី និពន្ធ​រឿង​«​មួយថ្ងៃ​មួយ​យប់​», លោក​ឆាន់ វុត្ថា និពន្ធ​រឿង «​ជើងមេឃ​ពណ៌​ក្រហម​» ,​លោក គឹម សាត និពន្ធ​រឿង​«​មិន​ព្រម​រៀបការ​» ,និង​លោក រឹម ទិ​ត្យ​បញ្ញា «​និពន្ធ​រឿង​អាប់​សែ​»​។ 
 
​កាលពី​ថ្ងៃទី​១៨ ខែតុលា សមាគម​អ្នកនិពន្ធ​ខ្មែរ ក៏បាន​រៀបចំ​កម្មវិធី​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ រឿង​ខ្លី និង​កំណាព្យ​មួយទៀត ប្រធានបទ​ស្តីពី​«​ជីវិត និង​និរន្ត​ភាព​ទន្លេមេគង្គ​»​។ ក្នុង​កម្មវិធី​នោះ​ក៏បាន​រកឃើញ​ជ័យលាភី​ចំនួន​២​រូប​។ ជ័យលាភី​ទាំងពីរ​រូបនោះ​មានដូចជា កញ្ញា លឹម ផាន់​ណា ជា​អ្នកទទួលបាន​ជ័យលាភី​ស្នាដៃ​ផ្នែក​កំណាព្យ​រឿង​«​មេគង្គ​ដួងចិត្ត​» និង​កញ្ញា ឡុង លាប​សុជាតា ជា​អ្នកទទួលបាន​ជ័យលាភី​ស្នាដៃ​ផ្នែក​និពន្ធ​រឿង​ខ្លី​«​វា​រី​ប្រាថ្នា​»​។ 
 
​ក្រសួង​ធម្មការ និង​សាសនា ក៏បាន​រៀបចំ​កម្មវិធី​ជ្រើសរើស​ជ័យលាភី​ពានរង្វាន់​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​លើក​ទី​៣ ផ្នែក​និពន្ធ​រឿង​ខ្លី និង​តែង​កំណាព្យ​ខ្លី​ផងដែរ​។ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ក្រសួង​ធម្មការ និង​សាសនា​បានប្រកាស​ជ័យលាភី​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​ចំនួន​៦​រូប​។ 
 
​ជ័យលាភី​លេខ​១​ផ្នែក​តែង​និពន្ធ​រឿង​ខ្លី​បាន​ទៅលើ​អ្នកនិពន្ធ ស៊ុយ លីន​ប៉ាវ ដែល​និពន្ធ​រឿង​ខ្លី​មាន​ចំណងជើង​ថា​«​ម៉ែ​! ខ្ញុំ​ចង់​រស់​។ ជ័យលាភី​លេខ​២ បាន​ទៅលើ​អ្នកនិពន្ធ អៀ ហុក​នី​ម និពន្ធ​រឿង​ខ្លី​មាន​ចំណងជើង​ថា​«​ភត្តាភិហារ​ស្ត្រី​» និង​ជ័យលាភី​លេខ​៣ បាន​ទៅលើ​អ្នកនិពន្ធ ឆាន់ វុត្ថា និពន្ធ​រឿង​ខ្លី​មាន​ចំណងជើង​ថា​«​វិប្បដិសារី​ឪពុក​ខ្ញុំ​»​។ 
 
​សម្រាប់​ជ័យលាភី​លេខ​១​ផ្នែក​តែង​និពន្ធ​កំណាព្យ​ខ្លី​បាន​ទៅលើ​អ្នកនិពន្ធ វណ្ណ សារ៉េត និពន្ធ​កំណាព្យ​រៀបរាប់​ពី​«​សុរា​»​។ ជ័យលាភី​លេខ​២​បាន​ទៅលើ​អ្នកនិពន្ធ ជក់ សុភា និពន្ធ​កំណាព្យ​រៀបរាប់​ពី​«​ព្រះឥន្ទ្រ​បាត់​កែវ​» និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ​អ្នកនិពន្ធ ខឹ​ក ហ៊​ន និពន្ធ​កំណាព្យ​រៀបរាប់​ពី​«​អពមង្គល​»​។ 
 
​អ្នកនិពន្ធ​ដែល​ទទួលបាន​ជ័យលាភី​ផ្នែក​តែង​និពន្ធ​រឿង​ខ្លី និង​កំណាព្យ​រឿង​ខ្លី​ចាប់ពី​ខែតុលា ដល់​ខែធ្នូ​នេះ គឺ​មិនទាន់​អាច​ទទួលបាន​ពានរង្វាន់​លើកទឹកចិត្ត​ពី​ម្ចាស់​កម្មវិធី​នៅឡើយ​ទេ​។ ម្ចាស់​កម្មវិធី​នឹង​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​ដល់​ពួកគេ​នៅពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​ធូរស្បើយ​សិន​៕ 
 
 

Tag:
 ពានរង្វាន់​
 ​អ្នកនិពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com