អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រី UN៖ ការលើកលែងទោសទាហានស៊ីឈ្នួលពីសំណាក់លោក ត្រាំ ជាការបំពានច្បាប់អន្តរជាតិ
01, Jan 2021 , 9:40 am        
រូបភាព
បុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជននៅអ៊ីរ៉ាក់។ រូបភាព៖AFP
បុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជននៅអ៊ីរ៉ាក់។ រូបភាព៖AFP
ដោយ:
នៅថ្ងៃទី៣០ ខែធ្នូ មន្ត្រីអង្គការសហប្រជាជាតិផ្នែកទាហានស៊ីឈ្នួលនិយាយថា ការលើកលែងទោសទាហានស៊ីឈ្នួល៤រូប ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាការបំពានកាតព្វកិច្ចក្នុងការបំបាត់វប្បធម៌និទណ្ឌភាព ដែលកំណត់ដោយច្បាប់អន្តរជាតិ។ ទាហានស៊ីឈ្នួលទាំង៤នាក់ ត្រូវជាប់ចោទពីការសម្លាប់រង្គាលជនស៊ីវិល១៤រូប នៅទីក្រុងបាក់ដាដ ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៧។



លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែធ្នូ បានលើកលែងទោសទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុនសន្តិសុខឯកជន Blackwater។ ក្រុមហ៊ុនសន្តិសុខ Blackwater នេះគ្រប់គ្រងដោយបងប្រុសរបស់លោកស្រី Betsy Devos រដ្ឋមន្ត្រីក្រសួងអប់រំក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ទាហានស៊ីឈ្នួលទាំង៤ រូបនេះជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារជនស៊ីវិលដែលកំពុងធ្វើចរាចរណ៍ នៅជិតទីលាន Nisour ដ៏មមាញឹក កណ្តាលរដ្ឋធានីបាក់ដាដក្នុងឆ្នាំ២០០៧។ ការបាញ់ប្រហារនេះ បណ្តាលឲ្យជនស៊ីវិល១៤នាក់ស្លាប់ និង២០នាក់ទៀតរងរបួស។ ការស៊ើបអង្កេតដោយរដ្ឋាភិបាលអ៊ីរ៉ាក់ បង្ហាញថា ជនស៊ីវិលពុំបានបង្កររឿងអ្វីឡើយ ហើយក្នុងឆ្នាំ២០១៤ តុលាការសហព័ន្ធអាមេរិក បានកាត់ទោសបុគ្គលមួយរូបពីបទឃាតកម្ម និង៣រូបពីបទមនុស្សឃាត។

«ការលើកលែងទោស អតីតបុគ្គលិករបស់ក្រុមសន្តិសុខឯកជន Blackwater ជាការប្រមាថយុត្តិធម៌ និងជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារនៃការសម្លាប់រង្គាលនៅទីលាន Nisour»។ នេះជាការលើកឡើងរបស់លោកស្រី Jelena Aparac ប្រធានក្រុមការងារអង្គការសហប្រជាជាតិ (UN) ស្តីពីទាហានស៊ីឈ្នួល។

លោកស្រី Aparac អះអាងថា អាមេរិកដែលជារដ្ឋសមាជិកនៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ មានកាតព្វកិច្ចក្នុងការកាត់ទោសឧក្រិដ្ឋជនសង្គ្រាម បើទោះបីជាអ្នកប្រព្រឹត្តនោះជាបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជនក៏ដោយ។ អនុសញ្ញទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ជាផ្នែកមួយនៃច្បាប់មនុស្សធម៌អន្តរជាតិ (ច្បាប់សង្គ្រាម) ដែលចែងពីកាតព្វកិច្ចរបស់រដ្ឋក្នុងការបង្ការ និងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែល។ អនុសញ្ញានេះ ក៏បែងចែកពីសិទ្ធិ ការការពារ និងកាតព្វកិច្ចបញ្ចៀសផលប៉ះពាល់លើជនស៊ីវិលពេលមានជម្លោះប្រដាប់អាវុធ។

លោកស្រីសង្កត់ធ្ងន់ថា ការលើកលែងទោសដោយលោកប្រធានាធិបតី ត្រាំ បានបំពានកាតព្វកិច្ចអាមេរិកដែលចែងដោយច្បាប់អន្តរជាតិ និងបំពានដោយចំទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។ លោកស្រីបន្តថា ការអនុញ្ញាតរបស់អាមេរិកឲ្យក្រុមហ៊ុនឯកជន បំពេញការងារដោយគ្មានការទទួលខុសត្រូវ ក្នុងជម្លោះប្រដាប់អាវុធ នឹងនាំឲ្យរដ្ឋផ្សេងៗទៀតយកលេសរួចខ្លួនក្នុងករណីបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រៅតែពីUN មន្ត្រីនៅអាមេរិកក៏រិះគន់ការលើកលែងទោសរបស់លោក ត្រាំ ផងដែរ។ លោកឧត្តមសេនីយ៍ David Petraeus អតីតមេបញ្ជាការកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងលោក Ryan Crocker អតីតឯកអគ្គរដ្ឋទូតអាមេរិកនៅអ៊ីរ៉ាក់អំឡុងពេលហេតុការណ៍នេះកើតឡើងនិយាយថា ការលើកលែងទោស ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិយសអាមេរិក និងជាសារបញ្ជាក់ថា ជនជាតិអាមេរិកអាចប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរនៅបរទេស ដោយសារតែវប្បធម៌និទណ្ឌភាពនេះ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីការលើកលែងទោសកាលពីថ្ងៃទី២០ ធ្នូ សេតវិមានអះអាងថា ការលើកលែងទោសនេះទទួលបានគាំទ្រដោយសាធារណៈជនជាទូទៅ ក៏ដូចជាតំណាងរាស្ត្របក្សសាធារណៈរដ្ឋផងដែរ៕

អត្ថបទទាក់ទង







© រក្សាសិទ្ធិដោយ thmeythmey.com