អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ចំណងការទូត៧០ឆ្នាំ! ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាក្រោមប្រធានាធិបតីអាមេរិក១០រូប
31, Dec 2020 , 5:21 pm        
រូបភាព
ដោយ: រួបរួម
ឆ្នាំ២០២០ ជាឆ្នាំដែលកម្ពុជា និងសហរដ្ឋអាមេរិក ប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ នៅកម្ពុជា រដ្ឋាភិបាលកម្ពុជា និងស្ថានទូតអាមេរិក បានរៀបចំព្រឹត្តិការណ៍សេដ្ឋកិច្ច សុខាភិបាល សិល្បៈ វប្បធម៌ អប់រំ កីឡា បរិស្ថាន សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាបន្តបន្ទាប់ពេញមួយឆ្នាំ ដើម្បីអបអរចំណងការទូតនេះ។ 



សម្រាប់ចំណងការទូតតាំងពីឆ្នាំ១៩៥០ មក សហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព១៦នាក់ ក្រោមអណត្តិប្រធានាធិបតី១០រូប។ លោក Randolph A.Kidder ត្រូវបានតែងតាំង តែមិនបានថ្វាយសារតាំងនោះឡើយ ហើយខណៈដែលទំនាក់ទំនងត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៦៥ និងផ្សារភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក មានភារធារី ដែលបំពេញការងារការទូតជាមួយកម្ពុជា។



សារព័ត៌មានថ្មីៗ សូមលើកយកឈ្មោះឯកអគ្គរដ្ឋទូតអាមេរិក និងប្រវត្តិនៃទំនាក់ទំនងការទូតរវាងកម្ពុជា នារយៈពេល៧០ឆ្នាំកន្លងមកនេះ ដោយផ្អែកតាមឯកសារដែលផ្សាយនៅលើគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជា។

នៅឆ្នាំ១៩៥០ ក្រោមរដ្ឋការលោក Harry S.Truman សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចការបរទេសជាមួយកម្ពុជា ហើយនៅថ្ងៃទី១១ ខែកក្កដា លោក Donald R.Heath ក្លាយជាអ្នកការទូតអាមេរិកដំបូងគេ ដែលបានថ្វាយសារតាំង ដល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ។ លោកក៏ជាតំណាងសហរដ្ឋអាមេរិក ប្រចាំឡាវ និងវៀតណាមផងដែរ ដោយមានការិយាល័យនៅទីក្រុងសៃហ្គន ។



សណ្ឋាគារឡឺរ៉ូយ៉ាល់ បានក្លាយជាទីស្នាក់ការដំបូងនៃការិយាល័យតំណាងសហរដ្ឋអាមេរិកនៅភ្នំពេញ។ ក្រោយមកការិយាល័យតំណាងទូត ត្រូវបានតម្លើងជាស្ថានឯកអគ្គរដ្ឋទូត ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ហើយលោក Heath បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកផ្លូវការលើកដំបូង។

ក្រោយកិច្ចព្រមព្រៀងក្រុងហ្សឺណែវ លោក Robert McClintock បានថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៤ ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកទី២ប្រចាំកម្ពុជា។  លោក McClinktock បានបញ្ចប់បេសកកម្មនៅខែតុលា ឆ្នាំ១៩៥៦ ហើយត្រូវបានជំនួសដោយលោក Carl W.Strom។ លោក Strom ថ្វាយសារតាំងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៥៦ និងកាន់តំណែងរហូតដល់ខែមិនា ឆ្នាំ១៩៥៩។

លោក William C.Trimble ជាឯកអគ្គរដ្ឋទូតទីបីរបស់អាមេរិក ប្រចាំកម្ពុជា ក្រោមរដ្ឋការលោក Dwight D. Eisenhower។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៩ លោកបានថ្វាយសារតាំងដល់សម្តេចព្រះនរោត្តម សីហនុ។ បើតាមឯកសាររបស់ស្ថានទូតអាមេរិក លោក Trimble ស្ថិតក្នុងចំណោមឯកអគ្គរដ្ឋទូតម្នាក់ដ៏មានជោគជ័យនៅកម្ពុជា ជាពិសេសចំណងដៃផ្លូវជាតិលេខ៤ ដែលត្រូវបានសម្តេច នរោត្តម សីហនុ និងលោក Eisenhower ចាត់ទុកថា ជាផ្លូវមិត្តភាពនៃការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។



នារយៈពេល២ខែបន្ទាប់ពីលោក Trimble បញ្ចប់បេសកកម្មនៅថ្ងៃទី៨ មិថុនា ឆ្នាំ១៩៦២ លោក Philip D. Sprouse បានចូលកាន់តំណែងបន្ត ខណៈសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John F.Kennedy។ លោក Sprouse ស្ថិតក្នុងសម័យកាលដ៏អស្ចារ្យរបស់កម្ពុជា ដូចជាករណីឈ្នះក្តីក្នុងរឿងប្រាសាទព្រះវិហារ សម័យរីកចម្រើនផ្នែកសិល្បៈភាពយន្ត តន្ត្រី និងស្ថាបត្យកម្ម។



លោក Sprouse បានថ្វាយសារតាំងនាថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៦២ ហើយបញ្ចប់បេសកកម្មនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៦៤។ បន្ទាប់មកទៀត លោក Randolph A.Kidder ក្លាយជាអ្នកបន្តវេន ដោយលោកត្រូវបានតែងតាំងនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៦៤ ប៉ុន្តែលោកបានត្រឹមធ្វើសច្ចារប្រណិធានប៉ុណ្ណោះ មិនបានថ្វាយសារតាំងនោះឡើយ។

