លោក សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ៤ឆ្នាំទៀត ដោយបណ្តឹង១ជារបស់សម្តេច ស ខេង
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ៤ឆ្នាំទៀត ដោយបណ្តឹង១ជារបស់សម្តេច ស ខេង
01, Jan 2021 , 12:00 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើសំណុំរឿង២របស់លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមជំទាស់។ សំណុំរឿងទាំង២នេះ ធ្វើឲ្យលោក ត្រូវជាប់ពន្ធនាគារ៤ឆ្នាំបន្ថែមទៀត។

 
សំណុំរឿងទី១ លោក សម រង្ស៊ី ត្រូវបានចោទពីញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលប្តឹងដោយសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោកមេធាវី សំ សុគង់ ដែលតែងការពារក្តីឲ្យលោក សម រង្ស៊ី និងអ្នកប្រឆាំង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ថា ក្នុងសំណុំរឿងទី១នេះ តុលាការ បានឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារ២ឆ្នាំ និងត្រូវបង់ថវិកាសងជំងឺចិត្ត២ពាន់លានរៀល (៥សែនដុល្លារ) ជូនទៅសម្តេច ស ខេង ជាដើមបណ្តឹង។  
 
លោក សម រង្ស៊ី រងបទចោទនេះពីសម្តេច ស ខេង គឺដោយសារតែលោក សរសេរសារលើទំព័រហ្វេសប៊ុកកាលពីពាក់កណ្តាលឆ្នាំ២០១៩ថា ការស្លាប់របស់លោក ហុក ឡុងឌី អតីតអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពីក្រោយខ្នង ហើយលោក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាកូនរបស់លោក ហុក ឡុងឌី បានរៀបចំគម្រោងសងសឹកនឹងសម្តេច ហ៊ុន សែន ដោយមានការចូលរួមជួយពីសម្តេច ស ខេង។  
 
មិនមែនតែសម្តេច ស ខេង ទេ សម្តេច ហ៊ុន សែន និង លោក ដី វិជ្ជា ក៏បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ដែរ ចំពោះសំណេរចោទប្រកាន់របស់លោក។ សម្តេច ស ខេង ប្តឹងលោក សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសម្តេច ហ៊ុន សែន និង លោក ឌី វិជ្ជា ដាក់បណ្តឹងទៅតុលាការបារាំង ដើម្បីប្តឹងលោក សម រង្ស៊ី ខណៈលោក សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសបារាំង និងជាអ្នកនយោបាយខ្មែរ ដែលមានសញ្ញាតិបារាំង។
 
សម្តេច ហ៊ុន សែន ប្រកាសកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ថា តុលាការបារាំង នឹងបើកសវនាការ នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីជំនុំជម្រះលើបណ្តឹងរបស់សម្តេច និង លោក ឌី វិជ្ជា ដែលប្តឹងលោក សម រង្ស៊ី។
 
សំណុំរឿងទី២ លោក សម រង្ស៊ី ក៏ជាប់ចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខដែរ ដោយមានព្រះរាជអាជ្ញា ជាអ្នកចោទ (ដើមបណ្តឹង)។ លោក ត្រូវចោទពីបទល្មើសនេះ គឺដោយសារតែលោក អំពាវនាវ កាលពីចុងខែឧសភា ឆ្នាំ២០២០ ឲ្យប្រជាពលរដ្ឋផ្អាកសងបំណុលទៅធនាគារ ដ្បិតលោក យល់ថា ប្រជាពលរដ្ឋជួបការលំបាកនិងបញ្ហាជីវភាព ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ កាលនោះ លោក ថែមទាំងអះអាងថា ធនាគារធំៗមួយចំនួននៅកម្ពុជា អាចដួលរលំ។ ប៉ុន្តែ មកដល់ពេលនេះ គេ មិនទាន់ឃើញមានធនាគារណាមួយនៅកម្ពុជា ដួលរលំដូចការអះអាងរបស់លោកឡើយ។ 
   
ក្នុងសំណុំរឿងទី២នេះ មានមនុស្ស៤នាក់ទៀត ដែលត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោសជាមួយលោក សម រង្ស៊ី។ អ្នកទាំង៤នោះគឺ ព្រះអង្គ ប៊ុត ប៊ុនតិញ លោក ជុំ ប៊ុនថន លោក អ៊ុក ឈុំ និង លោក លាស់ ឆេងឡាយ។ 
 
លោក សំ សុគង់ លើកឡើងថា ក្នុងសំណុំរឿងទី២នេះ តុលាការ ក៏កាត់ទោសឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារ២ឆ្នាំដែរ តែត្រូវបង់ថវិកា៤លានរៀលប៉ុណ្ណោះចូលទៅរដ្ឋ។ លោក បន្ថែមថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង លោក ជុំ ប៊ុនថន ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ១ឆ្នាំ៨ខែក្នុងម្នាក់ៗ និងបង់ថវិកា៤លានរៀលក្នុងម្នាក់ៗ ចូលទៅរដ្ឋ។ បើតាមលោកមេធាវី ព្រះអង្គ ប៊ុត ប៊ុនតិញ និង លោក ជុំ ប៊ុនថន កំពុងស្ថិតនៅឯក្រៅប្រទេស។ 
 
លោកមេធាវី បន្តថា លោក អ៊ុក ឆុំ និង លាស់ ឆេងឡាយ ត្រូវតុលាការកំណត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែក្នុងម្នាក់ៗ និង ត្រូវបង់ថវិកា២លានរៀលក្នុងម្នាក់ៗចូលទៅរដ្ឋ។ លោក ប្រាប់ថា អ្នកទាំង២ កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ 
 
ចំពោះលោក សម រង្ស៊ី លោក មានក្តីក្តាំនៅតុលាការសរុបមិនតិចជាង១០នោះទេ ហើយបើគិតជាទោស ដែលតុលាការ ប្រកាសកន្លងមក លោក ត្រូវជាប់ពន្ធនាគារស្ទើរតែជិត២០ឆ្នាំហើយ និងត្រូវបង់ថវិកាមិនក្រោម១លានដុល្លារនោះទេ ទៅឲ្យរដ្ឋនិងបុគ្គល ដែលប្តឹងលោក។ លោក នៅមានបទចោទមួយចំនួនទៀត ដែលតុលាការ មិនទាន់ជំនុំជម្រះ៕ 
 
 
 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com