ជាតិ
សេដ្ឋកិច្ច
ក្រសួងការងារ គ្រោងចំណាយជិត៥០០លានដុល្លារ សម្រាប់អភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស
01, Jan 2021 , 9:59 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបថត៖ ក្រសួងក្រសួងការងារ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបថត៖ ក្រសួងក្រសួងការងារ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងចំណាយទឹកប្រាក់សរុប៤៩៣លានដុល្លារ សម្រាប់ផែនការមេអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលបានបង្ហោះសារនៅលើហ្វេសប៊ុកកាលពីថ្ងៃទី៣០ធ្នូ ផែនការមេអភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនេះ គឺមានរយៈពេល៥ឆ្នាំ ពោលពីឆ្នាំ២០២១-២០២៥ ដោយផ្ដោតសំខាន់លើយុទ្ធសាស្ត្រចំនួន៤។

 
លោក អ៊ិត សំហេង បានបញ្ជាក់ថា ផែនការមេរយៈពេល៥ឆ្នាំនៃការអភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ដែលផ្តោតលើយុទ្ធសាស្ត្រចំនួន៤នោះ មាន៖ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់គ្រឹះស្ថាន។ ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល។ ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រង មន្រ្តីរាជការ និង គ្រូបច្ចេកទេស  រួមទាំងការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និង វិជ្ជាជីវៈ។ 
 
ថវិកាជិត៥០០លានដុល្លារខាងលើ ដែលត្រៀមសម្រាប់អភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនោះ រដ្ឋមន្រ្តីក្រសួងការងាររូបនេះ បានបែងចែកយ៉ាងលម្អិតក្នុងការចំណាយទៅតាមផ្នែកនីមួយៗ។ ក្នុងនោះមានជាង១០២ លានដុល្លារ ចំណាយលើការសាងសង់អគារសិក្សាចំនួន៦២អគារ ដែលមានបន្ទប់សិក្សាជាង ១,១០០បន្ទប់ និងថវិកាជាង៥៤លានដុល្លារ សម្រាប់ចំណាយលើការសាងសង់អគារអន្តេវាសិកដ្ឋាន ចំនួន ២៨ អគារ។ 
 
សម្រាប់ផែនការមេអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ក៏មានការសាងសង់រោងជាង ចំនួន២៤៨កន្លែង ក្នុងទំហំថវិកាជិត៥០លានដុល្លារ ជាមួយនឹងការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ដែលមានតម្លៃ១៨៦លានដុល្លារ ផងដែរ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការងារ។ 
 
លោក អ៊ិត សំហេង បានបន្ថែមថា ក្រៅពីនេះ ក៏មានការចំណាយលើការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រងមន្ត្រីរាជការ និង គ្រូបច្ចេកទេស ចំនួន២,២៥លានដុល្លារ និង៩៣,១លានដុល្លារទៀត គឺចំណាយក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតជិត៤០ម៉ឺននាក់។ 
 
ការរៀបចំផែនកាមេអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងបញ្ហាខ្វះខាតដែលក្រសួងការងារកំពុងជួបប្រទះ។ នៅក្នុងអារម្ភកថានៃឯកសារផែនការមេក្នុងរយៈពេល៥ឆ្នាំ លោក អ៊ិត សំហេង មានប្រសាសន៍ដូច្នេះ៖ «ផែនការមេនេះ នឹងប្រែក្លាយមុខមាត់នៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈសាធារណៈ ក្រោមឱវាទក្រសួងឱ្យកាន់តែមានភាពទាក់ទាញក្នុងចំណោមយុវជន ក៏ដូចជាសាធារណជនក្នុងការចាប់យកជំនាញ ដើម្បីទទួលបានការងារសមរម្យ និងផលិតភាពខ្ពស់ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។
 
បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ថវិកាទំហំជិត៥០០លានដុល្លារសម្រាប់ផែនការមេអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺបានពីថវិការដ្ឋ និងដៃគូអភិវឌ្ឍនានា។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់ថា ក្នុងចំណោមថវិកាជិត៥០០លានដុល្លារ មានប៉ុន្មាន ជាថវិការបស់រដ្ឋ សម្រាប់ផែនការមេក្នុងរយៈពេល៥ឆ្នាំនេះឡើយ។ 
 
បច្ចុប្បន្ន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួន ១០៨កន្លែង។ ក្នុងនោះមាន ៣៨កន្លែង ជាគ្រឹះស្ថានសាធារណៈ, ៤៥កន្លែង  ជាគ្រឹះស្ថានឯកជន និង ២៥កន្លែងទៀត ជាអង្គការ ឬសមាគម។ នេះបើយោងតាមឯកសារផែនកាមេអភិវឌ្ឍរបស់ក្រសួងការងារខាងលើ ដែលមានកម្រាសជាង៣០ទំព័រ ដោយបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ(២០១៥-២០១៩) គ្រឹះស្ថានទាំងនេះ បានបណ្ដុះបណ្ដាលសិក្ខាកាម និងនិស្សិត ចំនួន២៣៨ ៣០៩ នាក់។
 
បើតាមឯកសារផែនការមេដដែលក្នុង ១ ឆ្នាំៗ កម្ពុជា មានតម្រូវការកម្លាំងពលកម្ម ចំនួន៣១ម៉ឺននាក់។ ក្នុងនោះ វិស័យសំណង់មានតម្រូវការ ៨ម៉ឺននាក់, វិស័យកាត់ដេរ  ៦ម៉ឺននាក់,  វិស័យកម្មន្តសាល ៦ម៉ឺននាក់, វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ៤ម៉ឺននាក់, ពាណិជ្ជកម្ម ៤ម៉ឺននាក់ និងវិស័យដឹកជញ្ជូន និងទំនាក់ទំនងចំនួន ៣ម៉ឺននាក់៕ 
 

Tag:
 សេដ្ឋកិច្ច
  បច្ចេកទេស
© រក្សាសិទ្ធិដោយ thmeythmey.com