លោក Kidder បានចាកចេញពីកម្ពុជានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៦៤ ហើយទំនាក់ទំនងរវាងកម្ពុជា និងរដ្ឋបាលលោក Lyndon B.Johnson ត្រូវបានកាត់ផ្តាច់នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ ខណៈអាមេរិក មានលោក Alf E.Bergensen ជាភារីធារី។ ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានបើកឡើងវិញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦៩ ដោយមានលោក Lloyd M.Rives ជាភារធារី។

ឈានដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៧០ លោក Emory C.Swank ត្រូវបានតែងតាំងអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ដោយលោកបានថ្វាយសារតាំងនារយៈពេល១២ថ្ងៃបន្ទាប់។ បេសកកម្មរបស់លោកត្រូវបានបញ្ចប់កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧៣ ដោយពីអណត្តិលោក Richard Nixon ដល់លោក Gerald Ford។



លោក John Gunther Dean ទទួលបានការតែងតាំងនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ១៩៧៤ និងថ្វាយសារតាំងនៅថ្ងៃទី៣ ខែមេសា ឆ្នាំដដែល។ ៥ថ្ងៃមុនការកាប់កាន់អំណាចរបស់ខ្មែរក្រហម លោកបានចាកចេញពីកម្ពុជា ពោលគឺនៅថ្ងៃទី១២ ខែមសា ឆ្នាំ១៩៧៥  ដោយស្ថានទូតបានបិទ ព្រមទាំងមានការជម្លៀសបុគ្គលិករបស់ស្ថានទូត។

ពេញមួយរបប៣ឆ្នាំ៣ខែ និង២០ថ្ងៃ កម្ពុជាគ្មានចំណងការទូតជាមួយបរទេសនោះឡើយ។ ឈានដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ទើបសហរដ្ឋអាមេរិk បានបើកការិយាល័យតំណាងរបស់ខ្លួនឡើងវិញនៅកម្ពុជា ដោយមានលោក Charles H. Twining ជាតំណាងសហរដ្ឋអាមេរិក។ ក្រោយមក លោកត្រូវបានតែងតាំង និងថ្វាយសារតាំងជាឯកអគ្គរដ្ឋទូតផ្លូវការនៅឆ្នាំ១៩៩៤។ លោកបានបញ្ចប់អណ្តត្តិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៥។

លោក Kenneth M.Quinn បានក្លាយជាទូតអាមេរិកទីពីរ ក្រោយរបបខ្មែរក្រហម ដោយលោកទទួលបានការតែងតាំងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥ ហើយថ្វាយសារតាំងនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៩៦ ខណៈបេសកកម្មរបស់លោកបានបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៩។



បន្ទាប់មក លោក Kent M. Wiedemann ក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកទីបីប្រចាំកម្ពុជា នាអំឡុងនៃការគ្រប់គ្រងសេតវិមានរបស់លោក Bill Cliton។ លោកត្រូវបានតែងតាំងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៩៩ និងថ្វាយសារតាំងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំដដែល។ លោកបានចាកចេញពីកម្ពុជានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០២។

លោក Charles A.Ray បានកាន់តំណែងបន្ត ដោយត្រូវបានតែងតាំងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០២ ហើយថ្វាយសារតាំងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០០៣។ ក្រោយការចាកចេញរបស់លោក Ray នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ លោក Joseph A.Mussomeli បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកដំបូងដែលបានថ្វាយសារតាំងដល់ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

លោក Mussomeli ត្រូវបានតែងតាំងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៥ និងថ្វាយសារតាំងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំដដែល។ លោកបានចាកចេញពីកម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៨។ ខណៈទំនាក់ទំនងការទូតឈានដល់អាយុកាល៦០ឆ្នាំ លោកស្រី Carol A.Rodley បានក្លាយជាស្ត្រីឯកអគ្គទូតអាមេរិកដំបូងប្រចាំកម្ពុជា ដោយទទួលបានការតែងតាំងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ ហើយថ្វាយសារតាំងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៨។



ឆ្លងពីរដ្ឋបាលលោក George W.Bush ចូលដល់លោក Barack Obama លោកស្រី Rodley បញ្ចប់បេសកកម្មនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១១ ហើយលោក William E.Todd បានចូលកាន់តំណែងបន្ត ហើយលោកបានថ្វាយសារតាំងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ និងបញ្ចប់បេសកកម្មនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។

លោក William A.Heidt ដែលមានភរិយាដើមកំណើតខ្មែរនៅខេត្តពោធិ៍សាត់ បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិក បន្តពីលោក E.Todd ដោយបានទទួលការតែងតាំងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ និងថ្វាយសារតាំងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំដដែល។

ក្រោយលោក A.Heidt បញ្ចប់បេសកកម្ម លោក W. Patrick Murphy គឺជាឯកអគ្គរដ្ឋទូតអាមេរិក នាពេលបច្ចុប្បន្ន ក្រោមរដ្ឋបាលលោក Donald Trump ដោយទទួលបានការតែងតាំងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ហើយថ្វាយសារតាំងជូនព្រះករុណាព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំដដែល។



លោក Murphy ជាមន្រ្តីអាជីពជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងការបរទេសអាមេរិក ដោយ បានដឹកនាំការិយាល័យទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។ លោកបានធ្វើជាឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ ហើយធ្លាប់ធ្វើជាអនុប្រធានបេសកកម្មទូត និងជាភារធារីប្រចាំនៅប្រទេសថៃ និងឡេសូតូ រួមទាំងបេសកកម្មការងារនៅបណ្តាប្រទេសជាច្រើនទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com