ជាតិ
ឆ្នាំ២០២០ «ខ្នងផ្សា» ទទួលទេសចរជាង៣០០០នាក់
01, Jan 2021 , 2:22 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
ដោយ:
ក្នុងឆ្នាំ២០២០នេះ ភ្នំ «ខ្នងផ្សា» មានអ្នកទេសចរទៅលេងប្រមាណជាង ៣ពាន់នាក់ ភាគច្រើន ជាទេសចរជាតិ ខណៈទេសចរបរទេស មានចំនួនប្រមាណ ៣០នាក់ប៉ុណ្ណោះ ហើយនៅអំឡុង ខែកក្កដា និង ខែសីហា ឆ្នាំនេះ មិនសូវមាន អ្នកទៅលេងនោះទេ ព្រោះជារដូវភ្លៀង។ នេះបើតាមលោក ជា យុទ្ធា  អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០។

 
បើតាមលោក ជា យុទ្ធា ទើបក្នុងឆ្នាំ២០២០នេះ សន្ទុះនៃអ្នកទេសចរ បានទៅលេងភ្នំ «ខ្នងផ្សា» មានចំនួនច្រើន បើប្រៀបធៀប ឆ្នាំ២០១៩ មានតែប្រមាណ ២០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកទេសចរ ដែលទៅកម្សាន្ត នៅទីនោះមិនមានចំនួនថេរ នោះទេ ដោយសម្បូរទេសចរ តាមរដូវ។ អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ រូបនេះ បានបញ្ជាក់ថា៖«អំឡុងឆ្នាំនេះ មានអ្នកស្គាល់ភ្នំ«ខ្នងផ្សា»ច្រើន និងមានអ្នកទៅលេងច្រើន ជាផ្នែកមួយ ជួយកែប្រែជីវភាព ពលរដ្ឋរស់នៅតំបន់នោះមួយកម្រិត តាមរយៈ ការនាំទេសចរឡើងភ្នំ ការស្ពាយអីវ៉ាន់ ឡើងភ្នំ និងការចម្អិនម្ហូបអាហារ ជាដើម»។
 
លោក យុទ្ធា បានពន្យល់យ៉ាងដូច្នេះ៖«ពលរដ្ឋនៅតំបន់ (ខ្នងផ្សា) នេះ បានផ្លាស់ប្ដូរ ជីវភាពមួយកម្រិត ដែលធ្លាប់តែ ពឹងផ្អែកលើ ព្រៃឈើ ងាកមកប្រកបរបរ ជូនភ្ញៀវទេសចរវិញ»។ លោកថា សម្រាប់ ការជូនភ្ញៀវទេសចរ ឡើងភ្នំ មួយថ្ងៃ ពលរដ្ឋទទួលបានថវិកា ៨ម៉ឺនរៀល និងការដឹកភ្ញៀវឡើងភ្នំ តាមរយៈគោយន្ត ពលរដ្ឋពល អាចទទួលថវិកា ១២ម៉ឺនរៀល។
 
ក្នុងរយៈពេលមួយឆ្នាំ «ខ្នងផ្សា» បានទទួលថវិកា ប្រមាណ ២ពាន់ដុល្លារ ពីការចូលរួមថវិកាបដិភាគ ពីអ្នកទេសចរ។ ថវិកា ទាំងនោះ យកទៅអភិវឌ្ឍ តំបន់ខ្នងផ្សា ដូចជាការធ្វើផ្លូវ និងលើកទឹកចិត្ត ឲ្យពលរដ្ឋនៅតំបន់នោះ ដោយប្រមូលទិញសំរាម ក្នុងតម្លៃ ៧ ០០០រៀល (ប្លាស្ទិក)ក្នុងមួយគីឡូក្រាម កំប៉ុង ៤ ០០០រៀល ក្នុងមួយគីឡូក្រាម និងដប ៣ ០០០រៀល ក្នុងមួយគីឡូ។ នេះជាការបញ្ជាក់របស់លោក ជា យុទ្ធា។
 
លោក យុទ្ធា បន្ថែមទៀតថា ដើម្បីចូលរួម អភិវឌ្ឍតំបន់នោះ ឲ្យកាន់តែមានភាពទាក់ទាញ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានជួសជុលផ្លូវ ទៅកាន់ភ្នំ«ខ្នងផ្សា» ចាប់ពី រង្វង់មូលកន្ទួត ដល់ តាំងបំពង់ ផងដែរ៕
 
 

Tag:
 ទេសចរណ៍
  ជា យុទ្ធា
  ទេសចរ
 ទេសចរណ៍
  ខ្នងផ្សា
 កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com