ជាតិ
សេដ្ឋកិច្ច
សហគ្រិន​ខ្មែរ​ឆ្នើម​ថ្នាក់ជាតិ​-​អន្តរជាតិ ចំនួន​៤​រូប ប្រចាំឆ្នាំ​២០២០
31, Dec 2020 , 6:39 pm        
រូបភាព
(ឆ្វេង) អ្នកស្រី ប្រាក់ ម៉ានីឡា, អ្នកស្រី ចេន សុភាព, កញ្ញា ថូង ធីតា, លោក ឈឹម ចាន់ឆាយា
(ឆ្វេង) អ្នកស្រី ប្រាក់ ម៉ានីឡា, អ្នកស្រី ចេន សុភាព, កញ្ញា ថូង ធីតា, លោក ឈឹម ចាន់ឆាយា
​ភ្នំពេញ​៖ សហគ្រិន​ខ្មែរ​ចំនួន​៣​រូប បាន​ជាប់​ឈ្មោះ​ជា​សហគ្រិន​ឆ្នើម​ពី​ពានរង្វាន់​សហគ្រិន​ថា្នក់​ជាតិ​ប្រចាំឆ្នាំ​២០២០​។ ចំណែក​អ្នកស្រី ប្រាក់ ម៉ា​នី​ឡា ប្រធាន​សមាគម​គិលានុបដ្ឋាក​កម្ពុជា  ក៏ត្រូវ​បាន WOMEN IN GLOBAL HEALTH ជ្រើសរើស​ជា​ស្ត្រី​ឆ្នើម ក្នុងចំណោម​អ្នកដឹកនាំ​គិលានុបដ្ឋាក​និង​ឆ្មប នៅលើ​ពិភពលោក​។



 
​សម្រាប់​សហគ្រិន​ខ្មែរ​ឆើ្ន​ម​ប្រចាំឆ្នាំ​២០២០ ជាប់​ពានរង្វាន់​ថ្នាក់ជាតិ​ទាំង​៣​រូបនោះ​មាន​៖ 

​អ្នកស្រី ចេ​ន សុភាព ជា​ស្ថាបនិក​សហគ្រាស​កី​តម្បាញ​ខ្មែរ  ទទួល​ជ័យលាភី​លេខ​១​ពី​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ ឆ្នាំ​២០២០​។ ការទទួលបាន​ជ័យលាភី​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២០​នេះ អ្នកស្រី ចេ​ន សុភាព មានការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​សហគ្រិន​នៅក្នុង​វិស័យ​នានា​ចំនួន​៣០០​នាក់ ក្នុង​រយៈពេល​៣​ខែ​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០១៥​នៃ​ការបង្កើត​សហគ្រាស​កី​តម្បាញ​ខ្មែរ​មក អ្នកស្រី ចេ​ន សុភាព បាន​ក្លាយជា​ស្ត្រី​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​មួយរូប​។ ពានរង្វាន់​ថ្នាក់ជាតិ​តំណាងឱ្យ​សហគ្រិន​ឆ្នើម​ដែល​ស្ថាបនិក​សហគ្រាស​កី​តម្បាញ​ខ្មែរ​រូបនេះ ទទួលបាន​ដំបូង​គេ គឺ​ពានរង្វាន់​«​ការបង្កើត​បរិយាកាស​ដើម្បីឱ្យ​មនុស្ស​ម្នាក់ៗ​អាច​ក្លាយជា​អ្នកដឹកនាំ​» នៅក្នុង​ឆ្នាំ​២០១៧​។​
 
​ឆ្នាំ​២០១៩ អ្នកស្រី ចេ​ន សុភាព  ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ឱ្យចូល​រួម​ក្នុង​គម្រោង​ស្តីពី​ការពង្រឹង​អំណាច​របស់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ក្រោម​កម្មវិធី​របស់​ក្រសួងការបរទេស​អាមេរិក ដែលមាន​ឈ្មោះថា កម្មវិធី​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​ស្តីពី​ភាពជា​អ្នកដឹកនាំ (International Visitor Leadership Program) ឬ​ហៅ​កាត់​ថា (IVLP)​។​
 
