ជាតិ
សង្គមជាតិ
ទូតចិន៖«២០២១ ជាឆ្នាំដែលពោរពេញដោយក្តីសង្ឃឹម សម្រាប់ទំនាក់ទំនងចិន-កម្ពុជា» ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក វ៉ាង វិនទៀន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១៨ (រូបពីក្រសួងព័ត៌មាន)
× លោក វ៉ាង វិនទៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្ញើសារអបអរសាទរ សម្រាប់ការចូលមកនៃឆ្នាំ២០២១ ជាឆ្នាំសាកលថ្មី ទៅកាន់ប្រជាជនខ្មែរទូទៅ រួមទាំងប្រជាជនខ្មែរជាប់សែស្រាយចិន ក្រុមហ៊ុនចិន អ្នកជំនាញចិន និង និស្សិតចិន ដែលកំពុងមានវត្តមាននៅកម្ពុជា។ លោក ក៏បានរំលេចពីទំនាក់ទំនងរវាងកម្ពុជានិងចិនដែរ។
តាមរយៈសារអបអរសាទរ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនទៀន បានសរសេរដូច្នេះថា៖«ឆ្នាំ២០២១ គឺជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹម សម្រាប់ទំនាក់ទំនងចិននិងកម្ពុជា។ មិនថា ស្ថានភាពអន្តរជាតិ មានការផ្លាស់ប្តូរយ៉ាងណាក្តី ចិននិងកម្ពុជា នឹងជំរុញការកសាងសហគមន៍ជោគវាសនារួមយ៉ាងម៉ឺងម៉ាត់ បន្តគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាដែលទាក់ទងនឹងអត្ថប្រយោជន៍ស្នូល [នៃ] ប្រទេសទាំង២»។
លោកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិននិងកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងនិងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានាឲ្យកាន់តែស៊ីជម្រៅ។
លោក លើកឡើងទៀតថា ចិន នឹងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ព្រមទាំងជំរុញឲ្យកាន់តែឆាប់រហ័យលើគម្រោងវិនិយោគធំៗជាច្រើន ដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប និង គម្រោងស្ថានីយអគ្គិសនី ដែលមានថាមពល 2×350MW ជាដើម។
ជាមួយគ្នានេះ លោក អះអាងថា ចិន រីករាយបន្តកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបសកម្មភាពបទល្មើសនិងឧក្រិដ្ឋកម្ម ដែលពាក់ព័ន្ធនឹងពលរដ្ឋចិន នៅកម្ពុជា ដូចជា លេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ជាដើម ដើម្បីបង្កើតប្រយោជន៍កាន់តែច្រើនដល់ប្រជាជននិងប្រទេសទាំង២៕
Tag:
ទំនាក់ទំនងកម្ពុជា-ចិន
Wang Wentian
© រក្សាសិទ្ធិដោយ thmeythmey.com