កីឡាជាតិ
ជាតិ
កីឡាករ​បាល់ទាត់​ចំនួន​៥​រូប បានបញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ឆ្នាំ​២០២០
31, Dec 2020 , 10:29 pm        
រូបភាព
រាប់ពីឆ្វេងកីឡាករ_ឃួន_ឡាបូរ៉ាវី សុខ_សុវណ្ណ ទូច_បញ្ចរ៉ុង ខែក_ខេមរិន្ទ
រាប់ពីឆ្វេងកីឡាករ_ឃួន_ឡាបូរ៉ាវី សុខ_សុវណ្ណ ទូច_បញ្ចរ៉ុង ខែក_ខេមរិន្ទ
ដោយ:
​កីឡាករ​បាល់ទាត់​ឆ្នើម​ចំនួន​៥​រូប បានប្រកាស​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ឆ្នាំ​២០២០​។ ទោះបី​បញ្ចប់​អាជីព​ជា​កីឡាករ ក៏ពិតមែន ប៉ុន្តែ​ពួកគេ​ភាគច្រើន​នៅតែ​បន្ត​ដើរ​លើ​វិថី​កីឡាបាល់ទាត់ ដោយ​អ្នកខ្លះ​បាន​វិ​វត្ត​ខ្លួន​ទៅជា​គ្រូបង្វឹក​យុវជន​។

 
​យ៉ាងហោចណាស់​មាន​កីឡាករ​៥​រូប​រួមមាន​កីឡាករ ឃួន ឡា​បូ​រ៉ាវី​, ខែ​ក ខេ​ម​រិ​ន្ទ្រ​, ទូច បញ្ច​រ៉ុង​, សុខ សុវណ្ណ និង​អ្នកចាំទី គឹម មករា បានសម្រេច​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ឆ្នាំ​២០២០ ក្រោម​ហេតុផល​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ពួកគេ​ភាគច្រើន មិន​ទៅណា​ឆ្ងាយ​ពី​វិស័យ​កីឡាបាល់ទាត់​នោះទេ​។ 
 
​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​បឹងកេត ឃួន ឡា​បូ​រ៉ាវី បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​នៅ​ថ្ងៃទី​៩ មករា ឆ្នាំ​២០២០ ក្នុង​វ័យ​៣១​ឆ្នាំ ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។ បច្ចុប្បន្ន​បុរស​មាន​ដើមកំណើត​មកពី​ខេត្តកំពង់ចាម​រូបនេះ ជា​មន្ត្រី​បច្ចេកទេស និង​ជា​គ្រូបង្វឹក​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោម​ដំបូល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។  
 
​បុរស​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ពី​ឆ្នាំ​២០០៨-២០១៤​។ ក្រោយមក រូបគេ ក៏បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​នៅ​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៨ និង​បាន​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​លី​គ​កំពូល​បាន​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៦ និង ២០១៧​។ 
 
​ឡា​បូ​រ៉ាវី បាន​ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​ជាមួយ​ក្លិប​លំដាប់​ទី​៤​របស់​ថៃ Surat Thani នៅ​ដើមឆ្នាំ​២០១៩​។ ប៉​ន្តែ​រូបគេ​បាន​ចែកផ្លូវ​ជាមួយ​ក្លិប​នេះ ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល ហើយ​បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​សាជាថ្មី​រហូត​ចប់​រដូវ​កាល​ឆ្នាំ​២០១៩​។ បន្ទាប់មក រូបគេ ក៏បាន​ប្រកាស​បញ្ចប់​អាជីព​នៅ​ដើមឆ្នាំ​២០២០ តែម្តង​។ 
 
​អតីត​អ្នកចាំទី​របស់​ក្លិប​បឹងកេត គឺ​ម មករា បានបញ្ចប់​អាជីព​ជា​កីឡាករ​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២០ ដោយសារ​មាន​បញ្ហា​ជង្គង់ ដែល​បាន​រងរបួស​ដាច់​សរ​សៃ ហើយ​បាន​វះកាត់​កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២០​។ ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ រូបគេ ត្រូវបាន​ក្លិប​បាល់ទាត់​តែងតាំង​ឲ្យ​ធ្វើជា​គ្រូ​អ្នកចាំទី​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​។ 
 
​អតីត​កីឡាករ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ​រូបនេះ បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត​នៅ​ចុងឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៩​។ រូបគេ​បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​បឹងកេត​លើក​ពាន​លី​គ​កំពូល​ពីរលើក​នៅ​ឆ្នាំ​២០១៦ និង ២០១៧ និង​ពាន​សម្តេច ហ៊ុន សែន មួយ​លើក​នៅ​ឆ្នាំ​២០១៩​។  
 
