COVID-19
ជាតិ
ពលករ​ខ្មែរ​ម្នាក់ទៀត ទើប​មកពី​ថៃ បាន​ឆ្លង COVID-19 ​
31, Dec 2020 , 8:18 pm        
រូបភាព
ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​ម្នាក់ទៀត ដែល​ទើប​មកពី​ប្រទេស​ថៃ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ដោយ​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ស្រី្ត​ដែល​ឆ្លង​ជំងឺ​នេះ មាន​វ័យ​២៦​ឆ្នាំ  ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

 
​លោក កែវ ប៊ុន​រ៉េត បន្ត​រៀបរាប់ថា ស្ត្រី​ខ្មែរ​ដែល​បាន​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ មាន​អាសយដ្ឋាន​រស់នៅក្នុង​ខេត្ត​បាត់ដំបង ដោយបាន​មកដល់​កម្ពុ​ជា កាលពី​ថ្ងៃទី​៣០​ធ្នូ ឆ្នាំ​២០២០​។ បច្ចុប្បន្ន ស្ត្រី​រូបនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​
 
​បើតាម​លោក កែវ ប៊ុន​រ៉េត មាន​ពលករ​ជាង​១,០០០​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា ក្នុង​ខេត្តបាត់ដំបង​។ 

 
​បច្ចុប្បន្ន​អ្នក​កើត​កូ​វីដ​-១៩​នៅ​កម្ពុជា ឡើងដល់​៣៦៧​នាក់ ក្នុងនោះ​៣៦១​នាក់ បាន​ព្យាបាល​សះស្បើយ​។ អ្នកជំងឺ​២​នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ១​ដែលជា​ករណី​នាំចូល សម្រាក​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺ​ហង់​សិន និង​របេង​។  រីឯ​៣ ករណី​ចុងក្រោយ​ដែលជា​ពលករ​មកពី​ថៃ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com