​កញ្ញា ថូ​ង ធីតា ស្ថាបនិក​សហគ្រាស​ផលិត​អំបិល ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ នៅ​ខេត្តកំពត ទទួល​ជ័យលាភី​លេខ​២ ពី​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២០​។ ក្រោយ​ញ្ច​ប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​នៅ​ភ្នំពេញ កញ្ញា​ថូ​ង ធីតា ដែល​បច្ចុប្បន្ន​មាន​វ័យ​៣០​ឆ្នាំ បាន​ត្រឡប់មក​ស្រុកកំណើត​នាង​វិញ ដើម្បី​បន្ត​របរ​ផលិត​អំបិល​របស់​គ្រួសារ និង​ជួយ​ជ្រោមជ្រែង​អំបិល​កំពត​ដែលជា​កេរ​ដូនតា​មួយ​នេះ ឱ្យមាន​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។ ថូ​ង ធីតា មាន​មហិច្ឆតា​កសាង​យីហោ​អំបិល​កំពត ឱ្យបាន​ចុះ​ក្នុង​បញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI)​។ 
 
​បច្ចុប្បន្ន​សហគ្រាស ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ មាន​សមត្ថភាព​ផលិត​អំបិល​បាន​១​ម៉ឺន​តោន នៅក្នុង​មួយឆ្នាំ និង​បាន​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ជប៉ុន ព្រមទាំង​កំពុង​ផ្សព្វផ្សាយ ទៅកាន់​ប្រទេស​ស្វី​ស និង​កាណាដា​ថែមទៀត​។​
 
​លោក ឈឹម ចាន់​ឆាយា ម្ចាស់​កសិដ្ឋាន ហង្ស ម៉ាច ខេត្តតាកែវ ទទួល​ជ័យលាភី​លេខ​៣ ពី​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២០​។ លោក​ឈឹម ចាន់​ឆាយា ជា​កសិករ​ម្នាក់​ដែល​បាន​ប្តូរ​ពី​ការដាំដុះ​ស្រូវ ទៅជា​វារីវប្បកម្ម នៅក្នុង​ឆ្នាំ​២០១៨​។  
 
​ដោយឡែក អ្នកស្រី ប្រាក់ ម៉ា​នី​ឡា ប្រធាន​សមាគម​គិលានុបដ្ឋាក​កម្ពុជា ដែល​ត្រូវបាន WOMEN IN GLOBAL HEALTH ជ្រើសរើស​ជា​ស្ត្រី​ឆ្នើម​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២០​វិញ​។ ក្រៅពី​ការងារ​ជា​ប្រធាន​សមាគម និង​បាន​ចូលរួម​ការបណ្ដុះបណ្ដាល​លំដាប់ថ្នាក់​អន្តរជាតិ អ្នកស្រី ម៉ា​នី​ឡា ក៏​ជាទី​ប្រឹក្សា​ជំនាញ​នៃ​ការទទួលស្គាល់​គុណភាព​សេវា​សុខាភិបាល នៃ​ទីភ្នាក់ងារ​គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព (EQHA) របស់​សហរដ្ឋអាមេរិក ដោយ​អង្គការ FHI360​។​
 
​អ្នកស្រី ម៉ា​នី​ឡា បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​សម្រាប់​គម្រោង​សំខាន់ៗ​ជាច្រើន ចាប់ពី​ឆ្នាំ​១៩៩៩ រហូតមកដល់​ពេលបច្ចុប្បន្ន​។ លើសពីនេះ អ្នកស្រី ក៏​ទទួលខុសត្រូវ​ក្នុង​កម្មវិធី​សង្គ្រោះ​ទារក ដែលជា​គម្រោង​សុខភាព​សហគមន៍ នៅ​ខេត្តព្រះវិហារ​។​
 
​អ្នកស្រី ប្រាក់ ម៉ា​នី​ឡា ធ្លាប់បាន​បម្រើ​ការងារ​ជា​ក្រសួងសុខាភិបាល​លើ​ការអភិវឌ្ឍ​ស្តង់ដារ​អនុវត្ត​សម្រាប់​គិលានុបដ្ឋាក​ឆ្នាំ​២០១៥, ក្រមសីលធម៌​សម្រាប់​គិលានុបដ្ឋាក ឆ្នាំ​២០១៣, គោល​ការណែនាំ​ស្ដីពី​របៀប​ថែទាំ ឆ្នាំ​២០១២ និង​ពិធីសារ​ថែទាំ​របស់​គិលានុបដ្ឋាក និង​ឆ្មប ឆ្នាំ​២០១២៕ 
 

Tag:
 សេដ្ឋកិច្ច​
  សហគ្រិន​
© រក្សាសិទ្ធិដោយ thmeythmey.com