​ចំណែក​អតីត​ខ្សែការពារ ទូច បញ្ច​រ៉ុង របស់​ក្លិប​បឹងកេត​បានបញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​វ័យ​៣៣​ឆ្នាំ​។ ការប្រកាស​ចូលនិវត្តន៍​នេះ ព្រោះ​រូបគេ​ចង់​ផ្តល់ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ ជាពិសេស​ដើម្បី​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន ដែល​ក្លិប​បានតែងតាំង​រូបគេ​ឲ្យ​ធ្វើជា​គ្រូ​ជំនួយ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​។ 
 
​បញ្ច​រ៉ុង បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាករ​បាល់ទាត់​ដំបូង​ក្នុងអំឡុង​ឆ្នាំ​២០០៧ ជាមួយ​ក្លិប​ដូ​ហ្វី​ន​នៅ​ខេត្តកោះកុង​។ បន្ទាប់មក​នៅក្នុង​អំឡុង​ឆ្នាំ​២០០៩ រូបគេ​បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន មុន​ផ្ទេរ​ទៅ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ឆ្នាំ​២០១១​។ នៅ​ចុងឆ្នាំ​២០១១ រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​កេ​ត​រហូតដល់​ប្រកាស​ចូលនិវត្តន៍​នាពេល​បច្ចុប្បន្ន​។ 
 
​កូន​ទី​៣​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​រូបនេះ បាន​ជាប់​ជម្រើសជាតិ​កម្រិត​យុវជន U19, U23 និង​ជម្រើសជាតិ​ឈុត​ធំ​ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០១៥​។ ចាប់ពី​ឆ្នាំ​២០១៦​មក បញ្ច​រ៉ុង ពុំ​ទទួលបាន​ឱកាស​ជាប់​ជម្រើសជាតិ​នោះឡើយ​។ 
 
​ដោយឡែក កីឡាករ ខែ​ក ខេមរិន្ទ របស់​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​បានប្រកាស​ចូលនិវត្តន៍​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​វ័យ​២៨​ឆ្នាំ​។ ខេមរិន្ទ បានរួម​រស់​ជាមួយ​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​ប្រមាណ​១៣​ឆ្នាំ និង​បាន​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ចំនួន​៣​លើក​នៅ​ឆ្នាំ​២០១០, ២០១៦ និង​ឆ្នាំ​២០១៨​។ 
 
​ដោយ​មើលឃើញ​ពី​សមត្ថភាព និង​បទពិសោធន៍​ធ្លាប់​លេង​ឲ្យ​ក្លិប​និង​ជម្រើសជាតិ អតីត​ខ្សែការពារ​រូបនេះ ត្រូវបាន​ក្លិប​តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​។ 
 
​ជាមួយគ្នានេះ​ខ្សែការពារ សុខ សុវណ្ណ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​បញ្ចប់​អាជីព​ជា​កីឡាករ​ក្នុង​វ័យ​៣០​ឆ្នាំ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ជិត​២០​ឆ្នាំ​កន្លងមកនេះ​។ សុវណ្ណ បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ពី​ឆ្នាំ​២០០៧ រហូតដល់​ឆ្នាំ​២០១២ និង​បាន​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​លី​គ​កំពូល​ចំនួន​៣​លើក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ២​លើក​។​
 
​នៅ​ឆ្នាំ​២០១៣ ខ្សែការពារ​រូបនេះ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​រហូតដល់​ឆ្នាំ​២០១៧​។ ក្រោយ​ចំណាយពេល​៥​ឆ្នាំ​រួមរស់​ជាមួយ​បឹងកេត រូបគេ បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​លី​គ​កំពូល​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៦ និង ២០១៧​។ 
 
​ក្រោយមក​នៅ​ឆ្នាំ​២០១៨ រូបគេ បាន​ផ្ទេរ​ពី​ក្លិប​បឹងកេត​ទៅ​ចូលរួម​វិសាខា ដែល​ទើប​ទទួលបាន​កៅអី​ឡើងទៅ​លេង​លី​គ​កំពូល​។ ក្រោយ​រួមរស់​បាន​១​រដូវ​កាល​នៅ​ឆ្នាំ​២១៩ កីឡាករ​រូបនេះ បាន​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​ចប់​រដូវ​កាល​ឆ្នាំ​២០២០៕ 
 
  
    
 

Tag:
 បាល់ទាត់​
  ឃួន ឡា​បូ​រ៉ាវី​
  ទូច បញ្ច​រ៉ុង​
  សុខ សុវណ្ណ​
  គឹម មករា​
  ខែ​ក ខេ​ម​រិ​ន្ទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com