អន្តរជាតិ
ជប៉ុន​និង​កូរ៉េខាងត្បូង​នឹង​ដំណើរការ​រោងចក្រ​ធ្យូងថ្ម​ជាមួយ​វៀតណាម ទោះ​ធ្លាប់​សន្យា​ការពារ​បរិស្ថាន​ក៏ដោយ​
31, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ រោងចក្រ​ធ្យូងថ្ម Ninh Binh ផ្គត់ផ្គង់​អគ្គិសនី ក្នុង​ខេត្ត Ninh Binh ប្រទេស​វៀតណាម ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧​។​
​រូប​ឯកសារ​៖ រោងចក្រ​ធ្យូងថ្ម Ninh Binh ផ្គត់ផ្គង់​អគ្គិសនី ក្នុង​ខេត្ត Ninh Binh ប្រទេស​វៀតណាម ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧​។​
ដោយ: VOA
​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​កំពុង​ជំរុញ​ឲ្យ​មានដំណើរ​ទៅមុខ​នូវ​រោងចក្រ​ធ្យូងថ្ម​ដ៏​ចម្រូងចម្រាស​មួយ​ក្នុងប្រទេស​វៀតណាម ហើយនឹង​ផ្តល់​ថវិកា​ប្រមាណ ១ ពាន់ ៨ រយ​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​សម្រាប់​គម្រោង​មួយ​នេះ ទោះបីជា​ខ្លួន​ធ្លាប់បាន​ប្រកាស​អំពី​ការសន្យា​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការប្រើប្រាស់​សារធាតុ​កាបូន​នៅក្នុង​ប្រទេស​របស់ខ្លួន​ក៏ដោយ​។​

 
​ធនាគារ​ជប៉ុន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (JBIC) ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាលជ​ប៉ុន បាន​គូសបញ្ជាក់ថា ខ្លួន​នឹង​ផ្តល់ប្រាក់​កម្ចី​ប្រមាណ ៦៣៦ លាន​ដុល្លារ​ដល់​គម្រោង Vung Ang 2 នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​។ ការធ្វើ​ដូច្នេះ​បណ្តាល​ឲ្យ​មានការ​រិះគន់​ពី​អន្តរជាតិ ក៏ដូចជា​បណ្ដាល​ឲ្យ​មាន​ទស្សនៈ​ខ្វែងគំនិត​គ្នា​នៅក្នុង​រង្វង់​រដ្ឋាភិបាល​ជប៉ុន​ផងដែរ​។​
 
​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​នានា និង​ធនាគារ​អាហរ័ណ​នីហរ័ណ​របស់​ប្រទេស​កូរ៉េខាងត្បូង ក៏​នឹង​ផ្តល់​កម្ចី​ដល់​គម្រោង​នេះ​ផងដែរ ដោយមាន​ទឹកប្រាក់​សរុប​ប្រមាណ ១ ពាន់ ៧៧០ លាន​ដុល្លារ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ធនាគារ​ជប៉ុន JBIC កាលពី​ថ្ងៃ​អង្គារ​។​
 
​រោងចក្រ​ធ្យូងថ្ម Vung Ang 2 ដែលមាន​កម្លាំង ១.២០០ ម៉េ​ហ្កា​វ៉ា​ត់ ត្រូវបាន​ស្នើឡើង​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន ហើយ​បានទទួល​នូវ​ការបណ្តាក់ទុន​វិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ​មួយចំនួន ដូចជា​ក្រុមហ៊ុន Mitsubishi ជាដើម​។​
 
​ប្រទេស​ជប៉ុន​បានបញ្ជាក់​កាលពី​ខែកក្កដា​ថា ខ្លួន​នឹង​រឹតបន្តឹង​គោលការណ៍​សម្រាប់​ការវិនិយោគ​លើ​គម្រោង​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​នៅ​បរទេស ក្រោម​ហេតុផល​ការពារ​បរិស្ថាន ប៉ុន្តែ​មិនបាន​លើកឡើង​នូវ​ការសន្យា​ក្នុងការ​បញ្ឈប់​ការផ្តល់​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​សម្រាប់​គម្រោង​មួយចំនួន ឬក៏​លុបចោល​នូវ​គម្រោង​ដែល​កំពុងមាន​ស្រាប់​នោះទេ​។​
 
​ដោយឡែក​ប្រទេស​កូរ៉េខាងត្បូង​វិញ ក៏​ធ្លាប់​បានធ្វើ​ការសន្យា​ស្រដៀង​គ្នា​នេះ​ផងដែរ​នៅក្នុង​ឆ្នាំនេះ​។​
 
​រោងចក្រ Vung Ang 2 បាន​រង​ការរិះគន់​ខ្លាំង​កាលពី​ខែឧសភា នៅពេលដែល​អង្គការ​ការពា​រ​បរិស្ថាន​ចំនួន ១២៧ មកពី​ប្រទេស​ចំនួន​ប្រហែល ៤០ បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុងប្រទេស​ជប៉ុន ដកខ្លួន​ចេញពី​គម្រោង​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com