COVID-19
សេដ្ឋកិច្ច
NBC៖ ឆ្នាំ​២០២១ សេដ្ឋកិច្ចកម្ពុជា នឹង​ងើប​វិញ​បាន​៤​ភាគរយ បើ​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​ប្រសិទ្ធភាព​នៅ​ឆមាស​ទី​១
31, Dec 2020 , 4:45 pm        
រូបភាព
ការដ្ឋាន​សាងសង់​អាគារ​មួយកន្លែង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​, រាជធានី​ភ្នំពេញ​។
ការដ្ឋាន​សាងសង់​អាគារ​មួយកន្លែង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​, រាជធានី​ភ្នំពេញ​។
​ភ្នំពេញ​៖ ក្នុងករណី​បើ​ប្រទេស​មហាអំណាច​នានា​ក្នុង​ពិភពលោក ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​ប្រសិទ្ធភាព​នៅក្នុង ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២១ នោះ សេដ្ឋកិច្ចកម្ពុជា នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់​៤​ភាគរយ​។ នេះ​ជាការ​រំពឹង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​(NBC) ។​



​ធនាគារជាតិ បាន​បញ្ជាក់ថា  ក្រៅពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូ​វីដ​-១៩​នោះ ល្បឿន​នៃ​ការ​ងើបឡើង​នៃ​កំណើន​ក្នុងប្រទេស​ ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​ការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក គឺជា​ចលករ​យ៉ាង​ចម្បង ដែល​ជួយ​ឲ្យ​កម្ពុជា សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់​៤​ភាគរយ នៅក្នុង​ឆ្នាំ​២០២១​ដែរ​។​
 
«​ក្នុង​បរិការណ៍ ដែល​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព ​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ នោះ​សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់​៤​ភាគរយ ហើយ​អត្រា​អតិផរណា រំពឹង​មាន​កម្រិត​ក្រោម​៣​ភាគរយ​។ អតិផរណា​ក្នុង​កម្រិត​៣​ភាគរយ ជា​កម្រិត​ទាប​ដែល​អាច​គ្រប់គ្រង​បាន ជាមួយនឹង​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​ការរក្សាបាន​នូវ​កម្រិត​ខ្ពស់ ​នៃ​ទុនបម្រុង​អន្តរជាតិ​»​។ នេះ​បើតាម​ការ​ព្យាករ​របស់​ធនាគារជាតិ នៅក្នុង​របាយការណ៍ នា​ថ្ងៃទី​៣១ ធ្នូ​នេះ ។​
 
​ស្ថិតក្នុង​កាលៈទេសៈ​ទប់​ស្កាត់​កូ​វីដ​-១៩​នេះ ការបន្ត​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​ថែមទៀត អាចជួយ​ទ្រទ្រង់​ និង​កាត់បន្ថយ​ការប៉ះពាល់​លើ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដោយសារ​ការធ្លាក់ចុះ​នៃ​វិស័យ​ខាងក្រៅ​។ ធនាគារជាតិ បាន​បញ្ជាក់ថា ការបន្ត​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​លើកស្ទួយ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​,  ការជំរុញ​នវានុវត្តន៍ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​លើ​គ្រប់​វិស័យ គឺមាន​សារៈសំខាន់​ណាស់​ ក្នុង​ការពង្រឹង​មូលដ្ឋាននៃ​កំណើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ស្រប​ពេលដែល​វិស័យ​កសិកម្ម​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ និង​មាន​សក្តានុព​ល​ក្នុង​ស្រូប​ឥទ្ធិពល​បាន​មួយផ្នែ ក​នៃ​វិបត្តិ​កូ​វីដ​-១៩ នៃ​ភាព​អត់​ការងារ​ធ្វើ និង​គាំទ្រ​ជីវភាព​ប្រជាជន​ក្រីក្រ​។​
 
​មិនមែន​តែ​កម្ពុជា​ទេ ដែល​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​ខ្លួន អាច​ងើប​ឡើងវិញ​។ ធនាគារពិភពលោក ក៏បាន​ព្យាករ​ថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ ត្រឹម​ជិត​៤​ភាគរយ​ប៉ុណ្ណោះ ស្រប​ពេលដែល​ធនាគារ​អភិវឌ្ឍន៍អាស៊ី ថា សេដ្ឋកិច្ចកម្ពុជា នឹង​ហក់​ឡើងដល់​៦,១​ភាគរយ​វិញ នៅក្នុង​ឆ្នាំ​២០២១​។​
 
​សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) បាន​ព្យាករ​ថា សេដ្ឋកិច្ចពិភពលោក អាច​នឹង​ងើប​ឡើងវិញ ប៉ុន្តែ​មិនមាន​ភាពស្មើសាច់​ឡើយ និង​អាច​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់ នា​ឆ្នាំ​២០២១ ។ IMF បញ្ជាក់ថា បញ្ហា​ទាំងនេះ អាច​បន្ត​ដាក់​សម្ពាធ​លើ​វិស័យ​ខាងក្រៅ​របស់​កម្ពុជា ដោយ​ក្នុងនោះ​វិស័យ​ទេសចរណ៍ អាច​បន្ត​ធ្លាក់ចុះ​ទៀត ព្រោះ​ការទទួលបាន​ថ្នាំ​បង្ការ​ទាមទារ​នូវ​ពេលវេលា​, ការលេចចេញ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ថ្មី​, ការស្ទាក់ស្ទើរ​ក្នុងការ​ធ្វើដំណើរ​របស់​ទេសចរ​អន្តរជាតិ ដោយសារ​ការភ័យខ្លាច​ឆ្លង និង​ការថយចុះ​ចំណូល និង​សន្សំ​។ 
 
​បើតាម IMF វិស័យ​កម្មន្តសាល​កម្ពុ​ជា រំពឹង​នឹង​ងើប​ឡើងជា​លំដាប់​ផងដែរ​។ ជាពិសេស វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ខណៈ​វិស័យ​កសិកម្ម នឹង​បន្ត​មាន​កំណើន​ល្អ ដូច​ឆ្នាំ​២០២០​។ IMF បាន​បន្ត​ព្យាករ​ថា កា​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ពិសេស​អង្ករ និង​កៅស៊ូ នឹងមាន​កំណើន​ខ្ពស់ ដែល​គាំទ្រ​ដោយ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​កសិផល​កម្ពុជា និង​កំណើន​តម្រូវការ​កៅស៊ូ ក្នុងស្ថានភាព​នៃ​ការ​ប្រសើរឡើង​នៃ​សេដ្ឋកិច្ចពិភពលោក​។ 
 
​ដោយឡែក​វិស័យ​សំណង់ និង​អចលនទ្រព្យ​វិញ នឹង​ងើបឡើង​សន្សឹមៗ ស្របពេល​ជាមួយគ្នា​នឹង​កំណើន​វិយោគ​ផ្ទាល់​បរទេស ​(FDI), ការ​ងើប​ឡើងវិញនៃ​ចំណូល នឹង​ការរំពឹងទុក​ពី​ការរីកចម្រើន​សេដ្ឋកិច្ច​ជារួម នាពេល​អនាគត​។ នេះ​ជាការ​រំពឹងទុក​របស់ IMF បន្ត​វាយតម្លៃថា វិស័យ​សណ្ឋាគារ និង​ភោ​ជនីយ​ដ្ឋា​ន ក៏​ដូច​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា អាច​បន្ត​កើន​ឡើងវិញ ប៉ុន្តែគឺ​ស្ថិតនៅក្នុង​ល្បឿន​យឺត ព្រោះតែ​ការធ្លាក់ចុះ​នៃ​ទេសចរ​អន្តរជាតិ​។ 
 
​គួរ​បញ្ជាក់ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២០ ត្រូវបាន​ប៉ាន់​ស្មានថា អាច​ធ្លាក់ចុះ​ជាង​កា​រំពឹងទុក​កាលពីដើមឆ្នាំ ដែលថា​អត្រាកំណើន​អាចមាន​កម្រិត ដក​១,៩​ភាគរយ ស្រប​ពេលដែល​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា បាន​ព្យាករ​ចន្លោះ​ពី​ដក​២​ភាគរយ ទៅ​ដក​៤​ភាគរយ ។ ការធ្លាក់ចុះ​ជាង​ការរំពឹងទុក​នេះ ជា​ចម្បង​ដោយសារ​វិស័យ​ទេសចរណ៍ មិនមាន​ភាពប្រសើរឡើង ដោយ​បន្ត​ធ្លាក់ចុះ​ខ្លាំង នៅក្នុង​ឆមាស​ទី​២ ស្រប​ពេលដែល​ការនាំចេញ​ក្នុង​វិស័យ​កាត់ដេរ ដែល​រួមចំណែក​រហូតដល់​៧០​ភាគរយ នៃ​ការនាំចេញ​សរុប បន្ត​មាន​និន្នាការ​ធ្លាក់ចុះ​៕
 
 
 

Tag:
 វ៉ាក់សាំង​
  NBC
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com