COVID-19
ជាតិ
ពលករមកពីថៃ១២នាក់ទៀតមានវិជ្ជមានកូវីដ-១៩ ដោយ១០នាក់នៅប៉ៃលិន និង​២នាក់នៅបាត់ដំបង
01, Jan 2021 , 7:32 am        
រូបភាព
ដោយ:
ពលករចំនួន១២នាក់ទៀត បានឆ្លងកូវីដ-១៩។ ក្នុងនោះជាពលករនៅខេត្តបាត់ដំបង២នាក់ និងនៅខេត្តប៉ៃលិនចំនួន១០ ដែលធ្វើដំណើរមមកពីប្រទេសថៃចន្លោះថ្ងៃទី២៨-៣០ ខែធ្នូ។ នេះបើតាមក្រសួងសុខាភិបាលនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពលករដែលមានទីលំនៅនៅខេត្តបាត់ដំបងចំនួន២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណេក១០នាក់ទៀតដែលមានទីលំនៅនៅខេត្តប៉ៃលិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ក្នុងចំណោមអ្នកជំងឺទាំង១២នាក់នោះ មានអ្នកខ្លះបានវិលត្រឡប់ពីប្រទេសថៃនៅចន្លោះថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

ករណីនៅបាត់ដំបង គឺជាករណីស្ត្រីពីររូប ដែលមានអាយុ​២៦​ឆ្នាំ ដូចគ្នា ដោយម្នាក់មានអាសយដ្ឋាននៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង និងម្នាក់ទៀត​នៅឃុំអូរដំបង២ ស្រុកសង្កែ។ រី១០ករណីនៅប៉ៃលិន ក៏សុទ្ធតែជាស្ត្រីទាំងអស់ ដែលមានអាយុពី២៤ ទៅ៣៦​ឆ្នាំ។ ៩នាក់មានអាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និង១នាក់មានអាសយដ្ឋាននៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ក្រសួងសុខាភិបាលនាថ្ងៃនេះក៏បានប្រកាសករណីជាសះស្បើយចំនួន១នាក់ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា ដោយម្នាក់នោះជាបុរសជនជាតិខ្មែរ ដែលជាបុគ្គលិកហាងpetro នៅផ្លូវព្រះសីហនុ។

បច្ចុប្បន្នកម្ពុជាអ្នកជំងឺពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកាជាសះស្បើយចំនួន៤០នាក់ ក្នុងចំណោម៤១នាក់។

នៅកម្ពុជាទាំងមូលមានអ្នកឆ្លងសរុបកើនដល់៣៧៨នាក់ ជាសះស្បើយចំនួន៣៦២ នៅសល់ចំនួន១៦នាក់ទៀតកំពុងព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com