COVID-19
អន្តរជាតិ
វ៉ាក់សាំង​របស់ AstraZeneca ជា​វ៉ាក់សាំង​កូ​វីដ​-១៩ ទី​ពីរ ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​អង់គ្លេស​
31, Dec 2020 , 3:00 pm        
រូបភាព
ដប ដែលមានសរសេរថា វ៉ាក់សាំងកូវីដ-១៩ និងឈ្មោះក្រុមហ៊ុនឱសថ AstraZeneca និងសកលវិទ្យាល័យ Oxford។ រូបភាព៖ AFP
ដប ដែលមានសរសេរថា វ៉ាក់សាំងកូវីដ-១៩ និងឈ្មោះក្រុមហ៊ុនឱសថ AstraZeneca និងសកលវិទ្យាល័យ Oxford។ រូបភាព៖ AFP
​បន្ទាប់ពី​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Pfizer  ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​៣០ ខែធ្នូ បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុ​ឱសថ AstraZeneca បន្ថែមទៀត ដើម្បី​ជា​ផ្នែក​មួយ នៃ​ការទប់ស្កាត់​ការ​រាតត្បាត​របស់​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។​

 
​មុន​ចូលឆ្នាំ​២០២១ អង់គ្លេស បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ AstraZeneca ដែល​សហការ​អភិវឌ្ឍ​ជាមួយ​សកល​វិទ្យាល័យ Oxford​។ បើសិន​គ្មាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​អង់គ្លេស​-​ស៊ុយអែត​មួយ​នេះ នឹងត្រូវ​ចែកចាយ​ទៅ​តំបន់​ផ្សេងៗ ក្នុង​ចក្រភព​អង់គ្លេស ចាប់ពី​ថ្ងៃទី​៤ ខែមករា តទៅ​។ 
 
​តាមរយៈ​បណ្តាញ​សង្គម Twitter នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​បូរី​ស ច​ន​សុន បាន​លើកឡើងថា​៖ «​ឥឡូវនេះ យើង​នឹង​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​ឲ្យ​បាន​កាន់តែច្រើន​តាម​អ្វីដែល​អាចធ្វើ​បាន​»​។ ការបញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​បែ​ប​នេះ ធ្វើឡើង​ស្របពេល​ករណី​ឆ្លង​នៅ​អង់គ្លេស​កំពុងតែ​ហក់​ឡើង និង​បន្ទាប់ពី​អង់គ្លេស បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​ដែល​វិ​វ​ឌ្ឍ​ជា​ទម្រង់​ថ្មី​មួយទៀត (VUI-202012/01) ដែល​អាច​ឆ្លង​លឿន​ជាង​មុន​រហូតដល់​ទៅ ៧០​ភាគរយ​។ 
 
​ទន្ទឹមនេះ រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស Matt Hancock បាន​អះអាងថា ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​របស់​អង់គ្លេស​លើ​វ៉ាក់សាំង AstraZeneca ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដោយសារ​វ៉ាក់សាំង​នេះ មានតម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​របស់​កូ​វីដ​-១៩ ។​
 
​ខុសពី​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ Pfizer-BioNTech ដែល​ទាមទារ​ឲ្យ​ស្តុក​ទុក​ក្នុង​សី​តុ​ណ្ណ​ភាព​ទាប​រហូតដល់​ក្រោម​សូន្យ​អង្សា វ៉ាក់សាំង​របស់ AstraZeneca អាច​ស្តុក​ក្នុង​សី​តុ​ណ្ណ​ភាព​ធម្មតា​បាន និង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​។ កន្លងមក​ក្រុមហ៊ុន AstraZeneca បាន​បង្ហាញថា​វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធ​ភាពជា​មធ្យម​ប្រមាណ ៧០​ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សម្រាប់​ចំនួន​វ៉ាក់សាំង​វិញ អង់គ្លេស បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​មួយ​នេះ ចំនួន ១០០​លាន​ដូ​ស សម្រាប់​ចាក់​លើ​ប្រជាជន​របស់ខ្លួន​ចំនួន ៥០​លាន​នាក់ ដោយ​មនុស្ស​ម្នាក់​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូ​ស​។ ដើម្បី​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់ ការចាក់​វ៉ាក់សាំង​លើក​ទី​ពីរ ត្រូវធ្វើឡើង​រយៈ​៣​ខែ បន្ទាប់ពី​ចាក់​វ៉ាក់សាំង​លើកដំបូង​។ 
 
​សូមបញ្ជាក់ថា ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី​៣០ ខែធ្នូ បានប្រកាសថា ខ្លួន​មាន​ករណី​ឆ្លង​រហូតដល់​ជាង ៥​ម៉ឺន​ករណី​ឯណោះ​។ តួលេខ​សរុប អង់គ្លេស​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​ជាង ២,៤​លាន​ករណី ស្របពេល​អ្នកស្លាប់​បាន​កើន​ដល់​ជាង ៧​ម៉ឺន​នាក់​៕ 

Tag:
 អង់គ្លេស​
  វ៉ាក់សាំង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com